អាជ្ញាធរ​កោះកុង ស្នើសុំ​ពូជស្រូវ​ពី​ក្រសួងកសិកម្ម ដើម្បី​ស្តារ​ការរង​ផល​ខូចខាត​អំឡុង​ជំនន់​ទឹកភ្លៀង​

1231
ចែករម្លែក

ដោយ​: សុ​ផានី​តា / កោះកុង​: អាជ្ញាធរ និង​មន្ទីរជំនាញ​ខេត្តកោះកុង បាន​ស្នើសុំ​គ្រាប់​ពូជស្រូវ និង​កូនឈើ​ដំណាំ​កសិកម្ម​រួមផ្សំ​ជាច្រើន​ពី​ក្រសួងកសិកម្ម ដើម្បី​ចែកជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​អំឡុង​ខែកក្កដា ក្នុង​មូលដ្ឋានចំនួន​៤​ស្រុក​។ សំណើសុំ​របស់​អាជ្ញាធរ​ខេត្តកោះកុង ធ្វើឡើង​បន្ទាប់ពី​ស្ថានភាព ជំនន់​ទឹកភ្លៀង​បាន​ស្រក​អស់​ទៅហើយ រីឯ​ពលរដ្ឋ​វិលត្រឡប់​ទៅ​លំនៅដ្ឋាន​រៀងៗ​ខ្លួន​ហើយ​ដែរ​។​

​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង ក្រោយ​បញ្ចប់​ពិធី​រុក្ខទិវា ដាំ​កូនឈើ​ចំនួន​២​ពាន់​ដើម កាលពី​ថ្ងៃទី​៩ សីហា ២០១៨ គូសបញ្ជាក់​អំពី​ផល​ខូចខាត​ដោយសារ​ជំនន់​ទឹកភ្លៀង នៅ​ពាក់កណ្តាល​ខែកក្កដា​ជា​ផ្លូវការ​ថា គ្រោះធម្មជាតិ​នេះ បាន​បង្ក​ឱ្យ​ជន់​លិច​ផ្ទះ​ជាង​១​ពាន់​គ្រួសារ បង្ខំចិត្ត​ចាកចេញ​ពី​លំនៅដ្ឋាន​ទៅរក​ទីទួល​មាន​សុវត្ថិភាព​បណ្តុះ​អាសន្ន​។

​ដីស្រែ​ចម្ការ​១​ពាន់​៥​រយ​ហិកតា​រង​ផលប៉ះពាល់ ក្នុងនោះ មាន​៤៥០​ហិកតា នៅក្នុង​ស្រុកស្រែ​អំបិល និង​ស្រុក​ថ្មបាំង បាន​ទទួលផល​ខូចខាត​ធ្ងន់ធ្ងរ​ខ្លាំងជាងគេ​។ លោកស្រី​អភិបាលខេត្ត​កោះកុង បន្ថែមថា ជំនន់​ទឹកភ្លៀង​ដែល​ហូរ​ធ្លាក់​ពី​ជ្រលង​ភ្នំ ពុំបាន​ធ្វើឱ្យ​ពលរដ្ឋ​ណាមួយ​បាន​ស្លាប់​នោះទេ​។ ដោយឡែក ស្រុក​មណ្ឌលសីមា និង​ស្រុក​កោះកុង ក៏​ពុំ​សូវ​ទទួលរង​ផលប៉ះពាល់​ច្រើន​គួរឱ្យកត់សម្គាល់​អ្វី​ទេ​។​

ពាក់ព័ន្ធ​ការខូចខាត​ដីស្រែ​ចម្ការ​ពលរដ្ឋ​ខាងលើ បច្ចុប្បន្ន អាជ្ញាធរ និង​មន្ទីរ​កសិកម្ម បាន​ស្នើសុំ​ស្រូវពូជ​ថ្មី ឬ​ពូជ​ដំណាំ​រួមផ្សំ​ផ្សេងៗ​ទៅ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រួចរាល់​ហើយ សម្រាប់​ចែកជូន​ពលរដ្ឋ​រងគ្រោះ​។ ទោះយ៉ាងណា អាជ្ញាធរ​មិនទាន់​អាច​បញ្ជាក់​ទេ​ថា នឹង​ទទួលបាន​ពេលណា​ឡើយ​។

