ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃពុធបានអនុម័តសេចក្តីសម្រេចចិត្តលើកដំបូងរបស់ខ្លួនចាប់តាំងពីការផ្ទុះឡើងនៃសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស ដោយអំពាវនាវឱ្យ “ផ្អាកប្រយុទ្ធដើម្បីមនុស្សធម៌ជាបន្ទាន់និងពង្រីកឱ្យធំ” នៅក្នុងតំបន់ហ្កាហ្សា ដើម្បីដោះស្រាយវិបត្តិធ្ងន់ធ្ងរឡើងសម្រាប់ជនស៊ីវិលប៉ាឡេស្ទីនក្នុងអំឡុងការវាយប្រហារតាមជើងអាកាសនិងជើងគោករបស់អ៊ីស្រាអែល។
ការបោះឆ្នោតក្នុងក្រុមប្រឹក្សា ដែលមានសមាជិក១៥ គឺទទួលការគាំទ្រ១២ទល់០ ដោយសហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស និងរុស្ស៊ីបានអនុប្បវាទ។
សហរដ្ឋអាម៉េរិកនិងចក្រភពអង់គ្លេសបានអនុប្បវាទដោយសារតែសេចក្តីសម្រេចចិត្តនេះមិនបានបញ្ចូលឃ្លាថ្កោលទោសការលុកលុយថ្ងៃទី ៧ ខែតុលាដោយក្រុមហាម៉ាស ហើយរុស្ស៊ីអនុប្បវាទគឺដោយសារតែការខកខានរបស់សេចក្តីសម្រេចចិត្តនេះក្នុងការទាមទារឱ្យមានបទឈប់បាញ់ដើម្បីមនុស្សធម៌ ដែលអ៊ីស្រាអែលនិងសហរដ្ឋអាម៉េរិកជំទាស់។
សេចក្តីព្រាងចុងក្រោយបានលុបចោលភាសា “ការទាមទារ” ទៅជា “ការអំពាវនាវ” សម្រាប់ការផ្អាកប្រយុទ្ធដើម្បីមនុស្សធម៌ និងសម្រាប់ “ការដោះលែងជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌនៃចំណាប់ខ្មាំងទាំងអស់ដែលចាប់ដោយក្រុមហាម៉ាសនិងក្រុមផ្សេងទៀត” ។
ទោះយ៉ាងណាក៏ដោយ សេចក្តីសម្រេចចិត្ត ដែលសរសេរដោយប្រទេសម៉ាល់តា បានយកឈ្នះលើការខ្វែងគំនិតគ្នាយ៉ាងធ្ងន់ធ្ងរ ដែលបានរារាំងក្រុមប្រឹក្សានេះមិនឱ្យអនុម័តសេចក្តីសម្រេចចិត្តពីមុនៗចំនួនបួន។
គួរបញ្ជាក់ថា ក្នុងការវាយប្រហាររបស់ពួកគេកាលពីថ្ងៃទី ៧ ខែតុលានៅអ៊ីស្រាអែល ក្រុមសកម្មប្រយុទ្ធហាម៉ាសបានសម្លាប់មនុស្សប្រហែល ១.២០០ នាក់ និងចាប់ចំណាប់ខ្មាំងប្រហែល ២៤០ នាក់ផ្សេងទៀត។ អ៊ីស្រាអែលបានឆ្លើយតបជាមួយនឹងការវាយប្រហារតាមអាកាស និងការវាយតាមជើងគោកនៅតំបន់ហ្កាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស ដែលក្រសួងសុខាភិបាលរបស់ហ្កាហ្សានិយាយថាបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ១១.០០០ នាក់ ដោយពីរភាគបីនៃពួកគេជាស្ត្រីនិងកុមារ៕
ជនប៉ាឡេស្ទីនដែលភៀសខ្លួនពីការប្រយុទ្ធកំពុងត្រៀមនំសម្រាប់ទទួលទាននៅជំរំរបស់ UNDP នៅសង្កាត់ខាន់យូនីស កាលពីថ្ងៃពុធ ទី១៥ វិច្ឆិកា ឆ្នាំ២០២៣