ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ ប្រជាពលរដ្ឋ ចំនួនពីរភូមិ គឺនៅភូមិចាន់គីរី និងភូមិទទួល ប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានដាក់ពាក្យបណ្តឹង ចូលទៅឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សុំកិច្ចអនត្តរាគមន៍ទៅលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ង៉ោ ម៉េងជ្រួន អភិបាលរង ខេត្តបន្ទាយមានជ័យ ចំពោះការមិនយកចិត្តទុកដាក់ ក្នុងការដោះ ស្រាយបញ្ហាជូនប្រជាពលរដ្ឋ។
យោងតាមពាក្យបណ្តឹងរបស់ ប្រជាពលរដ្ឋ ជាច្រើនគ្រួសារ ដាក់គោរពចូលទៅ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានរៀបរាប់ថា៖ “យើងខ្ញុំជាប្រជាពលរដ្ឋ ពិតជាជួបការលំបាក និងរងទុក្ខវេទនា ដោយសារតែការមិនយកចិត្តទុកដាក់ ក្នុងការដោះស្រាយបញ្ហាជូន
យើងខ្ញុំ ដែលយើងខ្ញុំមួយចំនួន មានបញ្ហាវិវាទដីធ្លី ជាច្រើនឆ្នាំ ខ្លះមាន ២០ឆ្នាំ ១០ឆ្នាំ និងមានច្រើនឆ្នាំជាងនេះទៀត ក៏មាន។ តែបញ្ហាវិវាទទាំងនេះ មិនត្រូវបានលោកអភិបាល ខេត្ត ដោះស្រាយជូនយើងខ្ញុំទេ ហើយបើមានការដោះស្រាយ ដែលមានលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត ធ្វើជាប្រធានក្នុងការដោះស្រាយបញ្ហាវិវាទវិញនោះ គឺមិន ដែលឈរលើគោលការណ៍ ដោះស្រាយដោយស្មារតី ឆន្ទៈ និងមិនបានសិក្សាឲ្យបាន ប្រាកដច្បាស់លាស់នោះទេ គឺមានតែការសម្លុត គំរាមកំហែងបំភ័យ បំបាក់ស្មារតី។ ក្នុងនាមយើងខ្ញុំ ជាប្រជាពលរដ្ឋ គឺមិនអាចទទួលយកបាននោះទេ ចំពោះទង្វើ ព្រមទាំង សកម្មភាព ក្នុងការដឹកនាំ និងការដោះស្រាយបែបនេះ។
យើងខ្ញុំសូមជម្រាប ឯកឧត្តម អភិសន្ដិបណ្ឌិត បន្តទៀតថា៖ ចំពោះបញ្ហាមួយចំនួន ដូចជា មិនធ្វើការដោះស្រាយ បញ្ហារបស់យើងខ្ញុំជាមួយ សមាគមអភិវឌ្ឍន៍កសិកម្មជាតិ ដោយមិនធ្វើការវាស់វែងដីធ្លី ជូនពួកយើងខ្ញុំ។ ហើយបើចង់ឲ្យមានការវាស់វែងត្រូវតែបង់ លុយក្នុង១ម៉ែត្រការ៉េ ១០ដុល្លារ ទៅឲ្យលោក ឳក សុផាន តំណាង សមាគមអភិវឌ្ឍន៍ កសិកម្មជាតិ ដោយមានការធ្វើលិខិតសះជា មានលោក សេង ចាន់ឌី ជាមេភូមិ លោក ភោគ លន និងលោក ង៉ោ ម៉េងជ្រួន ទទួលស្គាល់ដឹងឮ ទើបលោក អ៊ុំ រាត្រី ចេញសេចក្តី សម្រេចទទួលការកាន់កាប់ដីនោះ តែប្រជាពលរដ្ឋជាច្រើន ដែលបានបង់លុយទៅតាម ការទាមទាររបស់តំណាងសមាគម និងមានការចុះហត្ថលេខា ទទួលស្គាល់យ៉ាងណាក្តី ក៏មិនមានការវាស់វែងចេញប័ណ្ណកម្មសិទ្ធិ ស្របច្បាប់ជូនពួកយើងខ្ញុំនោះដែរ។ ហើយមាន ប្រជាពលរដ្ឋជាច្រើន រយគ្រួសារ អស់ប្រាក់ មានចាប់ពី ២.០០០ ដុល្លារ ៣.០០០ ដុល្លារ ប្រជាពលរដ្ឋខ្លះ អស់ខ្ទង់ម៉ឺនដុល្លារ ក៏មានដែរទៅតាមទំហំដីរបស់ខ្លួន។
ចំពោះប្រជាពលរដ្ឋផ្សេងទៀត ក៏ត្រូវបានលោក សេង ចាន់ឌី មេភូមិចាន់គីរី បានទៅយក ដីរបស់គាត់ ហើយបានប្តឹងគាត់ ទៅតុលាការ ក្នុងបទល្មើសព្រហ្មទណ្ឌទៀតផង។ ហើយ ពេលដែលប្រជាពលរដ្ឋ ដាក់ពាក្យសុំកិច្ចអន្តរាគមន៍ មកក្រសួងមហាផ្ទៃ ហើយក៏រដ្ឋបាល ខេត្ត បានផ្អឹបរឿងទុកចោល តែបើមានការកោះហៅដោះស្រាយវិញ គឺមានតែការគម្រាម សម្លុត យកប្រជាពលរដ្ឋ ដាក់គុកតែប៉ុណ្ណោះ។
មានរឿងផ្សេងទៀត ដូចជាប្រជាពលរដ្ឋ ស្នើសុំទៅស្ថាប័នកំពូលៗ និងមានលិខិតឲ្យ រដ្ឋបាលខេត្ត ធ្វើការដោះស្រាយ ជូនប្រជាពលរដ្ឋ ក៏រដ្ឋបាលខេត្តបន្ទាយមានជ័យ មិនយកចិត្តទុកដាក់មិនខ្វល់ ក្នុងការដោះស្រាយនោះទេ និងមានរឿងជាច្រើនទៀត ដែលប្រជាពលរដ្ឋ កំពុងតែងជួបការលំបាក និងរងទុក្ខវេទនា ដោយសារការមិនយក ចិត្តទុកដាក់របស់ អាជ្ញាធរខេត្តបន្ទាយមានជ័យនេះ”។
ជាមួយគ្នានេះ ប្រជាពលរដ្ឋ បានសុំទទូចដល់ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ជួយ អន្តរាគមន៍ ដល់ពួកគាត់ផង។ ហើយការរៀបរាប់ខាងលើនេះ គឺសុទ្ធតែជាការពិត ទាំងអស់។
ទាក់ទងករណីនេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ នៅមិនទាន់មានការឆ្លើយតបនៅឡើយទេ៕ V / N