មន្ត្រី​មន្ទីរជំនាញ​ខេត្តស្វាយរៀង​ចុះ​ជីក​ស្តារ​ប្រឡាយ​មេ នាំ​ទឹកស​ង្គ្រោះ​ស្រូវ​ជូន​ពលរដ្ឋ​ក្នុងភូមិ​ឃុំ​ប្រឈម​នឹង​បញ្ហា​កង្វះ​ទឹក​

1130
ចែករម្លែក

​ដោយ​: វ៉ៃ​កូ / ស្វាយរៀង​: ខណៈ​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បាននិងកំពុង​ទទួល​រង​នូវ​ជំនន់​ទឹកទន្លេ និង​ទឹកភ្លៀង​បំផ្លាញ ភោគផល​ដំណាំ សត្វពាហនៈ និង​ទ្រព្យសម្បតិ្ត ផ្ទះ​ចំបែង​យ៉ាងណាក៏ដោយ​នោះ នាពេល​បច្ច្ចុប្បន្ននេះ ខេត្តស្វាយរៀង​ចាប់តាំងពី​ដើមរដូវ រហូតដល់​ខែសីហា​ទៅហើយ ក៏​នៅមាន​ឃុំ​ចំនួន​៨​ទៀត ក្នុងស្រុក​កំពង់​រោទ៍ ស្រុក​ស្វាយជ្រំ និង​ស្រុក​រមាសហែក កំពុង​ទទួលរង​នូវ​គ្រោះរាំងស្ងួត បំផ្លាញ ស្រូវ​ដំណាំ និង​ជួប​បញ្ហា​កង្វះ​ទឹក​សំរាប់ធ្វើ​ការងារ​បង្កប​ង្កើ​ន​ផលដំណាំ នៅ​ដើមរដូវ​វស្សា​នេះ​នៅឡើយ​។​

​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ គេ​សង្កេតឃើញ​មាន​គ្រឿងចក្រ​ជាច្រើន​គ្រឿង រួម​និង​បរិក្ខា​ប្រេងឥន្ធនៈ​ជាច្រើន​ពាន់​លីត្រ របស់​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម ខេត្តស្វាយរៀង ត្រូវបាន​បញ្ចុះ​ទៅដល់​ភូមិ ឃុំ​គោលដៅ​ដែល​ទទួលរង​នូវ​ផលប៉ះពាល់​ដោយ​គ្រោះរាំងស្ងួត ដើម្បី​ធ្វើ​ការជីក​ស្តារ​ប្រឡាយ​មេ​នាំយក​ទឹក​ទៅធ្វើ​ការសង្គ្រោះ​ស្រូវ រួចរាល់​ហើយ​នៅ​ប៉ុន្មាន​សប្តាហ៍​នេះ បន្ទាប់ពី​ស្រូវ​របស់​ពលរដ្ឋ​នៅ​តំបន់​ទាំងនោះ បាន​រង​បញ្ហា​កង្វះ​ទឹក​បន្ទាប់ពី​ពលរដ្ឋ​បាន​សាបព្រោះ​ដក​ស្ទួ​ង​រួច​។​

​លោក គឹម សាវុធ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តស្វាយរៀង​នាពេល​ថ្មីៗ​កន្លងទៅនេះ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ឲ្យ​ដឹងថា ខេត្តស្វាយរៀង ចាប់តាំងពី​ដើមរដូវ​វស្សា​រហូតមកដល់​ខែសីហា​ឆ្នាំ​២០១៨​នេះ នៅ​ទូទាំង​ខេត្ត ទទួលបាន​របប​ទឹកភ្លៀង​ចំនួន ៧៨៩ ម​.​ម សំរាប់​អោយ​កសិករ​បង្កបង្កើន​ផល បន្ថែម​ពីលើ​ប្រព័ន្ធធារាសាស្ត្រ ដែល​មាននៅ​ពាសពេញ​ខេត្ត​តែប៉ុណ្ណោះ​។ នៅក្នុង​ឆ្នាំ​២០១៨​នេះដែរ នៅក្នុង​ខេត្តស្វាយរៀង​មាន​ភូមិ​ចំនួន​២២​ភូមិ​ក្នុង ឃុំ​ចំនួន​៨ នៃ​ស្រុក​កំពង់​រោទ៍ និង​ស្រុក​រមាសហែក កំពុង​ប្រឈម​បញ្ហា​កង្វះ​ទឹក​សំរាប់​ធ្វើស្រែ​បង្កបង្កើន​ផលដំណាំ និង​នៅ​ប៉ុន្មាន​សប្តាហ៍​នេះដែរ ក៏​នៅមាន​ឃុំ​មួយចំនួនទៀត នៃ​ស្រុក​ស្វាយជ្រំ ក៏បាន​ប្រឈម​បញ្ហា​កង្វះខាត​ទឹក​បំប៉ន ស​ន្ទួ​ង ដែល​បាន​សាបព្រោះ​រួចហើយ​ផងដែរ​។

​ជុំវិញ​នៃ​ការជីក​ស្តារ​ប្រឡាយ​មេ​នាំ​ទឹក​មក​សង្គ្រោះ​ស្រូវ​នេះដែរ តំណាង​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ក្រោលគោ ក៏បាន​សំដែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ព្រមទាំង​ថ្នាក់ដឹកនាំ​ខេត្ត​និង​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ដែល​បាន​យកចិត្តទុកដាក់​ជាមួយ​ប្រជាកសិករ​ដែល​បាន​ជួប​នូវ​ទុក្ខលំបាក​ក្នុង​ការងារ​បង្កបង្កើន​ផល ហើយ​ជួប​នូវ​គ្រោះរាំងស្ងួត​ជាក់ស្តែង ដូច​នៅពេល​បច្ចុប្បន្ននេះ គឺមាន​ការដឹក​គ្រឿងចក្រ​មក​ស្តារ​ប្រឡាយ ដើម្បី​នាំ​ទឹក​មក​ដើម្បី​សង្គ្រោះ​ស្រែ​ស្រូវ​របស់​ប្រជាកសិករ​រាប់រយ រាប់ពាន់​ហិកតា​នៅតាម​បណ្តា​ស្រុក​មួយចំនួន​ក្នុង​ខេត្តស្វាយរៀង​។​

​លោក​ប្រធាន​មន្ទីរ​បានបញ្ជាក់​បន្ថែម​ថា គ្រោះធម្មជាតិ​រាំងស្ងួត បញ្ហា​កង្វះ​ទឹក​ប្រើប្រាស់​ក្នុងការ​បង្កបង្កើនផល​នៅ​ខេត្ត​បណ្តា​ភូមិ ឃុំ​និង​ស្រុក​មួយចំនួន​ក្នុង​ខេត្តស្វាយរៀង រហូតមកដល់ បច្ចុប្បន្ន នេះ​នៅ​ពុំ ទាន់​មាន​សភាព​ធ្ងន់ធ្ងរ​នៅឡើយ​ទេ ដោយសា​មាន​កង​អន្តរាគមន៍​របស់​មន្ទី​រ​បាន​បញ្ចុះ​គ្រឿងចក្រ ទៅ​ជីក​ស្តារ​ប្រឡាយ មេ​នាំ​ទឹក​ក្នុងភូមិ​សាស្ត្រ​គោលដៅ​រាំងស្ងួត​រួចរាល់​ហើយ​ផងដែរ ដើម្បី​កុំឱ្យ​ខូច​ខា​ច​ភោគផល​ដំណាំ​របស់​ប្រជាកសិករ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម