ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅថ្ងៃទី ១៥ វិច្ឆិកា ២០២៣ ម្សិលមិញនេះ កីឡាករ ម៉ូតូទឹកឆ្នើមកម្ពុជា សាលីអ៊ូមើត ត្រូវបានសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ ផ្ដល់សេចក្ដីទុកចិត្ត តែងតាំងជាអគ្គលេខាធិការ សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា ឡើងវិញ។

ការតែងតាំងនេះ បន្ទាប់ពីកីឡាកររូបនេះ បញ្ចប់ភារកិច្ចដ៏ជោគជ័យ ក្នុងការប្រកួតកីឡា ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា កាលពីថ្មីៗ គ្រាដែលលោក បូ វិរៈ អគ្គលេខាធិការចាស់ ត្រូវបានតែងតាំង ជាអនុប្រធានសហព័ន្ធ។

លោក ណុះ ស្លេះ ដែលជាប្រធានសហព័ន្ធ បានគូសបញ្ជាក់ថា បន្ទាប់ពីសហព័ន្ធ បានបង្កើតឡើងនៅឆ្នាំ២០១៧ កីឡាករ សាលី អ៊ូមើត ធ្លាប់ទទួលសេចក្ដីទុកចិត្ត ពីសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ ឱ្យធ្វើជាអគ្គលេខាធិការ ម្ដងរួចមកហើយ តែដោយសារលក្ខខណ្ឌប្រកួតស៊ីហ្គេម មិនអនុញ្ញាតឲ្យកីឡាករ មានតួនាទី២ ជាកីឡាករ ផង ជាមន្ដ្រីសហព័ន្ធផង ទើបសហព័ន្ធ តម្រូវឲ្យ អ៊ូមើត លាលែងពីតំណែង ដើម្បីប្រើ ប្រាស់សមត្ថភាព និងទេពកោសល្យរបស់ខ្លួន ចូលរួមប្រកួត និងដណ្ដើមមេដាយមាស ជូនជាតិ ។

ទន្ទឹមជាមួយការទទួលបានការតែងតាំង ជាអគ្គលេខាធិការសហព័ន្ធ សាលី អ៊ូមើត ក៏ទទួលបានការប្រគល់ភារកិច្ច ពីប្រធានសហព័ន្ធ ក្នុងការដឹកនាំ និងរៀបចំការប្រកួត កីឡាម៉ូតូទឹក ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ នៅខេត្តកែប ក្នុងឱកាសពិធី បុណ្យសមុទ្រ លើកទី១០ ចាប់ពីថ្ងៃទី ០១ ដល់ ០៣ ខែធ្នូ ខាងមុខ។ ក្នុងនោះ អ៊ូមើត ក៏ត្រៀមរៀបចំការប្រកួតពិសេសមួយ ដើម្បីអបអរសាទរ និងផ្ដល់ភាពសប្បាយរីករាយ ជូនភ្ញៀវជាតិ អន្ដរជាតិ ក្នុងពិធីបុណ្យសមុទ្រឆ្នាំនេះទៀតផង៕/V/r