ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យ៖ ព្រះមន្ត្រីសង្ឃសាលាអនុគណ ក្រុងសិរីសោភ័ណ និងព្រះគ្រូចៅអធិការវត្ត ចំនួន ២១ វត្ត ប្រទានគ្រឿងឧបភោគបរិភោគ បរិក្ខារ​និងថវិកា ដល់រដ្ឋបាលក្រុង សម្រាប់ទុកយកទៅជួយដល់ គ្រួសារពលរដ្ឋ ជួបការលំបាក ក្រីក្រ។

ព្រះមន្ត្រីសង្ឃសាលាអនុគណក្រុងសិរីសោភ័ណ បានមានសង្ឃដិកា ឱ្យដឹងនៅល្ងាចថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ថា គ្រឿងឧបភោគបរិភោគ​និងថវិកា ដែលត្រូវនិមន្តប្រគេន ជូនដល់រដ្ឋបាលក្រុងសិរីសោភ័ណ នៅសាលាក្រុង នាពេលនេះ គឺដើម្បីចូលរួមចំណែក ការងារសង្គម និងជួយដល់ប្រជាពលរដ្ឋក្រីក្រ និងជួបការលំបាកផ្សេងៗ ។

ក្នុងនោះ មានពីសាលាអនុគណ និងវត្តចំនួន ២១ វត្ត នៃក្រុង មានថវិកាចំនួន ១.៧៣០.០០០ រៀល ,អង្ករទម្ងន់ ៧១០ គីឡូក្រាម ភេសជ្ជៈមាន ១២ កេស ទឹកបរិសុទ្ធ ចំនួន ១០ កេស និង ៥៧ យួរ , មី ២៤កេស ត្រីខ១០កេស , ទឹកត្រី ៣២យួរ និងទឹកស៊ីអ៊ីវ ២២យួរ។

លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បាននិយាយថា ណោយដ៏ថ្លៃថ្លារបស់ ព្រះមន្ត្រីសង្ឃ សាលាអនុគណក្រុងសិរីសោភ័ណ ព្រមទាំងមានព្រះគ្រូចៅអធិការ អាចារ្យ គណៈកម្មការទាំង ២១ វត្ត ក្នុងក្រុងសិរីសោភ័ណ ចូលរួមឧត្ថម្ភគ្រឿងឧបភោគបរិភោគ ថវិកា និងបរិក្ខារ​ប្រគល់ជូនដល់រដ្ឋបាលក្រុងសិរីសោភ័ណ​ពិតជាបានឆ្លើយតបការ អំពាវនាវរបស់ក្រុង និងបានរួមចំណែកការងារសង្គម មនុស្សធម៌ សម្រាប់យកទៅចែកជូន ជួយដល់ប្រជាពលរដ្ឋ ជួបការលំបាក និងមានជីវភាពខ្វះខាតក្នុងក្រុង ។

លោកបានថ្លែងអំណគុណព្រះគុណ អរគុណ ដល់មន្ត្រីមន្ត្រីសង្ឃ ចៅអធិការ ព្រះសង្ឃ ពុទ្ធបរិស័ទ និងសប្បុរសជន ជាម្ចាស់ទាន ដែលបានបរិច្ចាគអំណោយទាំងនេះ ។
ហើយលោកបានប្រគល់ជូនប័ណ្ណសរសើរ និងលិខិតថ្លែងអំណរគុណ ប្រគេនមន្ត្រីសង្ឃ ចៅអធិការ និងព្រះសង្ឃផងដែរ ៕ V / N