ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ចំនួនមនុស្សស្លាប់ដោយរញ្ជួយដីកំលាំង៦,៧រិច្ឆទ័រមួយនៅហ្វីលីពីនខាងត្បូងកាលពីថ្ងៃសុក្របានកើនដល់ប្រាំមួយនាក់នៅព្រឹកថ្ងៃសៅរ៍ទី១៨វិច្ឆិកានេះ និងអាជ្ញាធរកំពុងស្វែងរកមនុស្សបាត់ខ្លួនពីរនាក់ទៀត។
រញ្ជួយដីក្នុងសមុទ្រនៅឯនាយកោះមីនដាណាវ(Mindanao)កាលពីថ្ងៃ១៧វិច្ឆិកា ស្ថិតនៅក្នុងជំរៅដី៦០គីឡូម៉ែត្រ។
មន្ត្រីការិយាល័យក្រុង ហ្សេណេរ៉ាល់ សាន់តូស( General Santos )នៅក្នុងខេត្ត សោតកូតាបាតូ ( South Cotabato)បានអោយដឹងថា មនុស្សបីនាក់បានស្លាប់ដោយរញ្ជួយដីនៅទីនោះ ។
នៅក្នុងខេត្តសារ៉ានហ្កានី (Sarangani )មនុស្សពីរនាក់ទៀតក៏ត្រូវបានរាយការណ៍ថាបានស្លាប់ដោយរញ្ជួយដី នៅពេលក្រុមជួយសង្គ្រោះកំពុងស្វែងរកអ្នកបាត់ខ្លួនពីរនាក់ក្រោយការបាក់ដីសង្កត់។នៅក្នុងខេត្តដាវ៉ាវ អក់ស៊ីដិនថល( Davao Occidental )បុរសវ័យចំណាស់ម្នាក់ក៏បានស្លាប់ដោយថ្មធ្លាក់ត្រូវ។
ហាងលក់ទំនិញមួយខូចខាតដោយរញ្ជួយដីនៅទីក្រុងហ្សេណេរ៉ាល់ សាន់តូស
សូមបញ្ជាក់ថា រញ្ជួយដីជាបាតុភូតធម្មជាតិកើតមានស្ទើររាល់ថ្ងៃនៅហ្វីលីពីន ជាប្រទេសដែលស្ថិតលើទម្រទ្វីបមួយដែលគេហៅថា «កងភ្លើងប៉ាស៊ីហ្វិក» ជាតំបន់ដែលសកម្មភាពភ្នំភ្លើងនិងរញ្ជួយដីមានសភាពខ្លាំងនិងជាប់ជាប្រចាំ ដែលតំបន់នេះលាតសន្ធឹងចាប់ពីជប៉ុនដល់អាស៊ីខាងអាគ្នេយ៍និងទូទាំងអាងប៉ាស៊ីហ្វិក៕