លោក​អឺ​ដូ​ហ្គែ​ន​ប្រាប់​ប្រជាជន​តួ​ក​គី​ឱ្យ​ទិញ​លុយ​លី​រ៉ា​ដែល​កំពុង​ធ្លាក់​ថ្លៃ ខណៈ​ដូ​ណា​ល់ ត្រាំ កំពុង​ដាក់​សម្ពាធ​ខ្លាំង​លើ​តួ​ក​គី​

1009
ចែករម្លែក

​ប្រធានាធិបតី​តួ​ក​គី​លោក ថា​យ​យី​ប អឺ​ដូ​ហ្គែ​ន បាន​ប្រាប់​ប្រជាជន​តួ​ក​គី​កាលពី​ថ្ងៃ​សុក្រ​ទី​១០​សីហា​ឱ្យ​លក់​មាស​និង​ប្រាក់​ដុល្លារ​របស់​ពួកគេ​ដើម្បី​គាំទ្រ​ដល់​លុយ​លី​រ៉ា​ដែល​កំពុង​ធ្លាក់​ថ្លៃ​យ៉ាងខ្លាំង ខណៈដែល​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ពង្រីក​ជម្លោះ​ជាមួយ​តួ​ក​គី​ដែលជា​សមាជិក​ណា​តូ តាមរយៈ​ការបង្កើន​ពន្ធ​ទ្វេដង​លើ​ការ​នាំចូល​លោហៈធាតុ​។​

​លុយ​លី​រ៉ា​បាន​ធ្លាក់​ថ្លៃ​ខ្លាំង​ដោយសារ​ការព្រួយបារម្ភ​ពី​ឥទ្ធិពល​របស់លោក​អឺ​ដូ​ហ្គែ​ន​ទៅលើ​គោលនយោបាយ​រូបិយវត្ថុ​និង​ទំនាក់ទំនង​កាន់តែ​អាក្រក់​ជាមួយ​សហរដ្ឋអាមេរិក​។ ប្រាក់​លី​រ៉ា​បាន​ធ្លាក់ចុះ​មួយ​ទំហឹង​កាលពី​ថ្ងៃ​សុក្រ​។ លុយ​លី​រ៉ា​បាន​ធ្លាក់ចុះ ១៨​ភាគរយ​តែ​ក្នុង​ថ្ងៃ​សុក្រ​មួយ​ប៉ុណ្ណោះ ដែលជា​ការធ្លាក់ចុះ​ធំ​បំផុត​តែ​ក្នុង​មួយថ្ងៃ គិត​ចាប់តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ ២០០១ នៅក្នុង​ប្រទេស​តួ​ក​គី​។​

​ឥទ្ធិពល​នេះ​បាន​រីក​រាលដាល​ដល់ទី​ផ្សារ​សកល ជាមួយ​ទីផ្សារ​ភាគហ៊ុន​អឺរ៉ុប​បាន​រង​ផលប៉ះពាល់​ជាពិសេស ខណៈដែល​ពួក​អ្នកវិនិយោគ​ព្រួយបារម្ភ​អំពី​ធនាគារ​នានា​ដែល​ពាក់ព័ន្ធ​ជាមួយ​តួ​ក​គី​។ ផ្សារ​ហ៊ុន​អាមេរិក​ក៏​អង្រួន​ផងដែរ​។​

​លុយ​លី​រ៉ា (Lira) បាន​ធ្លាក់​ថ្លៃ​ជាង ៤០ ភាគរយ​នៅ​ឆ្នាំនេះ​។ លុយ​លី​រ៉ា​បាន​ធ្លាក់​ថ្លៃ​ដល់​កម្រិត​ទាប​ថ្មី​មួយ បន្ទាប់ពី​លោក​ត្រាំ​បានប្រកាសថា​លោក​នឹង​ដាក់ទោស​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​នៅក្នុង​ជម្លោះ​ដ៏​ធំធេង​។ លោក​បាន​និយាយថា លោក​បានអនុញ្ញាត​ឱ្យ​វាយ​ពន្ធ​នាំចូល​ដ៏​ខ្ពស់​លើ​ទំនិញ​មកពី​តួ​ក​គី ដោយ​វាយ​ពន្ធ ២០​ភាគរយ​លើ​អាលុយមីញ៉ូម និង ៥០ ភាគរយ​លើ​ដែក​។​

