ដោយៈ​ ប.ខុន/ភ្នំពេញៈ នៅរាជធានីភ្នំពេញនាព្រលប់ថ្ងៃទី១៥ខែវិច្ឆិកានេះ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យមនិង នៅថ្ងៃទី១៦ខែវិច្ឆិកានៅភ្នំពេញក៏នៅមានភ្លៀងដែរ តែមិនមានបរិមាណច្រើនដូចជានៅព្រំប្រទល់រវាងខេត្តកំពតនិងខេត្តកំពង់ស្ពឺនោះទេ ហើយចាប់ពីក្រោយថ្ងៃទី១៧ខែវិច្ឆិកាធាតុអាកាសត្រជាក់មិនខ្លាំងលើកទី១បានមកដល់ក្នុង រយៈ បីទៅបួនថ្ងៃសីតុណ្ហភាពកើនឡើងបន្តិចមកវិញ។

លោក ចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២៣ថា ស្ថានភាពភ្លៀងនៅថ្ងៃនេះ(១៥វិច្ឆិកា)មានធ្លាក់រាយប៉ាយច្រើនគួរសមនៅរាជធានីភ្នំពេញក៏មានភ្លៀងចាប់ពីព្រលប់នេះក្នុងកម្រិតតិចទៅមធ្យម(ភ្នំពេញ) និង នៅថ្ងៃស្អែកទី១៦ខែវិច្ឆិកាកាន់តែ ចុះខ្សោយទៅហើយ។

អ្នកនាំពាក្យក្រសួងជំនាញខាងលើបានឱ្យដឹងទៀតថា នៅថ្ងៃទី១៦ខែវិច្ឆិកានៅភ្នំពេញក៏មានភ្លៀងដែរ តែក្នុងកម្រិតខ្សោយក្នុងពេលដែលផ្នែកខាងត្បូងរាជធានី រហូតដល់ព្រំប្រទល់ខេត្តកំពតនិងកំពង់ស្ពឺ រហូតដល់ស្រុកភ្នំស្រួចមានភ្លៀងធ្លាក់ខ្លាំងហើយបន្ទាប់ពីនេះទៅគឺអស់ភ្លៀងហើយ ទ្រនង់សម្ពាធខ្ពស់ជាមួយនឹងខ្យល់មូសុងឦសាន រុញចុះមកខ្លាំងជាមួយអាកាសធាតុត្រជាក់ល្មម។

លោកចាន់ យុត្ថា បញ្ជាក់ថាការចុះត្រជាក់លើកទី១សម្រាប់រដូវរំហើយឆ្នាំ២០២៣ឆ្នាំ២០២៤ ដែលមកដល់បន្ទាប់ពីថ្ងៃទី១៧ខែវិច្ឆិកា មិនទាន់ត្រជាក់ខ្លាំងទេនិង មានរយៈពេលតែបីទៅបួនថ្ងៃ អាចដល់ត្រឹមអំឡុងថ្ងៃទី២១វិច្ឆិកាសីតុណ្ហភាពនឹងកើនឡើងវិញ៕/r