ប្រែសម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិន បាន​ធានា​ឡើង​វិញ​ដល់​បណ្តា​ប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​អំពី​ការប្តេជ្ញា​ចិត្ត​របស់​អាម៉េរិក​នៅក្នុង​កិច្ច​ប្រជុំ​កំពូល​នៅ​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ហើយ​បាន​និយាយថា កិច្ច​ពិភាក្សា​របស់​គាត់​ជាមួយ​មេដឹកនាំ​ចិន​ស៊ី ជីន​ពីង​នឹង​ផ្តល់​នូវ​ស្ថិរភាព​សម្រាប់​តំបន់​និង​ពិភពលោក​ទាំងមូល​។​

​បៃ​ដិន​ឡើងថ្លែង​បើក​ជំនួប​កំពូល​APEC​នៅ​ក្រុង​សាន់​ហ្វ្រា​ន​ស៊ី​ស្កូ

​លោកបៃ​ដិនបាន​ប្រាប់ក្រុម APEC (​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​) ដែល​មាន​សមាជិក​ចំនួន ២១ យ៉ាង​ដូច្នេះ​ថា “​យើង​មិន​ទៅ​ណា​ទេ​។​”

​កិច្ចប្រជុំ​កំពូល​នេះ​បាន​បើក​ជាមួយនឹង​អារម្មណ៍​ធូរស្រាល បន្ទាប់ពី​លោកបៃ​ដិ​ន​និង​លោកស៊ី​បាន​ជួបគ្នា​ជា​លើកដំបូង​ក្នុង​រយៈពេល​មួយ​ឆ្នាំ​នៅ​ឯ​ផ្ទះ​វីឡា​ដ៏​ប្រណីត​មួយ​នៅ​ខាងក្រៅ​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ​កាលពី​ថ្ងៃ​ពុធ ហើយ​បាន​លេចចេញ​នូវ​ការ​សន្យាថា​នឹង​បញ្ចៀស​ការ​ប្រេះឆា​ដ៏​គ្រោះថ្នាក់ ដែល​អាច​ប៉ះពាល់​ដល់​សេដ្ឋកិច្ចពិភពលោក​។​

​មេ​ដឹក​ទាំង​ពីរ​បាន​យល់ព្រម​ស្តារ​ទំនាក់ទំនង​រវាង​យោធា​និង​យោធា​ឡើងវិញ​ហើយ​លោក​ស៊ី​បាន​សន្យាថា​នឹង​បង្ក្រាប​ការផលិត​សារធាតុ​ផ្សំ​នៅក្នុង​ប្រទេស​ចិន​សម្រាប់​ថ្នាំញៀន​ដែល​ជន់​លិច​ពេញ​សហរដ្ឋ​អាម៉េរិក​។​

​លោកបៃ​ដិនបាន​ប្រាប់​កិច្ចប្រជុំកំពូល APEC​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ប្តេជ្ញាចិត្ត​ចំពោះ​តំបន់​នេះ ត្បិត​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ខិតខំ​ប្រឹងប្រែង​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅក្នុង​តំបន់​ក៏ដោយ​។​

​ប្រធានាធិបតី​អាម៉េរិក​បាន​និយាយថា លោក​ស៊ី​បាន​សួរ​គាត់​កាលពី​ថ្ងៃ​ពុធ​ថា “​ហេតុអ្វី​បានជា​យើង​ចូលរួម​ពាក់ព័ន្ធ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ម្ល៉េះ​?”​។​

​លោកបៃ​ដិនបាន​និយាយថា “​ខ្ញុំ​បាន​និយាយថា វា​គឺ​ដោយសារ​តែ​យើង​ជា​ប្រជាជាតិ​ប៉ាស៊ីហ្វិក​។ ដោយសារ​តែ​បាន​ពួកយើង ទើប​មាន​សន្តិភាព​និង​សន្តិសុខ​នៅក្នុង​តំបន់ ដែល​អនុញ្ញាត​ឱ្យ​អ្នក​រីកចម្រើន​។ គាត់​មិន​បាន​បដិសេធ​នោះទេ​”៕

លោកបៃ​ដិ​ន​និង​លោកស៊ី​ជួប​គ្នា​នៅ​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ​កាលពី​ថ្ងៃ​ពុធ