ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ ពិធីបាញ់កាំជ្រួច អបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនង ការទូតកម្ពុជា-ជប៉ុន រៀបចំដោយសមាគមជប៉ុន-កម្ពុជា ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងលោកស្រី , លោក អ៊ូអិណូ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI FUMIAKI) ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីរាត្រី ថ្ងៃអាទិត្យទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅមុខបរមរាជវាំង។
ក្នុងពិធីនោះ លោក ឃួង ស្រេង បានបញ្ជាក់ថា តាមរយៈព្រឹត្តិការបាញ់កាំជ្រួចនេះ ពិតជាបានចូលរួមចំណែកបន្ថែមទៀត ក្នុងការពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការ ក្នុងភាពជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ “កម្ពុជា-ជប៉ុន” ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយផ្លែផ្កា។ កម្ពុជា និងជប៉ុន បានភ្ជាប់ទំនាក់ទំនងការទូតទ្វេភាគី រវាងគ្នា ចាប់តាំងពីថ្ងៃទី ៩ ខែមករា ឆ្នាំ១៩៥៣ ។
ផ្តើមចេញពីទំនាក់ទំនងការទូត រយៈពេល ៧០ ឆ្នាំ កន្លងទៅនេះ កិច្ចសហប្រតិបត្តិការ ទ្វេភាគី រវាងប្រទេសទាំងពីរ និងទីក្រុងសម្ព័ន្ធមេត្រី កាន់តែមានភាពស៊ីជម្រៅ ស្អិតរមួត លើគ្រប់វិស័យ ចាប់តាំងពីកម្រិត កិច្ចសហប្រតិបត្តិការទ្វេភាគី រហូតដំឡើងដល់កម្រិត ទំនាក់ទំនង ទៅជា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងឆ្នាំ២០២៣ បន្ទាប់ពី ជំនួបកំពូលទ្វេភាគីរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោក គីស៊ីដា ហ្វីមីអូ នាយករដ្ឋមន្តី នៃប្រទេសជប៉ុន កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។
លោកអភិបាលរាជធានី បានបន្តថា នៅមូលដ្ឋានរាជធានីភ្នំពេញ មិត្តជប៉ុន បានផ្តល់នូវ ជំនួយអភិវឌ្ឍន៍ផ្លូវការ លើគម្រោងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើន ដែលមាន ដូចជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ជំហានទី១ រហូតដល់ ជំហានទី៤, គម្រោងសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក, គម្រោងធ្វើឱ្យប្រសើរ ឡើងនូវ សមត្ថភាពពន្លត់អគ្គិភ័យ តាមរយៈការផ្ដល់រថយន្ត ពន្លត់អគ្គិភ័យប្រើប្រាស់រួច, គម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងចរាចរណ៍, គម្រោងជំនួយក្នុងវិស័យអប់រំ និងវិស័យសុខា ភិបាល ជាដើម។
បន្ថែមលើនេះ ក្នុងវិស័យឯកជន ទំហំពាណិជ្ជកម្មកម្ពុជា- ជប៉ុនក៏មានការកើនឡើងជាបន្ត បន្ទាប់ ក្នុងនោះ នៅរាជធានីភ្នំពេញ ក្រុមហ៊ុន ស៊ីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី ដែល ជាក្រុមហ៊ុនរបស់វិនិយោគិនជប៉ុន បានបណ្ដាក់ទុនវិនិយោគ ក្នុងទំហំទឹកប្រាក់ដ៏ច្រើន សន្ធឹកសន្ធាប់ លើគម្រោងអភិវឌ្ឍផ្សារទំនើប ចាប់តាំងពីគម្រោងទី១ រហូតដល់គម្រោង ទី៣ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ ខ្មែរគ្រប់មជ្ឈដ្ឋាន។
លោក ឃួង ស្រេង បានអះអាងទៀតថា សម្រាប់ការរៀបចំ កម្មវិធីបាញ់កាំជ្រួច អបអរសាទរខូបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន នាឱកាសនេះ គឺមិនត្រឹមតែធ្វើឡើង ដើម្បីអបអរសាទរខូបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត និងខូបលើកទី១០ នៃភាពជាដៃគូយុទ្ធសាស្ត្ររវាង “កម្ពុជា-ជប៉ុន ប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំងជាកាលានុវត្តភាពថ្មីមួយទៀត សម្រាប់ការស្វែងយល់ ឱ្យបានកាន់តែស៊ីជម្រៅ និងជាការតភ្ជាប់រវាងប្រជាជន និងប្រជាជន ដើម្បីឈានទៅពង្រឹងកិច្ចសហប្រតិបត្តិការ មិត្តភាព និងសាមគ្គីភាព សម្រាប់ជាគុណប្រយោជន៍ នៃប្រជាជាតិយើងទាំងពីរ ក្នុងស្មារតីផ្តល់ការឧបត្ថម្ភគាំទ្រ និងការជួយគ្នាទៅ វិញទៅមកលើគ្រប់វិស័យ។
ក្នុងឱកាសនោះដែរ លោក អ៊ូអិណូ អាត់ស៊ូស៊ី UENO At sushi បានបញ្ជាក់ថា ថ្ងៃនេះ ជាខួបលើកទី៧០ នៃទំនាក់ទំនងការទូត កម្ពុជា-ជប៉ុន។ កម្មវិធីនេះធ្វើឡើង ដើម្បីរំលឹកពីខួប មិនត្រឹមតែជាទំនាក់ទំនង រវាងរដ្ឋាភិបាល និងរដ្ឋាភិបាលប៉ុណ្ណោះទេ តែក៏ជាទំនាក់ទំនង រវាងក្រុមហ៊ុនឯកជន និងអង្គការនានារបស់ជប៉ុន ឱ្យកាន់តែរឹងមាំថែមទៀត។
លោក បានបន្តថា ថ្ងៃនេះ ពិតជាបង្ហាញឱ្យឃើញកាន់តែច្បាស់ ពីភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ រវាង”កម្ពុជា-ជប៉ុន សូមឱ្យទំនាក់ទំនងនេះ កាន់តែរឹងមាំថែមទៀត៕/V/r