ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា កូរ៉េខាងជើងកាលពីថ្ងៃចន្ទទី២០វិច្ឆិកាបានថ្កោលទោសលទ្ធភាពលក់អាវុធទំនើបៗរបស់អាម៉េរិកឱ្យទៅជប៉ុននិងកូរ៉េខាងត្បូង ដោយហៅវាថាជាទង្វើដ៏គ្រោះថ្នាក់ ដែលបង្កើនភាពតានតឹងនៅក្នុងតំបន់និងនាំមកនូវការប្រណាំងប្រជែងសព្វាវុធថ្មី។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលផ្សាយដោយទីភ្នាក់ងារសារព័ត៌មានKCNA ក្រសួងការពារជាតិកូរ៉េខាងជើងបាននិយាយថា រដ្ឋាភិបាលក្រុងព្យុងយ៉ាងនឹងបង្កើនវិធានការ ដើម្បីបង្កើតការរារាំងនឹងសង្គ្រាម ដើម្បីឆ្លើយតបទៅនឹងអស្ថិរភាពនៅក្នុងតំបន់ ដែលខ្លួននិយាយថាបណ្តាលមកពីសហរដ្ឋអាម៉េរិកនិងសម្ពន្ធមិត្តរបស់ខ្លួន។
ជប៉ុនគ្រោងនឹងទិញមីស៊ីលបណ្តែតTomahawk ចំនួន៤០០ដើមពីសហរដ្ឋអាម៉េរិក ជាផ្នែកមួយនៃការកសាងយោធាដ៏ធំបំផុតរបស់ខ្លួនចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។ មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃសុក្រថា ក្រសួងការបរទេសអាម៉េរិកបានអនុម័តការលក់នៅក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ ២,៣៥ ពាន់លានដុល្លារ។
ថ្មីៗនេះ សហរដ្ឋអាម៉េរិកក៏បានប្រកាសពីការយល់ព្រមលើការលក់មីស៊ីល Sidewinder និងមីស៊ីល Standard Missile 6 Block I ទៅកូរ៉េខាងត្បូងផងដែរ។
សេចក្តីថ្លែងការណ៍របស់កូរ៉េខាងជើងបាននិយាយថា “យើងព្រមានថា ការដែលអាម៉េរិកចំណេញកាន់តែច្រើនពីការលក់អាវុធដោយមិនរើសមុខ ពួកគេច្បាស់ជាត្រូវបង់តម្លៃកាន់តែច្រើនសម្រាប់វិបត្តិសន្តិសុខ។”
រដ្ឋាភិបាលក្រុងព្យុងយ៉ាងបាននិងកំពុងរិះគន់អ្វីដែលខ្លួនហៅថា “ការគំរាមកំហែងផ្នែកយោធា” ពីសហរដ្ឋអាម៉េរិកនិងសម្ពន្ធមិត្ត ដោយនិយាយថាខ្លួននឹងបង្ហាញពី “សមត្ថភាពវាយលុកដ៏លើសលប់” ក្នុងការឆ្លើយតប។
កាលពីថ្ងៃពុធ កូរ៉េខាងជើងបាននិយាយថា ខ្លួនបានធ្វើតេស្តិ៍ដោយជោគជ័យនូវ “ម៉ាស៊ីនឥន្ធនៈរឹងប្រភេទថ្មី” សម្រាប់មីស៊ីលផ្លោងរយៈចម្ងាយមធ្យម (IRBMs) ដែលខ្លួននិយាយថាមានសារៈសំខាន់សម្រាប់ការពង្រឹងសមត្ថភាពវាយលុកជាយុទ្ធសាស្ត្ររបស់យោធាខ្លួន៕
ថ្មីៗនេះកូរ៉េខាងជើងបានធ្វើតេស្តិ៍ដោយជោគជ័យនូវ “ម៉ាស៊ីនឥន្ធនៈរឹងប្រភេទថ្មី” សម្រាប់មីស៊ីលផ្លោងរយៈចម្ងាយមធ្យម