ដោយៈ ដេប៉ូ / ភ្នំពេញៈ អ្នកជំនាញផ្នែកសេដ្ឋកិច្ច លោកបណ្ឌិត គី សេរីវឌ្ឍន៍ មើលឃើញ ថា ការដាក់ចេញនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស គឺជាយុទ្ធសាស្រ្ត មួយ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្នុងការសម្រេចចក្ខុវិស័យ ប្រែក្លាយកម្ពុជាជាប្រទេស ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ឆ្នាំ២០៣០ និងប្រទេសប្រាក់ចំណូលខ្ពស់ ឆ្នាំ២០៥០

អ្នកជំនាញសេដ្ឋកិច្ច រូបនេះ បានលើកឡើងបែបនេះ បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសដាក់ឱ្យអនុវត្ត នូវការបណ្តុបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ថ្មីៗនេះ

លោកបានមានប្រសាសន៍ថា៖ «ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស គឺជាយុទ្ធសាស្រ្ត រយៈពេលខ្លី ក្នុងការបង្កើនកម្លាំងជំនាញនៅក្នុងស្រុកនាពេលអនាគត ដូច្នេះហើយ រាជរដ្ឋាភិបាលកម្ពុជា បានជាចាប់ផ្តើមកំណត់ កម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិនេះឡើង »

អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បានពន្យល់ថា នៅពេលដែលកម្ពុជាមានកម្លាំងពលកម្ម ជំនាញ គ្រប់គ្រាន់នោះ កម្លាំងពលកម្មនៅកម្ពុជាអាចឆ្លើយតបទៅនឹងតម្រូវការ ការវិនិយោគធំៗ ពីក្រៅប្រទេស ចូលមកកម្ពុជា ហើយពលរដ្ឋកម្ពុជា អាចមានជំនាញ មួយច្បាស់លាស់ មានការងារល្អ ប្រាក់ចំណូលសមរម្យ នោះកម្ពុជា នឹងរួចផុតពីបន្ទាត់ នៃភាពក្រីក្រ នាពេលអនាគត /V-PC