អភិបាល​រាជធានី​​ដាក់​បញ្ជា​ដល់​ប្រធាន​ផ្សារ​ទួល​ទំពូង​ថ្មី​ត្រូវ​រៀបចំ សណ្តាប់ធ្នាប់​ឱ្យ​កាន់តែ​ប្រសើរឡើង​

1208
ចែករម្លែក

​ដោយ​ៈ​រ៉ា​ម៉ន/​ភ្នំពេញ​ៈ លោក​អភិបាល​រាជធានី​ភ្នំពេញ បានបញ្ជា​ផង​ណែនាំ​ផង​ឱ្យ​ប្រធាន​ផ្សារ​ទួល​ទំពូង​និង​អភិបាលខណ្ឌ​ចំការមន ឲ្យ​រៀបចំ សណ្តាប់ធ្នាប់ ទាំង​ក្នុង​និង​ក្រៅ​ផ្សារ​ទួល​ទំពូង​ឱ្យបាន​កាន់តែ​ប្រសើរឡើង​ថែមទៀត ខណៈដែល​ផ្សារ​មួយ​នេះ​ឃើញថា មាន​សណ្តាប់ធ្នាប់​គ្រាន់បើ​មួយកម្រិតហើយ។​

លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានការ​ណែនាំ​បែបនេះ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​១០ ខែសីហា ២០១៨ ក្នុងពេលលោក​ដឹកនាំ​មន្ត្រីក្រោមឱវាទ​និង​អភិបាលខណ្ឌ​ចំការមន​ចុះ សួរ​សុខ​ទុក​អាជីវករ​និង​ពិនិត្យ​មើល​សណ្តាប់ធ្នាប់​និង​របៀប​នៅក្នុង​ផ្សារ​ខាងលើ។​
​ក្នុងឱកាស​ចុះ​មើល​ស្ថានភាព​ជាក់ស្តែង​នៅក្នុង​និង​ក្រៅ​ផ្សារ​ទួល​ទំពូង​នេះ លោក ឃួ​ង ស្រេង​បាន​បញ្ជា​ឱ្យ​លោក ចំរើន សុខ​លីម ប្រធាន​ផ្សារ​ទួល​ទំពូង​ថ្មី​ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់​ខាងក្នុង​ផ្សារ​ឱ្យបាន​ល្អ ពោលគឺ​ត្រូវ​បើកផ្លូវ​ឱ្យបាន​ធំ​ទូលាយ​។​លោក​ចង់ឱ្យ​ផ្សារ​ទួល​ទំពូង​ពេលនេះ​មាន​សណ្ដាប់ធ្នាប់​កាន់តែ​ល្អ​ជាង​មុន​បានជា​លោក​ដក​ប្រធាន​ផ្សារ​ចាស់​មុន​ចេញ​ទើប​ដាក់​លោក​ឯង​មក​ធ្វើ​ប្រធាន​ផ្សារ​ថ្មី​ពេលនេះ​។​

​ដោយឡែក​នៅ​ខាងក្រៅ​បរិវេន​ផ្សារ​វិញ លោក ឃួ​ង ស្រេង​ក៏បាន​ជំរុញ​លោក ព្រំ សំខាន់ អភិបាលខណ្ឌ​ចំការមន​រៀបចំ​សណ្តាប់ធ្នាប់​នៅតាម​មុខផ្ទះ​ជុំវិញ​ផ្សារ ពិសេស​គឺ​ការជំរុញឱ្យ​កាត់​ទំលាក់​ខ្សែភ្លើង ខ្សែ​កា​ប​ដែលមាន​ភាព​រញ៉េរញ៉ៃ នៅតាម​បង្គោល​ភ្លើង​ចេញ ដើម្បីអោយ​នៅ​បរិវេន​ជុំវិញ​ផ្សារ​មាន​សោ​ភណ្ឌ​ភាព​និង​សណ្តាប់ធ្នាប់​កាន់តែ​ប្រសើរ​។​
​លោក ចំរើន សុខ​លីម ប្រធាន​ផ្សារ​ទួល​ទំពូង​បានឱ្យដឹង​ថា​ ផ្សារ​ទួល​ទំពូង​មាន​តូប​លក់ដូរ​ចំនួន​១៣៧៤​តូប ហើយ​តូប​លក់ដូរ​ភាគច្រើន គឺ​លក់​វត្ថុ​អនុស្សាវរីយ​ដែលមាន​រចនាបទ​ខ្មែរ​បុរាណ លក់​គ្រឿងបន្លាស់​ម៉ូតូ រួម​និង​តូប​លក់​ខោអាវ​មួយចំនួន​ផងដែរ​។ ចំពោះ​បញ្ហា​សណ្តាប់ធ្នាប់​ប​របៀបរៀបរយ​នៅក្នុង​និង​ក្រៅ​ផ្សារ គណៈកម្មការ​ផ្សារ​បានរៀបចំ​បានល្អ​មួយកម្រិត​ហើយ ក្នុងនោះ ក្នុង​មួយ​សប្តាហ៍​បាន​បាញ់​ទឹក​លាង​ផ្សារ​ចំនួន​២​ដង​ជាប្រចាំ​ផងដែរ​៕សរន

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