​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី​អាម៉េរិក​លោក ចូ បៃ​ដិន បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា លោក​ជឿថា​កិច្ចព្រមព្រៀង​ដោះលែង​ចំណាប់ខ្មាំង​នៅ​តំបន់​ហ្កា​ហ្សា​គឺ​ជិត​មក​ដល់​ហើយ ខណៈ​ក្តីសង្ឃឹម​បាន​កើនឡើង​សម្រាប់​កិច្ច​ព្រមព្រៀង​ដែល​សម្របសម្រួល​ដោយ​កាតា​ដើម្បី​ដោះលែង​អ្នក​ជាប់​ឃុំ​មួយចំនួន​ជា​ថ្នូរ​នឹង​ការផ្អាក​ការប្រយុទ្ធ​។​

​នៅពេល​គេ​សួរថា​តើ​កិច្ចព្រមព្រៀង​ដោះលែង​ចំណាប់ខ្មាំង​ជិត​មក​ដល់​ហើយ​ឬ​នៅ លោកបៃ​ដិន ដែល​កំពុង​ចូលរួម​ក្នុង​ពិធី​លើកលែងទោស​ដល់​មាន់ទោ សម្រាប់​ពិធីបុណ្យ​ស៊ែ​ង​ហ្គី​វ​វី​ង (Thanksgiving) នៅ​សេត​វិមាន បាន​និយាយថា “​ខ្ញុំ​ជឿ​ដូច្នេះ​”​។​

​បន្ទាប់មក លោកបៃ​ដិនបាន​លើក​ម្រាមដៃ​ខ្វែង​ដើម្បី​ជា​សញ្ញា​ថា គាត់​សង្ឃឹមថា​នឹង​មាន​សំណាង​ល្អ​។​

​នាយករដ្ឋមន្ត្រី​កាតា​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា កិច្ចព្រមព្រៀង​មួយ​ដើម្បី​ដោះ​លែង​ចំណាប់ខ្មាំង​ចំនួន ២៤០ នាក់ ដែល​ក្រុម​ហា​ម៉ាស​បាន​ចាប់​ក្នុង​ការវាយប្រហារ​កាល​ពី​ថ្ងៃទី ៧ ខែតុលា​លើ​អ៊ីស្រាអែល​ជា​ថ្នូរ​នឹង​បទ​ឈប់​បាញ់​បណ្តោះអាសន្ន ឥឡូវ​នេះ​គឺ​ពឹង​លើ​បញ្ហា​អនុវត្ត​ជាក់ស្តែង “​តូចតាច​” ប៉ុណ្ណោះ​។​

​សេត​វិមាន​បាន​និយាយថា ការចរចា​គឺ​ស្ថិត​ក្នុង​ដំណាក់កាល “​ចុងបញ្ចប់​ហើយ​” ប៉ុន្តែ​បដិសេធ​មិន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែ​ម​ទៀត​ទេ ដោយ​និយាយថា​វា​អាច​ប៉ះពាល់​ដល់​លទ្ធផល​ជោគជ័យ​។​

​អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ លោក ច​ន ឃឺ​ប៊ី (John Kirby) បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “​យើង​ជឿ​ថា យើង​ជិត​សម្រេច​ជោគជ័យ​ជាង​អ្វីដែល​យើង​បាន​រំពឹង ដូច្នេះ​យើង​មានសង្ឃឹម​។​”

“​ប៉ុន្តែ​នៅតែ​មាន​ការងារ​ត្រូវធ្វើ​ទៀត​។ ហើយ​គ្មានអ្វី​ត្រូវបាន​ធ្វើ​បាន​នៅឡើយ​ទេ​រហូត​ដល់​វា​រួចរាល់​អស់​សិន​។ ដូច្នេះ​យើង​នឹង​បន្ត​ធ្វើកា​រលើ​រឿងនេះ​។​”

​លោក​កឺប៊ី​បាន​បន្ថែមថា ការរៀបចំ​នានា​នៅ​កំពុង​ធ្វើ​ឡើង​នៅ​គ្រប់​ភាគី​ទាំងអស់​។​

​លោក​បាន​និយាយថា “​នៅ​ពេល​អ្នក​ចាប់ផ្តើម អ្នក​នឹង​អាច​ជឿ​បាន​ថា​មនុស្ស​គ្រប់​គ្នា​នឹង​បំពេញ​តាម​ការសន្យា​របស់​ពួកគេ​។ ហើយ​នោះ​ជា​អ្វី​ដែល​យើង​កំពុង​ធ្វើ​។​”

​កាសែត Washington Post បាន​រាយការណ៍​កាលពី​ថ្ងៃ​សៅរ៍​ថា​មាន​កិច្ចព្រមព្រៀង​បណ្តោះអាសន្ន​មួយ​ដើម្បី​ដោះលែង​ស្ត្រី​និង​កុមារ​រាប់សិប​នាក់ ដែល​ជាប់​ជា​ចំណាប់ខ្មាំង​នៅហ្គា​ហ្សា ជា​ថ្នូរ​នឹង​ការផ្អាក​ប្រយុទ្ធ​គ្នា​៥​ថ្ងៃ​៕

លោកបៃ​ដិន​លើក​ម្រាមដៃ​ខ្វែង​បង្ហាញថា​គាត់​សង្ឃឹម​មាន​សំណាង​ល្អ​