ដោយៈបូព៌ព្រឹក្ស/ភ្នំពេញ៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈអញ្ជើញពិនិត្យស្ថានីយគ្រប់គ្រងទឹកស្វ័យប្រវត្តិរបស់សហជីពអន្តរសង្កាត់គ្រប់គ្រងទឹកនៃជ្រលងប៊ីយ៉ែវ ប្រទេសបារាំងនាពលថ្មីៗនេះ។
ប្រភពអាជ្ញាធរអប្សរានៅថ្ងៃទី ១៧ ខែវិច្ឆិកា បានឱ្យដឹងថា នៅទីស្នាក់ការសហជីពអន្តរសង្កាត់គ្រប់គ្រងទឹកនៃជ្រលងប៊ីយ៉ែវ(SIAVB) ប្រទេសបារាំង លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា អមដំណើរដោយ លោកអគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសមួយចំនួនទៀត បានអញ្ជើញពិនិត្យ និងសម្ពោធការដំឡើងសាកល្បងស្ថានីយគ្រប់គ្រងទឹកស្វ័យប្រវត្តិ ដែលសហជីពអន្តរសង្កាត់នៃជ្រលងប៊ីយ៉ែវនឹងត្រូវយកទៅដំឡើងនៅរមណីយដ្ឋានអង្គរចំនួន៦ស្ថានីយ។
ប្រភពដដែលបន្តថាក្នុងឱកាសការអញ្ជើញរបស់លោកស្រីបណ្ឌិតសភាចារ្យនាពេលនោះ លោក Francisque Vigouroux ប្រធានសហជីពអន្តរសង្កាត់គ្រប់គ្រងទឹកនៃជ្រលងប៊ីយ៉ែវ (SIAVB) បានបង្ហាញអំពីផលប្រយោជន៍នៃស្ថានីយទាំងនេះ ព្រមទាំងប្រសិទ្ធភាពនៃស្ថានីយក្នុងការគ្រប់គ្រងទឹក។
សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា និងសហជីពអន្តរសង្កាត់ជ្រលងប៊ីយ៉ែវបានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការវិមជ្ឈការនៅក្នុងគម្រោងប្រព័ន្ធជំនួយស្វ័យប្រវត្តិក្នុងការគ្រប់គ្រងទឹកក្នុងតំបន់សៀមរាបអង្គរ (SDGERA) នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២៕srn-pc