​លោក អ៊ី ម៉េង​លាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកោះកុង បាន​ថ្លែង​ដែរ​ថា តាម​ការចុះពិនិត្យ​សង្កេត​វាយតម្លៃ​ជាក់ស្តែង អំឡុងពេល​ជំនន់​ទឹកភ្លៀង​បាន​ស្រក​ភ្លាមៗ គឺ​សត្វពាហនៈ​ចំនួន​២​ក្បាល​បាន​ងាប់ ព្រោះ​ជាប់​ចំណង​អំឡុង​ទឹក​ហូរ​ជន់​លិច​លំនៅដ្ឋាន​ពលរដ្ឋ​។ ទន្ទឹម​នោះ មន្ទីរ​កសិកម្ម ក៏​ចាត់​មន្ត្រី​ជំនាញ​ចាក់​ថ្នាំ​ព្យាបាល​សត្វ​គោ ក្របី ដែល​ឈឺ​ផងដែរ ក្រោយ​ទឹកជំនន់​ស្រក​ចុះ​ជា​បន្តបន្ទាប់​។​

​កន្លងទៅ ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ព្រះអង្គ​កែវ ឃុំ​ដង​ពែង ស្រុកស្រែ​អំបិល ធ្លាប់​ស្នើសុំ ឱ្យ​អាជ្ញាធរ​ជួយ​ជួសជុលផ្ទះ ផ្តល់​ពូជស្រូវ និង​សត្វ​ជ្រូក​មាន់​ទា​មួយចំនួន​ដល់​ពួកគាត់ ដើម្បី​ស្តារ​ជីវភាព​ធ្វើ​កសិកម្ម​ឡើងវិញ​។ ថ្វី​ត្បិត​ថា ពួកគាត់​បាន​វិលត្រឡប់​ទៅផ្ទះ​សំបែង​ក៏ពិតមែន​។​

​ភាព​រងគ្រោះ​ធម្មជាតិ​នេះ​ខេត្តកោះកុង នាំឱ្យ​រដ្ឋាភិបាល តំណាង​កាកបាទក្រហមកម្ពុជា និង​អាជ្ញាធរ​ខេត្តកោះកុងកើតក្តីព្រួយបារម្ភយ៉ាងខ្លាំង ដោយបាននាំយក​អំណោយ​មនុស្សធម៌​សង្គ្រោះបន្ទាន់​ភ្លាមៗ​ផងដែរ រួមមាន​៖ ស្បៀងអាហារ​ឧបភោគ ថវិកា និង​គ្រឿង​បរិភោគ​មួយចំនួន​ទៅ​ចែកជូន​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ទឹកភ្លៀង​ប្រមាណ​៤៧៤​គ្រួសារ​មកពី​១១​ភូមិ ឃុំ​ចំនួន​៦ នៅ​ស្រុក​ចំនួន​៤ ដើម្បី​គ្រាន់​នឹង​ផ្ត​ត់​ផ្គង់​ដោះស្រាយ​ជីវភាព​រស់នៅ​ជា​បណ្តុះ​អាសន្ន​។​

​គួររម្លឹកថា ខេត្តកោះកុង កាលពី​ពាក់កណ្តាល​ខែកក្កដា បានទទួល​រង​នូវ​សម្ពាធ​ទាប​ខ្យល់មូសុង​និរតី​ទូទាំងប្រទេស ដែល​បង្កឱ្យមាន​ភ្លៀង​ធ្លាក់​ខ្លាំង​លាយឡំ​នឹង​ខ្យល់​ផង​នោះ បណ្តាលឱ្យ​ផ្ទះសំបែង ដីស្រែ​ចម្ការ សាលារៀន​និង​ប្រព័ន្ធ​ផ្លូវ​គមនាគមន៍​ស្រុក​ចំនួន​៤ ក្នុង​ខេត្តកោះកុង​រង​ការ​ជន​លិច ព្រោះតែ​ទឹកធ្លាក់​ពីលើ​ជ្រលង​ភ្នំ​ហូរ​ចូល​សមុទ្រ​មិនទាន់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម