ដោយៈដេប៉ូ/ភ្នំពេញ៖ក្រឡេកមើលទៅវិទ្យាស្ថានបច្ចេកទេស ដែលស្ថិតនៅចំណុះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពេលនេះ​បាន​ត្រៀម​លក្ខណៈរួចជាស្រេច ការចុះឈ្មោះ ត្រៀមមេរៀន សម្ភារៈ និងសម្អាតបរិស្ថានជុំវិញកន្លែងសិក្សាដើម្បីបើកទ្វាស្វាគមន៍យុវជន​មកពី​គ្រួសារក្រីក្រ និងងាយរងហានិភ័យ ចូលរួមវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដែលជាកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ។

បញ្ជាក់ដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះ​បណ្តាលវិជ្ជាជីវៈបានប្រាប់ថា ការត្រៀមខ្លួនរួចរាល់នេះបន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា​បានប្រកាស​ដាក់ឱ្យអនុវត្តជាផ្លូវការនូវការកម្មវិធីថ្នាក់ជាតិស្តីពីការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោកបានបញ្ជាក់ថា គ្រប់បណ្តាវិទ្យាស្ថានបច្ចេកទេសទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការសម្អាតបរិស្ថានជុំវិញទីធ្លា​សាលារបស់ខ្លួន​ឱ្យ​មានរបៀបរៀបរយដើម្បីស្វាគមន៍បងប្អូនជាយុវជនដែលមកចុះឈ្មោះ ក៏ដូចជាចូលរៀនវគ្គបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និងបច្ចេក​ទេស​របស់រាជរដ្ឋាភិបាលអាណត្តិថ្មីដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។

លោកបន្តថា ការធ្វើអនាម័យ និងពលកម្មជាកិច្ចការល្អសម្រាប់សោភណភាព និងបរិស្ថានមិនថា នៅក្នុងផ្ទះសម្បែង ឬទីកន្លែងធ្វើការឬ សាលារៀន ឬទីសាធារណៈដែលមនុស្សម្នាក់ៗត្រូវអនុវត្តជាប្រចាំ ហើយនេះជាទម្លាប់ល្អ និងជាគម្រូរដល់មនុស្សទូទៅ ។
អ្នកនាំពាក្យដដែលបន្តថា៖ «សូមលើកទឹកចិត្តឱ្យមានការចូលរួមទាំងសិស្ស និងគ្រូ ក៏ដូចជាគណៈគ្រប់គ្រងវិទ្យាស្ថាន និងសាលា ដែលបាន​ដុត​ដៃដុតជើងរៀបចំសណ្តាប់ធ្នាប់ សោភណភាពសាលារបស់ខ្លួនសម្រាប់ទទួលប្អូនៗយុវជនដែលបាន និងកំពុងចុះឈ្មោះចូលរៀន​​ជំនាញវិជ្ជាជីវៈ និបច្ចេកទេស» ។

លោកបានអំពាវនាវដល់យុវជនសូមមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីប្អូនៗមានចំណេះជំនាញមួយច្បាស់លាស់​ក្នុងជីវិត និងមានឱកាសការងារធ្វើល្អ ចំណូលសមរម្យ ។ ជាពិសេសប្អូនៗមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ គឺចូលរៀន​មិនបង់ប្រាក់ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ២៨០ ០០០ រៀលថែមទៀត ។ នេះជាឱកាសមាសដែលរាជរដ្ឋាភិបាលផ្តល់ជូនយុវជន និងគិតគូរដល់អនាគតយុវជន និងប្រជាជន ៕សរន

វិទ្យាស្ថានបច្ចេកទេសនៅតាមបណ្តាខេត្តទូទាំងប្រទេស បានត្រៀមខ្លួនរួចជាស្រេចសម្រាប់វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ(រូបថត ក្រសួងការងារ)