​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​ជម្លោះការទូត​រវាង​ចិន​និង​កាណាដា​នៅបន្ត​ទៅ​មុខ​កាលពី​ថ្ងៃ​ចន្ទ​ទី​២០​វិច្ឆិកា​ក្រោយ​បុរស​កាណាដា​ម្នាក់​ក្នុងចំណោម​ជនជាតិ​កាណាដា​ពីរ​នាក់​ដែល​បានជាប់គុក​ក្នុង​ប្រទេស​ចិន​អស់​បី​ឆ្នាំ​​បាន​អះអាងថា ខ្លួន​ត្រូវបាន​គេ​ប្រើ​អោយ​ប្រមូល​ព័ត៌មាន​នៅ​ចិន និង​កំពុង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​រដ្ឋាភិបាល​ទីក្រុង​អូ​តា​វ៉ា​។​

​ការចាប់​ឃុំខ្លួន​នៅ​ឆ្នាំ​២០១៨​និង​២០២១​លើ​បុរស​កាណាដា មី​កែ​ល ស្ពេ​វឺ​(Michael Spavor)​និងលោក មី​កែ​ល កូវ​រីក​(Michael Kovrig)​បានធ្វើអោយ​ទំនាក់ទំនង​ទ្វេភាគីរវាងចិននិងកាណាដា​ធ្លាក់ចុះ​ជាខ្លាំង​។​

​លោកស្ពេ​វឺ ឥឡូវ​បន្ទោស កូវ​រីក ចំពោះ​ការជាប់គុក​របស់គេ ដោយសារតែ​ការ​ផ្តល់​ព័ត៌មាន​អំពី​កូរ៉េខាងជើង ដោយ​មិនដឹងថា​វា​ត្រូវ​បាន​ចែ​ល​រំលែក​ទៅអោយ​កាណាដា​និង​ដៃគូ​ចារកម្ម​របស់​រដ្ឋាភិបាល​ទី​ក្រុង​អូ​តា​វ៉ា ។​បុរស​នេះ​កំពុង​ទាមទារ​សំណង​ជំងឺ​ចិត្ត​រាប់លាន​ដុល្លារ​ពី​រដ្ឋាភិបាល​ទីក្រុង​អូ​តា​វ៉ា នេះ​បើ​តាម​ការផ្សាយ​របស់​សារព័ត៌មាន Globe and Mail ។​

​ទោះជា​យ៉ាងណា កូវ​រីក​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ថា «​ការចោទប្រកាន់​មិនមាន​មូលដ្ឋាន​ការពិត​»​ទេ​។​

​មេធាវី​របស់​ស្ពេ​វឺ បាន​បដិសេធ​មិន​និយាយ​នៅពេល​ក្រសួងការបរទេស​កាណាដាបាន​និយាយ​យោង​ដល់​សម្តី​របស់​នាយករដ្ឋមន្ត្រី​កាណាដា​លោក ចា​ស្ទីន ទ្រូ​ដូ​កាលពី​ឆ្នាំ​២០២១​ដែល​បាន​ហៅ​ការចោទប្រកាន់​ពី​បទ​ចារ​កម្មនេះ​ថា​«​មិនមាន​មូលដ្ឋាន​ការពិត​»​។​

​ទោះជា​យ៉ាងណា ស្ថានទូត​ចិន​ប្រចាំ​ទីក្រុង​អូ​តា​វ៉ា បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ការអះអាង​របស់​ស្ពេ​វឺ «​បង្ហាញ​ការ​លាក់ពុត​របស់​កាណាដា​ទាំងស្រុង​»​។​

​វា​បាន​និយាយថា​« ការខិតខំ​និយាយ​បំប៉ោង​របស់​កាណាដា​អំពី​អ្វី​ដែល​ហៅថា “​ការចាប់​ឃុំខ្លួន​តាម​អំ​ពើ​ចិត្ត​”​ដោយ​អាជ្ញាធរ​ចិន គឺ​ពិតជា​ចោរ​ស្រែក​អោយ​ចាប់ចោរ​មែន​»​។​

​ក្នុងអំឡុងពេល​ត្រូវ​ឃុំខ្លួន​អ្នក​ទាំង​ពីរ រដ្ឋាភិបាល​ទីក្រុង​អូ​តា​វ៉ា​បាន​ច្រាន​ចោល​ការចោទប្រកាន់​ចារកម្ម​ប្រឆាំង​ពួកគេ និង​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ថា​ចាប់​ឃុំខ្លួន​មនុស្ស​តាម​អំពើ​ចិត្តដើម្បី​ជា​ការ​សងសឹក​ការ​ដែល​កាណាដា​ចាប់​ខ្លួន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​Huawei លោកស្រី ម៉េង វ៉ាន់ចូ​វ​(Meng Wanzhou)​តាម​ដីកា​របស់​អាម៉េរិក​។​

​អ្នក​ទាំង​បី​ត្រូវ​បាន​ដោះលែង​កាលពី​ខែ​កញ្ញា​ ​ឆ្នាំ​២០២១​។​

​កាលពី​ថ្ងៃ​ចន្ទ​រដ្ឋាភិបាល​ទីក្រុង​អូ​តា​វ៉ា​នៅតែ​អះអាង​អំពី​ភាព​គ្មាន​ទោស​របស់​បុរស​កាណាដា​ទាំងពីរ និង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​« ការបន្ត​ការ​គិតថា មី​កែ​ល​ជាប់​ពាក់ព័ន្ធ​នឹង​ការធ្វើ​ចារកម្ម គឺ​គ្រាន់តែ​ជា​បន្ត​រឿង​និទាន​មិន​ពិត​មួយ»​។​

​បញ្ជាក់ថា ស្ពេ​វឺ បានរស់នៅ​ចិន​ជិត​ព្រំដែន​កូរ៉េខាងជើង និង​បាន​ស្ថិតក្នុង​ចំណោម​ជន​លោកខាងលិច​តិចតួច​បំផុត​ដែល​បាន​ជួប​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន​។​គាត់​បើក​ក្រុមហ៊ុន​ទេសចរណ៍​មួយ ដោយ​បាន​ជួយ​រៀបចំ​ដំណើរ​ទស្សនកិច្ច​មួយ​ចំនួន រួម​មាន​ដំណើរ​របស់​តារា​បាល់បោះ ដេននី​ស រ៉ូដ​មែន​(Dennis Rodman )​ទៅកាន់​ប្រទេស​ឯកោ​នេះ​ផង។​

​ចំណែក កូវ​រីក បាន​ធ្វើ​ជា​អ្នកការទូត​នៅ​ក្រុង​ប៉េកាំង​ចាប់ពី​ឆ្នាំ​២០១២ ដល់​២០១៤ ហើយ​មាន​ភារកិច្ច​ប្រមូល​ព័ត៌មាន​ស្តីពី​សន្តិសុខ​និង​ស្ថិរភា​ពនៅ​ចិន​។​លោក​បាន​ចាកចេញ​ពីការងារទូត​និង​បាន​កំពុងធ្វើការ​នៅ​អង្គការ​ហុងកុង​មួយ​ពេល​ត្រូវបាន​ចាប់ខ្លួន​នៅ​ចិន​៕

​មី​កែ​ល កូវ​រីក​(​កណ្តាល​)​និង​មី​កែ​ល ស្ពេ​វឺ បង្ហាញ​ខ្លួន​ក្នុង​សភា​កាណាដា​កាលពី​ខែ​មីនា​ឆ្នាំ​២០២៣