ដោយៈ មុនីរ័ត្ន / ភ្នំពេញ​៖ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា លោក Stefan Messerer បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាព នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ជាពិសេសការផ្ទេរសេវាសាធារណៈ មួយចំនួន ពីថ្នាក់ជាតិ ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈយន្តការច្រកចេញចូលតែ មួយ។ ការវាយតម្លៃនេះ​ បានត្រូវធ្វើឡើលង ក្នុងឱកាសជួបសម្ដែងការគួរសម ជាមួយ ឯកឧត្តម អភិសន្តិបណ្ឌិត នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ។

លោកទូត បានបង្ហាញសុទិដ្ឋិនិយម ចំពោះការដឹកនាំរបស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថានឹងធ្វើឱ្យក្រសួងមហាផ្ទៃ សម្រេចបាន សមិទ្ធផលធំធេង បន្ថែមទៀត។

ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ក៏បានចូលរួមអបអរសាទរកម្ពុជា ចំពោះការរៀបចំប្រព័ន្ធរដ្ឋាភិ បាល ឌីជីថល (Digital Government) ដើម្បីជំរុញការផ្តល់សេវា​សាធារណៈ​ ជូនពលរដ្ឋ​កាន់តែ​ប្រសើរ​ ជាពិសេសកាត់បន្ថយការចំណាយ​និងចំណេញពេលវេលា។

ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានលោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា និងសហការី ព្រមទាំង សម្ដែងការអបអរសាទរ ក្នុងឱកាសខួបអនុស្សាវរីយ៍ទី៣០ នៃការចាប់ផ្តើមឡើងវិញ នៃទំនាក់ ទំនងការទូត រវាងកម្ពុជា និងអាល្លឺម៉ង់។  ឯកឧត្ដម អភិសន្តិបណ្ឌិត បានថ្លែងអំណរគុណ សហព័ន្ធអាល្លឺម៉ង់ ចំពោះការប្ដេជ្ញាចិត្ត និងការបង្ហាញឆន្ទៈបន្តរួមចំណែក គាំទ្រកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅកម្ពុជា ដែលបាននិងកំពុងទទួល លទ្ធផលប្រកបដោយផ្លែផ្កា។ ​

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា បច្ចុប្បន្ន កម្ពុជា កំពុងអនុវត្តកម្មវិធី ជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដំណាក់កាលទីពីរ សម្រាប់ឆ្នាំ២០២១-២០៣០ ដែលនឹងមានការបន្តបែងចែកអំណាច និងធនធានពី ថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិបន្ថែមទៀត ដើម្បីឱ្យការផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ នៅថ្នាក់មូលដ្ឋាន កាន់តែមានភាពប្រសើរឡើង។

ឯកឧត្ដម អភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរ គុណ សហព័ន្ធអាល្លឺម៉ង់ ដែលបានសហការ និងសម្របសម្រួល ព្រមទាំងផ្ដល់ការស្វាគមន៍ យ៉ាងកក់ក្ដៅ ចំពោះដំណើរទស្សនកិច្ច របស់ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា នៅសហព័ន្ធអាល្លឺម៉ង់ កន្លងទៅនេះ។

ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា បានថ្លែងអំណរគុណ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ដែលអនុញ្ញាតជូនលោក បានដឹកនាំសហការី ចូលជួបសម្ដែងការគួរសម ហើយ នៅក្នុងឱកាសនោះដែរ លោកក៏បានជម្រាបជូន ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា អំពីការប្ដេជ្ញាចិត្តជំរុញ គាំទ្រ និងលើកទឹកចិត្ត​វិនិយោគិន​អាល្លឺម៉ង់ ឱ្យមកបណ្ដាក់ទុន វិនិយោគ នៅកម្ពុជាបន្ថែមទៀតផងដែរ៕/V/សរន