ដោយៈ ភ្នំសន្ទុក / កំពង់ធំ៖ លោក ចាន់ តារា អភិបាលរង ខេត្តកំពង់ធំ បានថ្លែងថា ការធ្វើផែនការវិនិយោគ គឺត្រូវតែឱ្យ សមស្រប និងបន្ស៊ីគ្នារវាងគម្រោងកម្មវិធីវិនិយោគស្រុក ជាមួយនឹងគម្រោងកម្មវិធីវិនិយោគឃុំ និងពង្រឹងកិច្ចសហការ រវាងរដ្ឋបាលស្រុក ជាមួយរដ្ឋបាលឃុំ រាល់ភាគីពាក់ព័ន្ធនានា ក៏ដូចជាការកៀរគរមូលធន ធាតុចូល សម្រាប់គាំទ្រ គម្រោងវិនិយោគនានា ដែលលើកឡើង ដោយរដ្ឋបាលស្រុក និងឃុំ ។ ជាពិសេស គឺជាការបញ្ចូលគ្នានូវគម្រោងនានា ដែលលើកឡើងដោយរដ្ឋបាលឃុំ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍនានា និងភាគទីពាក់ព័ន្ធ ទៅនឹងកម្មវិធីវិនិយោគរបស់រដ្ឋបាលស្រុក ក៏ដូចជាការឆ្លើយតបជាមួយនឹងយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ។
លោក ចាន់ តារា បានថ្លែងដូច្នេះ នៅក្នុងសិក្ខាសាលាស្ដីពីសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៤- ២០២៦ របស់រដ្ឋបាលស្រុកស្ទោង នៅព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលាស្រុកស្ទោង ខេត្តកំពង់ធំ។
លោក ចាន់ តារា បានបញ្ជាក់ទៀតថា វិស័យឯកជន សប្បុរសជន និងវិស័យពុទ្ធចក្រ ក៏ជាដៃគូអភិវឌ្ឍដ៏សំខាន់ និងមិនអាចកាត់ផ្ដាច់ បាន ជាមួយនឹងរដ្ឋបាលឃុំ ក៏ដូចជា រដ្ឋបាលស្រុក ក្នុងកិច្ចសហ ការអភិវឌ្ឍ នូវហេដ្ឋារចនាសម្ព័ន្ធនានា យ៉ាងច្រើនស្អេកស្កះ ដែលយើង បានឃើញជាក់ស្ដែង សូមបន្តជួយអភិវឌ្ឍ សហការ បន្តកិច្ចការនេះ ឱ្យបានជានិរន្តរ៍៕ V / N