ប្រកួត​ថ្លែង​សុន្ទរកថា​ភាសា​កូរ៉េ​លក្ខណៈ​អន្តរជាតិ​: ជ័យលាភី​នឹង​ទទួលបាន​ពានរង្វាន់​ប្រធានាធិបតី​កូរ៉េ និង​ប្រាក់​២០០០​ដុល្លារ​

2329
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រារព្ធ​កម្មវិធី​ប្រកួត​ថ្លែង​សុន្ទរកថា​ភាសា​កូរ៉េ​ជា​លក្ខណៈ​អន្តរជាតិ​លើក​ទី​២៣ នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​១០​ខែសីហា ឆ្នាំ​២០១៨ នៅក្នុង​សាល​ពហុ​បំណង នៃ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា កូរ៉េ (CKCC) ក្នុង​បរិវេណ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។​

​កម្មវិធី​នេះ​ត្រូវបាន​ប្រារព្ធ​ឡើង​ក្រោម​កិច្ចសហការ​រួមគ្នា​រវាង​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា សមាគម Korea Speech•Eloquence Association និង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ព្រមទាំង​ទទួល​ការឧបត្ថម្ភ​គាំទ្រ​អំពី​ក្រសួងទេសចរណ៍​-​វប្បធម៌ និង​កីឡា​, ក្រសួង​អប់រំ​, ក្រសួងការបរទេស និង​ក្រសួង​បង្រួបបង្រួម​ជាតិ​កូរ៉េ​(Ministry of Unification)​។​

​សូមជម្រាបថា កម្មវិធី​នេះ ត្រូវបាន​ប្រារព្ធ​ឡើងជា​បន្តបន្ទាប់​ជា​រៀងរាល់ឆ្នាំ ចាប់ពី​ឆ្នាំ​១៩៩៦​ក្នុង​គោលបំណង​ដើម្បី​ជួយ​ជំ​រុញឱ្យ​ជនជាតិ​កូរ៉េខាងជើង​និង​ខាងត្បូង​សរុប​៧០​លាន​នាក់ និង​ប្រជាជន​កូរ៉េ​ដែល​កំពុង​រស់នៅ​បរទេស​សរុប​ប្រមាណ​ជា​៧.៥​លាន​នាក់ អាច​ប្រើប្រាស់​អក្សរ និង​និយាយ​ភាសា​កូរ៉េ​ឱ្យ បាន​ត្រឹមត្រូវ​ច្បាស់លាស់​ល្អ ដើម្បី​ត្រៀមខ្លួន សម្រាប់​ការរួបរួម​គ្នា​ដោយ​សន្តិភាព​របស់​ឧបទ្វីប​កូរ៉េ ព្រមទាំង​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​នូវ​វប្បធម៌​ប្រទេស​កូរ៉េ និង​ភាព​អស្ចារ្យ​នៃ​អក្សរ​កូរ៉េ​។​

​នា​ដើម​ឆមាស​ទី​១ ក្នុងឆ្នាំនេះ ស្ថានទូត​បាន​ប្រារព្ធ​កម្មវិធី​ប្រកួត​សម្រាប់​ជ្រើសរើស​បេក្ខជន​-​បេ​ក្ខ​នារី​ឆ្នើម​តំណាង​ប្រចាំ​តំបន់​-​ប្រទេស​ផ្សេងៗ ហើយ​ក្នុង​កម្មវិធី​ក្នុងថ្ងៃនេះ មានការ​ចូលរួម​ពី​បេក្ខជន​-​បេ​ក្ខ​នារី សរុប​ចំនួន​៦៧​នាក់ ដែល​ក្នុងចំណោម​នោះ មាន​បេក្ខជន​-​បេ​ក្ខ​នារី​ជា​ជនជាតិ​បរទេស​ចំនួន​៣០​រូប មកពី​ប្រទេស​វៀតណាម ម៉ាឡេស៊ី ម៉ុង​ហ្គ៊ោ​លី សិង្ហ​បុរី ជប៉ុន កម្ពុជា ចិន អូស្ត្រាលី ហុងកុង ឥណ្ឌា ថៃ ហ្វីលីពីន ឡាវ កៀ​ហ្ស៊ី​ស៊ី​ស្ថាន (Kyrgyzstan) និង​ឥណ្ឌូនេស៊ី ជាដើម រួមទាំង​បេក្ខជន​-​បេ​ក្ខ​នារី​ជនជាតិ​កូរ៉េ​ដែល​កំពុង​រស់នៅ​បរទេស​ចំនួន​១២​រូប និង​បេក្ខជន​-​បេ​ក្ខ​នារី​ជនជាតិ​កូរ៉េ​ចំនួន​២៥​រូប តំណាងអោយ​ខេត្ត​ក្រុង​នានា​ក្នុងប្រទេស​កូរ៉េ​។

