ដោយៈ មុនីរ័ត្ន ,សុខសុភ័ណ្ឌ / ភ្នំពេញៈ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចចោទប្រកាន់ ទៅលើជនសង្ស័យ ចំនួន ៥នាក់ និងបក្ខពួក ពាក់ព័ន្ធករណី បាញ់បោះសេរី នៅចំការតែ លើភ្នំគីរីរម្យ នៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ពីបទ ប្រើប្រាស់អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ដោយគ្មានការអនុញ្ញាត តាមបញ្ញត្តិមាត្រា ២០ នៃច្បាប់ស្ដីពី ការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ រួចរាល់ហើយ បញ្ចូនទៅចៅក្រមស៊ើបសួរបន្តកិច្ចនីតិវិធីច្បាប់។

ការចោទប្រកាន់នេះ បានធ្វើឡើង នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ នេះបើយោងតាម សេចក្តីថ្លែងការណីរបស់អយ្យការ អមសាលាដំបូងខេត្តកំពង់ស្ពឺ។

ជនសង្ស័យដែលចោទប្រកាន់ រួមមាន៖ ១-ឈ្មោះ ស៊ឹម សុវណ្ណារិទ្ធ ភេទប្រុស អាយុ៣៧ឆ្នាំ, ២-ឈ្មោះ ប៊ិន ភារម្យ ភេទប្រុស អាយុ៤០ឆ្នាំ, ៣-ឈ្មោះ ប៊ិន ភាលុច ភេទប្រុស អាយុ៣៤ឆ្នាំ, ៤-ឈ្មោះ ឈិត លីហៀង ភេទប្រុស អាយុ៣២ឆ្នាំ, ៥-ឈ្មោះ កង តារាវិឆៃ ភេទប្រុស អាយុ៣២ឆ្នាំ ។

អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ នឹងបន្តឃ្លាំមើល តាមដានដោយយកចិត្តទុកដាក់ ទៅលើបក្ខពួកទាំងឡាយ ដែលកំពុងគេចខ្លួន មិនឱ្យរួចផុតពីសំណាញ់ច្បាប់ឡើយ។

សូមជម្រាបថា កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៦និង៣០ នាទី រសៀល នៅចំណុចចំការតែ ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានករណី ផ្ទុះអាវុធជាច្រើនគ្រាប់ បង្កដោយជនល្មើស មួយក្រុម មានគ្នាប្រមាណ ២០ នាក់ ជួបជុំផឹកស៊ី ច្រៀងរាំ ស្រាប់តែបានផ្ទុះអាវុធ នៅកន្លែងកម្មវិធី ដោយបាញ់ឡើងទៅលើ ការផ្ទុះអាវុធបន្តរហូតដល់ម៉ោង ០៦ និង ០០នាទីព្រឹក ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៣ ទើបអ្នកទាំងអស់នោះ បញ្ឈប់ការបាញ់បោះសប្បាយ និងគេចចេញពីកន្លែងកើតហេតុ ខាងលើ ។

ក្រោយពីបានទទួលនូវព័ត៌មាន ខាងលើ តំណាងអយ្យការ អមសាលាដំបូងខេត្តកំពង់ស្ពឺ ដឹកនាំដោយលោក ព្រះរាជអាជ្ញា ស៊ិន វិរៈ បានចុះផ្ទាល់ដល់កន្លែងកើតហេតុ ជាមួយ កម្លាំងស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ កម្លាំងកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ និងមន្ត្រីពាក់ព័ន្ធមូលដ្ឋាន ចុះស្រាវជ្រាវ ពិនិត្យរកឃើញថា ទីតាំងខាងលើជារបស់ឈ្មោះ កង តារាវិតា ភេទស្រី អាយុ២៨ឆ្នាំ ហើយនៅថ្ងៃកើតហេតុ ខាងលើ មានឈ្មោះ កង តារាវិឆៃ ដែលត្រូវជាបងប្រុសរបស់ កង តារាវិតា បាននាំមិត្តភក្ររបស់ខ្លួន មកធ្វើខួប កំណើត ដុតផាវ បាញ់កាំជ្រួច និងផ្ទុះអាវុធ ជាច្រើនគ្រាប់។ កន្លែងកើតហេតុ បានបន្សល់ នូវវត្ថុតាង ជាសំបកគ្រាប់ បាញ់រួច មានចំនួន ២០៣ គ្រាប់ (សំបកគ្រាប់កាំភ្លើងខ្លីចំនួន ១១២ សំបក, សំបកគ្រាប់កាំភ្លើង ប្រភេទ M16 ចំនួន ៣៦ សំបក និងសំបកគ្រាប់ កាំភ្លើង ប្រភេទ AK47 ចំនួន ៥៥ សំបក) និងស្រោមកាំភ្លើងខ្លីមួយ ព្រមទាំង បានធ្វើកំណត់ហេតុ បិទទីតាំងខាងលើ ជាបណ្តោះអាសន្ន។
អំឡុងពេលនៃការស្រាវជ្រាវស៊ើបអង្កេត ខាងលើ ជនសង្ស័យ ចំនួន ៤រូប រួមមាន៖ ១-ឈ្មោះ ស៊ឹម សុវណ្ណារិទ្ធ ភេទប្រុស អាយុ៣៧ឆ្នាំ, ២-ឈ្មោះ ប៊ិន ភារម្យ ភេទប្រុស អាយុ៤០ឆ្នាំ, ៣-ឈ្មោះ ប៊ិន ភាលុច ភេទប្រុស អាយុ៣៤ឆ្នាំ និង ៤-ឈ្មោះ ឈិត លីហៀង ភេទប្រុស អាយុ៣២ឆ្នាំ បានចូលមកសារភាព នៅស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ ។ ចំណែកឈ្មោះ កង តារាវិឆៃ ភេទប្រុស អាយុ៣២ឆ្នាំ និងបក្ខពួក កំពុងគេចខ្លួន ។

នគរបាលយុត្តិធម៌ ទាំងស្នងការដ្ឋាន និងកងរាជអាវុធហត្ថ រួមជាមួយអយ្យការអមសាលា ដំបូងខេត្តកំពង់ស្ពឺ ខិតខំប្រឹងប្រែង ស្រាវជ្រាវ ដោយយកចិត្តទុកដាក់ កសាងជាសំណុំរឿង បញ្ជូនជនពាក់ព័ន្ធខាងលើ មកអយ្យការអមសាលាដំបូង ខេត្តកំពង់ស្ពឺ ដើម្បីចាត់ការ តាមនីតិវិធីច្បាប់៕/V/សរន