​លោក​ត្រាំ​បាន​និយាយ​លើ​ធ្វី​ត​ធឺ​ថា “​លុយ​លី​រ៉ា​បាន​ធ្លាក់​ថ្លៃ​យ៉ាង​លឿន​ធៀប​នឹង​លុយ​ដុល្លារ​ដ៏​ខ្លាំងក្លា​របស់​យើង​! ទំនាក់ទំនង​របស់​យើង​ជាមួយ​តួ​ក​គី​មិនល្អ​ទេ នៅពេលនេះ​!”​។​

​ជាទី​ផ្សារ​កំពុង​រីកចម្រើន​ដ៏​សំខាន់​មួយ ប្រទេស​តួ​ក​គី​មាន​ព្រំដែន​ជាប់​អ៊ីរ៉ង់ អ៊ីរ៉ាក់ និង​ស៊ី​រី ហើយ​បាន​គាំទ្រ​ប្រទេស​លោកខាងលិច​រាប់​ទស​វត្សរ៍​មកហើយ​។ ភាពចលាចល​ខាង​ហិរញ្ញវត្ថុ​នៅ​ទីនោះ​អាច​នឹង​បង្កឱ្យមាន​អស្ថិរភាព​ដល់​តំបន់​ដែល​ងាយ​នឹង​ប្រែប្រួល​រួចជាស្រេច​ទៅហើយ​នេះ​។​

​ដោយ​មិន​និយាយ​ចំឈ្មោះ​ប្រទេស លោក​អឺ​ដូ​ហ្គែ​ន​បាន​និយាយថា ពួក​អ្នកគាំទ្រ​រដ្ឋប្រហារ​យោធា​បរាជ័យ​កាលពី ២ ឆ្នាំមុន ដែល​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា និយាយថា​ត្រូវបាន​រៀបចំ​ដោយ​បុព្វ​ជិត​មូស្លីម​នៅ​សហរដ្ឋអាមេរិក​នោះ កំពុង​វាយប្រហារ​លើ​តួ​ក​គី​តាមរបៀប​ថ្មី ចាប់តាំងពី​លោក​បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ម្តងទៀត​កាលពី​២​ខែ​មុន​។​

​ពន្ធ​ថ្មី​វាយ​មកលើ​តួ​ក​គី​គឺ​ច្រើនជាង​ទ្វេដង​នៃ​កម្រិត​ពន្ធ​ដែល​ត្រាំ​បានដាក់​ចេញ​កាលពី​ខែមីនា​លើ​ការ​នាំចូល​ដែក​និង​អាលុយមីញ៉ូម​ពី​ប្រទេស​ជាច្រើន​។ សេត​វិមាន​បាន​និយាយថា លោក​ត្រាំ​បានអនុញ្ញាត​ឱ្យ​វាយ​ពន្ធ ស្របតាម​ច្បាប់ពាណិជ្ជកម្ម​អាមេរិក ដែល​អនុញ្ញាតឱ្យ​វាយ​ពន្ធ​ផ្អែកលើ​មូលដ្ឋាន​សន្តិសុខ​ជាតិ​។​

​ក្រសួងពាណិជ្ជកម្ម​តួ​ក​គី​បាន​និយាយថា ពន្ធគយ​នេះ​គឺជា​ការ​ប្រឆាំងនឹង​ច្បាប់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​៕ ដោយ៖ កញ្ញាដាលីស

ប្រធានាធិបតី​តួ​ក​គី​លោក ថា​យ​យី​ប អឺ​ដូ​ហ្គែ​ន អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទិញ​លុយ​លី​រ៉ា

ទីតាំងផ្សាយពាណិជ្ជកម្ម