ដោយៈ សុក្ខារិន / ពោធិ៍សាត់ៈ លោក សរ សុវណ្ណ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញឱ្យអាជ្ញាធរ ពាកព័ន្ធ នៃខេត្តពោធិសាត់ ពន្លឿន ការចុះបញ្ជីដីធ្លី ដែលនៅសេសសល់ និងចេញប័ណ្ណ កម្មសិទ្ធិ ជូនប្រជាពលរដ្ឋ ឲ្យបាន ឆាប់រហ័ស ឈានទៅបញ្ចប់ នៅឆ្នាំ២០២៥ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ យុទ្ធសាស្ត្របញ្ចកោណរបស់ រាជរដ្ឋាភិបាល កម្ពុជា។
លោក សរ សុវណ្ណ បានណែនាំនិងជំរុញបែបនេះ នៅក្នុងពិធីសំណេះសំណាល ពិភាក្សា លើការងាររៀបចំចុះបញ្ជីដីធ្លី ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តពោធិ៍សាត់ នៅក្នុងសាលប្រជុំមន្ទីរ នៅថ្ងៃទី ១៨ វិច្ឆិកា ២០២៣ នេះ។
លោក សរ សុវណ្ណ បានលើកឡើងថា ការងារចុះបញ្ជីដីធ្លី គឺជាការផ្តល់នូវសិទ្ធិ សុវត្ថិភាព ផ្លូវច្បាប់ ក្នុងការកាន់កាប់ គ្រប់គ្រង បែងចែកអចលនទ្រព្យ ស្របច្បាប់ ដល់ប្រជាពលរដ្ឋ ដែលទាមទាឲ្យមន្ត្រីជំនាញ និងអង្គភាពពាក់ព័ន្ធ ត្រូវខិតខំប្រឹងប្រែងពន្លឿនការចុះបញ្ចីដីធ្លី និងចេញប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័ស ឈានទៅបញ្ចប់ នៅឆ្នាំ ២០២៥ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ យុទ្ធសាស្ត្របញ្ចកោណរបស់ រាជរដ្ឋាភិបាលកម្ពុជា។
លោក បានកត់សម្គាល់ឃើញថា នៅខេត្តពោធិ៍សាត់ នៅសល់ជាង ១០ ម៉ឺនក្បាលដី ត្រូវបង្ហើយ និងបិទបញ្ចប់ នៅឆ្នាំ២០២៥ រួចបន្តទៅបណ្តាខេត្តផ្សេងៗទៀត ជាពិសេស នៅខេត្តកំពង់ឆ្នាំង ដែលមានរហូតទៅដល់ ៦០ ម៉ឺនក្បាលដី មិនទាន់បានចុះបញ្ជី ។
លោកសូមឲ្យថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ ខិតខំអនុវត្តនូវតួនាទី ភារកិច្ច របស់ខ្លួន ក្នុងការបម្រើសេវាសាធារណៈ ប្រកបដោយតម្លាភាព បង្កើនជំនឿទុកចិត្ត ពីសំណាក់ប្រជាពលរដ្ឋ និងលើកកម្ពស់កិត្យានុភាពជាតិកម្ពុជា។ នៅពេលខាងមុខនេះ ក្រសួង នឹងធ្វើការបណ្តុះបណ្តាលធនធានមនុស្ស ១៥០ នាក់ នៅដើមខែធ្នូ ឆ្នាំ២០២៣ រួចចុះអនុវត្ត នៅតាមភូមិ ឃុំ ស្រុក ខេត្ត គោលដៅ នាថ្ងៃទី ១០ ខែធ្នូ ក្នុងនោះ ក៏មានខេត្តពោធិ៍សាត់ផងដែរ គោលបំណងពន្លឿនការចុះបញ្ជីដីធ្លី ដែលនៅសេសសល់ និងឈានទៅបិទបញ្ចប់ ក្នុងឆ្នាំ២០២៥។
ដៅយឡែក លោក ឱន សទ្ធា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តពោធិ៍សាត់បានជម្រាបជូនអំពីលទ្ធផល នៃការចុះបញ្ជីដីធ្លី គិតត្រឹមដំណាច់ខែតុលា ឆ្នាំ២០២៣ គឺបានវាស់វែង និងបញ្ចូលទិន្នន័យ បានចំនួន ៣១២.៥២៥ ក្បាលដី ប្រកាសបិទផ្សាយរួចចំនួន ៣០៧ ភូមិ មានចំនួន ២៦៧.៤៨៩ ក្បាលដី ចេញប័ណ្ណកម្មសិទ្ធិរួច ២៥៥.៨៨១ មិនទាន់ចេញប័ណ្ណចំនួន ១១.៦០៨ ប័ណ្ណចែករួចចំនួន ១៨៣.៦៩៥ និងប័ណ្ណនៅសល់ចំនួន ៣២.៤៤៣ ។
លោក ឱន សទ្ធា បានបញ្ជាក់ថា ក្នុងខែតុលា ជម្រះការកកស្ទះ ចំនួន ៦.២០៨ ក្បាលដី ខែវិច្ឆិកា ចំនួន ១០.៨៥២ ក្បាលដី ខែធ្នូជាង ៣ ម៉ឺនក្បាលដី និងផែនការបង្ហើយជាង ១០ ម៉ឺនក្បាលដី តាមរយៈនេះក្នុងនាមប្រធានមន្ទីរ ក៏បានស្នើសុំបង្កើតឲ្យបាន ៦ ក្រុម ក្នុងមួយក្រុម ២៥ នាក់ ក្នុងនោះ បន្ថែមនិស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្ម ចំនួន ៣០ នាក់ ៕ V / N