ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖ កីឡាករ ៦រូបកីឡាការិនី២រូប និងគ្រូបង្វឹកចំនួន ២រូបរបស់សហព័ន្ធខ្មែរកីឡាហែលទឹក បានចេញដំណើរទៅហាត់នៅស្រុកចិនហើយ ដើម្បីពង្រឹងបច្ចេកទេស សម្រាប់ស៊ីហ្គេមលើកទី៣៣ នៅប្រទេសថៃ នាឆ្នាំ២០២៥។

ការចេញទៅហាត់ រយៈពេលវែងនេះ គឺទទួលបានការអនុញ្ញាតពី លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡា ហែលទឹក រួមជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

កម្មវិធីហាត់ហ្វឹកហ្វឺន បង្កើនសមត្ថភាពបច្ចេកទេស រយៈពេលវែង នៅសាធារណរដ្ឋប្រជាមានិតចិន គឺដើម្បីត្រៀមចូលរួមការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣៣ ឆ្នាំ២០២៥ (33rd SEA Games 2025) នៅប្រទេសថៃ និងត្រៀមខ្លួនចូលរួម ការប្រកួតអន្តជាតិជាច្រើនទៀត ។

សូមបញ្ជាក់ថា ស៊ីហ្គេមចុងក្រោយ ២លើក គឺស៊ីហ្គេមលើកទី៣១ នៅវៀតណាម និងស៊ីហ្គេមលើកទី៣២ នៅកម្ពុជា ឆ្នាំ២០២៣ កីឡាហែលទឹកកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង រហូតដណ្ដើមបានមេដាយមាស ពិសេសវិញ្ញាសាហែលទឹកពាក់ជើងទា (Fin-Swimming) ៕ V / N