ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ឆ្មាំសមុទ្រជប៉ុនបាននិយាយកាលពីថ្ងៃអង្គារទី២១វិច្ឆិកាថា កូរ៉េខាងជើងបានជូនដំណឹងដល់ជប៉ុនថា ខ្លួនគ្រោងនឹងបាញ់បង្ហោះរ៉ុក្កែតដឹកផ្កាយរណបនៅចន្លោះថ្ងៃទី ២២ ខែវិច្ឆិកាដល់ថ្ងៃទី ១ ខែធ្នូ ក្នុងទិសដៅទៅកាន់សមុទ្រលឿងនិងសមុទ្រចិនខាងកើត។
ប្រសិនបើអនុវត្ត វាទំនងជាការប៉ុនប៉ងលើកទីបីរបស់រដ្ឋប្រដាប់អាវុធនុយក្លេអ៊ែរនេះដើម្បីដាក់ផ្កាយរណបចារកម្មទៅក្នុងគន្លងតារាវិថីក្នុងឆ្នាំនេះ។
សេចក្តីជូនដំណឹងនេះបានជំរុញឱ្យមានការថ្កោលទោសភ្លាមៗពីនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វ៊ូមីអូ គីស៊ីដា ដែលនិយាយថា ប្រព័ន្ធការពាររបស់ប្រទេសរបស់គាត់ រួមទាំងនាវាពិឃាដ Aegis និងមីស៊ីលការពារដែនអាកាស PAC-3 បានត្រៀមខ្លួនរួចជាស្រេចក្នុងករណីដែលមាន “ស្ថានភាពមិននឹកស្មានដល់” កើតឡើង។
លោកគីស៊ីដាបានប្រាប់អ្នកយកព័ត៌មានថា “ទោះបីជាគោលបំណងគឺបាញ់បង្ហោះផ្កាយរណបក៏ដោយ ក៏ប៉ុន្តែការប្រើប្រាស់បច្ចេកវិជ្ជាមីស៊ីលផ្លោងគឺជាការរំលោភលើសេចក្តីសម្រេចចិត្តជាបន្តបន្ទាប់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ” ។
“វាក៏ជាបញ្ហាដែលប៉ះពាល់ខ្លាំងដល់សន្តិសុខជាតិផងដែរ។”
លោកគីស៊ីដាបាននិយាយថា ជប៉ុននឹងធ្វើការជាមួយសហរដ្ឋអាម៉េរិក កូរ៉េខាងត្បូង និងប្រទេសដទៃទៀតដើម្បី “ជំរុញយ៉ាងខ្លាំង” ឱ្យកូរ៉េខាងជើងកុំបន្តការបាញ់បង្ហោះនេះ។
កូរ៉េខាងជើងបានព្យាយាមបាញ់បង្ហោះនូវអ្វីដែលខ្លួនហៅថាផ្កាយរណបចារកម្មចំនួនពីរដងមកហើយកាលពីដើមឆ្នាំនេះ ប៉ុន្តែមិនបានសម្រេច ហើយមន្ត្រីកូរ៉េខាងត្បូងបាននិយាយនៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះថា កូរ៉េខាងជើងហាក់កំពុងព្យាយាមម្តងទៀតក្នុងពេលឆាប់ៗនេះ៕
កូរ៉េខាងជើងបានព្យាយាមបាញ់បង្ហោះនូវអ្វីដែលខ្លួនហៅថាផ្កាយរណបចារកម្មចំនួនពីរដងមកហើយកាលពីដើមឆ្នាំនេះ