​បេក្ខជន​-​បេ​ក្ខ​នារី​ដែល​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​នេះ បានធ្វើការ​ថ្លែង​សុន្ទរកថា ស្តីអំពី​បំណងប្រាថ្នា ដើម្បីឱ្យ​មានការ​រួបរួម​គ្នា​នៅ​ឧបទ្វីប​កូរ៉េ និង​ការប្រើប្រាស់​ភាសា​កូរ៉េ ក្នុងការ​ធ្វើការ​ប្រាស្រ័យ​ទាក់ទង​នៅក្នុង​សកលលោក​ហើយ​បេក្ខជន​-​បេ​ក្ខ​នារី ដែល​ទទួលបាន​ពិន្ទុ​ខ្ពស់​ជាងគេ​នឹង​ទទួលបាន​ពានរង្វាន់​ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ និង​រង្វាន់​បន្ថែមទៀត ប្រមាណ​ជា​២​លាន​វ៉ុ​ន (​ប្រហែល​២០០០​ដុល្លារ​អាមេរិក​)​។​

លោក អូ ណាក់​យ៉ុង (Oh Nak Young) ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ បាន​ថ្លែង​ក្នុង​កម្មវិធី​ប្រកួត​ថ្លែង​សុន្ទរកថា ភាសា​កូរ៉េ​ថា​លោក​មាន​សេចក្តីសោមនស្ស​រីករាយ​យ៉ាងខ្លាំង ដែល​កម្មវិធី​ប្រកួត​ថ្លែង​សុន្ទរកថា ភាសា​កូរ៉េ​ជា​លក្ខណៈ​អន្តរជាតិ​លើក​ទី​២៣ ត្រូវបាន​ប្រារព្ធ​ឡើង​នៅក្នុង​ប្រទេស​កម្ពុជា​នេះ​។​

​ឆ្នាំនេះ​គឺជា​ខួប​ទី​២១ នៃ​ការបង្កើតឡើងវិញ​នូវ​ទំនាក់ទំនង​ការទូត​រវាង​សាធារណរដ្ឋ​កូរ៉េ និង​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្នុង​រយៈពេល​កន្លងមក​នេះ ប្រទេស​យើង​ទាំងពីរ​បាន​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ដូចជា នយោបាយ សេដ្ឋកិច្ច និង​វប្បធម៌ ជាដើម​ហើយ​ទៅ​ថ្ងៃ​អនាគត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​នឹង​កាន់តែ​ជិតស្និទ្ធ​បន្ថែមទៀត ក្រោម​មូលដ្ឋានគ្រឹះ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ជម្រុញ​គោលនយោបាយ​ទិសដៅ​តំបន់​ខាងត្បូង​ថ្មី​។​

