ដោយ៖ ដេប៉ូ/ក្រចេះ៖ ក្រសួងបរិស្ថានបានចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយរដ្ឋបាលខេត្តចំនួន៤បន្ថែមទៀតនៅតំបន់ភាគឦសានក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «យើងរួមកំលាំងគ្នា ការពារបរិស្ថានកម្ពុជា» «លាហើយប្លាស្ទិក»។
ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា(MOU)នេះបានធ្វើឡើងក្នុងពិធីបើក មហាស្រពសិល្បៈបុណ្យភូមិមានជើងរួមគ្នាដើម្បីទិវាកុមារពិភពលោក,យុទ្ធនាការ”កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក”ក្រោមប្រធានបទ”ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” នៅព្រឹកថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០២៣នាសាលមហាស្រព ខេត្ត ក្រចេះ ។សម្រាប់ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា រវាងក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តចំនួន៤នេះដែររួមមានដូចជា៖ ខេត្តក្រចេះ, ស្ទឹងត្រែង, រតនគិរី, មណ្ឌលគិរី។
គួរបញ្ជាក់ថា នាកន្លងមកនេះក្រសួងបរិស្ថានបានធ្វើការចុះអនុស្សារណៈនៃការយោគយល់គ្នាចំនួន៤ខេត្តរួចមកហើយក្នុងនេះដូចជា ខេត្តកំពង់ឆ្នាំង កណ្តាល ពោធិ៍សាត់ និងកាកបាទក្រហមកម្ពុជា។សម្រាប់នាពេលនេះដែរក្រសួងបរិស្ថានបានធ្វើការចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយខេត្តតំបន់ភាគឦសានចំនួន៤ខេត្តបន្ថែមទៀតក្នុងនេះរួមមាន ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ក្រោមប្រធានបទយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «យើងរួមកំលាំងគ្នា ការពារបរិស្ថានកម្ពុជា» «លាហើយប្លាស្ទិក»។ លោក ស្រី ងិន លីណា រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងក្នុងពិធីនេះថាពិធីចុះអនុស្សារណៈគ្នារវាងរដ្ឋលបាលខេត្តទាំង៤នាខណៈពេលនេះគឺជាផ្នែកមួយយ៉ាងសំខាន់បន្ថែមទៀតក្នុងការចូលរួមកាត់បន្ថយសំណល់ប្លាស្ទិកនិងស្មារតីនៃពិធីចុះអនុស្សារណៈនេះក៏នឹងជួយដល់ការផ្សព្វផ្សាយដល់ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មន្រ្តីមូលដ្ឋាន និងសាធារណៈជនក្នុងការចូលរួមកាត់បន្ថយប្លាស្ទិកក្នុងប្រទេសកម្ពុជាសំដៅធ្វើយ៉ាងណានៅថ្ងៃខាងប្រទេសកម្ពុជាលែងមានប្លាស្ទិក ជួយដល់បរិស្ថានស្អាត ជួយឱ្យកុមារមានសុខភាពល្អ និងពិសេសជួយក្នុងការទាក់ទាញវិស័យទេសចរណ៍បន្ថែមទៀតនៅកម្ពុជា។
លោកស្រី រដ្ឋលេខាធិការបានលើកឡើងដោយបញ្ជាក់បន្ថែមថា”ការងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ជាពិសេសសំណល់ប្លាស្ទិក បាននិងកំពុងបង្កហានីភ័យដល់សុខភាពសាធារណៈ និងគុណភាពបរិស្ថានគួរឱ្យព្រួយបារម្ភ ដែលយើងទាំងអស់គ្នាត្រូវផ្តោតការយកចិត្តទុកដាក់ និងរួមគ្នាដោះស្រាយ។
ក្រសួងបរិស្ថានបានឱ្យដឹងដែរថា គិតចាប់ពីថ្ងៃទី១ខែកញ្ញា រហូតមកដល់ពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៣នេះ មានអ្នកចូលរួម សរុបចំនួនជាង២លាន៨សែននាក់៕/r