ដោយ :ភ្នំស្វាយ / បន្ទាយមានជ័យ៖ ពលរដ្ឋ និងម្ចាស់សំណង់មួយចំនួនចាប់ផ្តើមរុះរើនិងកាត់សំយាបសំណង់របស់របស់ពួកគេដែលបានធ្វើជ្រុលមកលើចំណីផ្លូវតាមផ្លូវជាតិលេខ៥៦ពីចំណុចភូមិកងវ៉ាសង្កាត់កំពង់ស្វាយ មកក្នុងខេត្តដល់ចំណុចភ្លើងស្តុបទី១ (បំបែកផ្លូវជាតិលេខ៥និងផ្លូវជាតិលេខ៥៦ ) ភូមិសូភីសង្កាត់កំពង់ស្វាយ នាប៉ែកខាងជើងក្រុង ។

លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបាន ប្រាប់រស្មីកម្ពុជាថា រដ្ឋបាលក្រុងសិរីសោភ័ណសូមកោតសរសើរនិងគោរពថ្លែងអំណរគុណណាស់ចំពោះពុកម៉ែបងប្អូនដែលយោគយល់និងចូលរួមដោយទឹកចិត្តដ៏ប្រពៃជាមួយអាជ្ញាធរមានសមត្ថកិច្ចលើរៀបចំសោភ័ណភាពនិងកែលម្អសណ្តាប់ធ្នាប់សាធារណ:ក្នុងក្រុងនេះ ។

សូមរំលឹកថា លោកអភិបាល អភិបាលរងនិងមន្ត្រី អ្នកពាក់ព័ន្ធនៃក្រុងសិរីសោភ័ណបានចុះវាស់វែងអ័ក្សផ្លូវក្រោមលក្ខណ:បច្ចេកទេសថា ដីចំណីផ្លូវពីចំណុចអ័ក្សកណ្តាលផ្លូវទៅចិញ្ចើមមានប្រវែងខុសគ្នា ។ ពោលគឺផ្លូវជាតិលេខ៥៦នេះ ដីចំណីផ្លូវ ខាងកើតប្រវែង១៥ម៉ែត្រ រីឯដីចំណីផ្លូវទៅខាងលិចប្រវែង២៥ម៉ែត្រ ឬខ្លីជាងនេះ នៅពេលទៅដល់ប៉ែកខាងត្បូងដែលចំកណ្តាលក្រុង។

អាជ្ញាធរតម្រូវអោយប្រជាពលរដ្ឋ ម្ចាស់ក្រុមហ៊ុន សហគ្រាស អាជីវករ ពាណិជ្ជករដែលមានការសាងសង់តម្រូវអោយរុះរើ ឬកាត់ការសាងសង់សំណង់ សំយាប រោង តូប ផ្ទៈ ស្លាកយីហោ ការដាក់តាំងទំនិញលក់ដូរនិងការចតយានយន្តគ្រប់ប្រភេទដែលធ្វើអោយខូចសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណ: មានការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ៕/r