​លោក​ឯកអគ្គរដ្ឋទូត​បាន​លើកឡើងថា «​ការជួបគ្នា​រវាង​ប្រជាជន​និង​ប្រជាជន គឺជា​ចំណុច​សំខាន់ នៃ​ការអភិវឌ្ឍន៍​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​។ គិត​ជា​មធ្យម​ប្រចាំឆ្នាំ មាន​ភ្ញៀវទេសចរ​កូរ៉េ និង​កម្ពុជា​បានធ្វើ​ដំណើរ​កំសាន្ត​ឆ្លងទៅ​ប្រទេស​កម្ពុជា និង​កូរ៉េ​ក្នុង​មួយឆ្នាំ​ប្រមាណ​ជា​៥០​ម៉ឺន​នាក់ ហើយ​ប្រជាជន​កម្ពុជា​ក៏បាន​នឹង​កំពុងតែ​ផ្តល់​ចំណាប់អារម្មណ៍​ស្តីអំពី​វប្បធម៌ និង​ភាសា​កូរ៉េ​កាន់តែខ្លាំង​ឡើងជា​លំដាប់​។ នៅក្នុង​ប្រទេស​កម្ពុជា មាន​សកល​វិទ្យាល័យ​ចំនួន​៥ ដោយ​រួមទាំង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ផងដែរ បាន​បើក​ដេ​ប៉ា​តឺ​ម៉​ង់​ភាសា​កូរ៉េ ហើយ​ជា​រៀងរាល់​ឆ្នាំមាន​ប្រជាជន​កម្ពុជា​ប្រមាណ​ជា ៥​ម៉ឺន​នាក់ បាន​ចូលរួម​ប្រលង​ធ្វើតេស្ត​សមត្ថភាព​ភាសា​កូរ៉េ TOPIK ដែល​នេះ​បង្ហាញអោយឃើញថា ប្រជាជន​កម្ពុ​ជាមាន​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង​ស្តីអំពី​ភាសា​កូរ៉េ​។

​លោក ណាក់​យ៉ុង បាន​បន្តទៀតថា «​មិន​ត្រឹមតែ​នៅក្នុង​ប្រទេស​កម្ពុជា​តែប៉ុណ្ណោះ​ទេ ចំណាប់អារម្មណ៍​ចំពោះ​ការពង្រីក​វប្បធម៌ និង​ភាសា​កូរ៉េ គឺជា​រលក​យ៉ាង​ទូលំទូលាយ​ពាសពេញ​លើ​សកលលោក​។ ប្រសិនបើ​យុវជន​ទូទាំង​ពិភពលោក និង​យុវជន​កូរ៉េ​កាន់តែ​យោគយល់​គ្នា​ទៅវិញទៅមក តាមរយៈ​ភាសា​នោះ ខ្ញុំ​ជឿជាក់ថា វា​នឹង​ជួយ​ឱ្យ​ប្រទេស​នានា លើ​សកលលោក កាន់​តែមាន​ភាពជិតស្និទ្ធ​រវាង​គ្នា​នឹង​គ្នា ហើយ​វា​ក៏​នឹង​ចូលរួមចំណែក​ក្នុងការ​ពង្រីក​សន្តិភាព​ពិភពលោក​ផងដែរ​»​។​

​លោក​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​សង្ឃឹមថា​កម្មវិធី​ដែល​ត្រូវបាន​ប្រារព្ធ​ឡើង​នៅក្នុង​ប្រទេស​កម្ពុ​ជានា​ថ្ងៃនេះ នឹង​ជួយ​ធ្វើការ​ផ្សព្វផ្សាយ​ភាសា​កូរ៉េ​ឱ្យបាន​កាន់តែ​ទូលំទូលាយ​ទៅ​ទូទាំង​សកលលោក ព្រមទាំង​ក្លាយទៅជា​ជំនួយ​ក្នុងការ​អភិវឌ្ឍ​វប្បធម៌​ផងដែរ និង​រំពឹងថា​កម្មវិធី​នេះ នឹង​ក្លាយទៅជា​គន្លឹះ​ដ៏​សំខាន់​ក្នុង​កិច្ចការ​ផ្លាស់ប្តូរ​វប្បធម៌​រវាង​សាធារណរដ្ឋ​កូរ៉េ ជាមួយនឹង​ប្រទេស​កម្ពុជា ក៏ដូចជា​ប្រទេស​នានា​ផ្សេងទៀត​នៅក្នុង​សកលលោក​៕ ល​