ស្វា​ថ្លើមធំ​ហ៊ាន​ចាប់​ក្មេង​ធ្វើជា​ចំណាប់ខ្មាំង ហើយ​ថែមទាំង​វាយប្រហារ​មនុស្ស​ណា​ដែល​ហ៊ាន​ចូលមក​ជួយ​ក្មេង​ថែមទៀត​

1733
ចែករម្លែក

​នេះ​ជា​ពេលវេលា​ដ៏​រន្ធត់ ដែល​សត្វ​ស្វា​មួយ​ក្បាល​បាន​ចាប់​ក្មេង​ខ្ទប់​នឹង​ដី ហើយ​វាយប្រហារ​អ្នកភូមិ​ដែល​ចូលមក​ជិត​។​

​តាម​ដឹង​ស្វា​នេះ​បាន​សម្រុកចូល​ផ្ទះមួយ​នៅ​ក្នុងភូមិ​ដាច់ស្រយាល​នៃ​រដ្ឋកា​ណា​តា​កា ប្រទេស​ឥណ្ឌា រួចហើយ​ព្យាយាម​លួច​យក​កូនក្មេង​ក្នុងផ្ទះ​នេះ​។​

​នៅក្នុង​វី​ឌី​អូ គេ​ឃើញ​សត្វ​ស្វា​កំពុង​កាង​ច្រងេងច្រងាង​លើ​កូនក្មេង​នោះ ខណៈ​ពួក​អ្នកស្រុក​ព្យាយាម​បញ្ឆោត​វា​ដើម្បី​ទាញយក​ក្មេង​ចេញពី​ដៃ​វា​។​

​សត្វ​ដ៏​ក្រេវក្រោដ​នោះបាន​ប៉ង​យក​ក្មេង​ចេញ​ក្រៅ​ផ្ទះ ប៉ុន្តែ​អ្នកស្រុក​ព័ទ្ធ​វា​ជិត​មិនឱ្យ​យក​ក្មេង​ចេញ​ទៅណា​បានឡើយ​។​

​ស្ត្រី​ម្នាក់​បាន​ចាក់​ម្ហូប​នៅ​លើដី​ដើម្បី​ល្បួង​ស្វា​ឱ្យ​លែង​ក្មេង តែ​វា​មិន​ចាញ់បោក​មនុស្ស​នោះឡើយ​។

​ថ្វីបើ​មាន​គ្រោះថ្នាក់​ក៏ដោយ ក៏ប៉ុន្តែ​ក្មេង​នោះ​ហាក់​សប្បាយរីករាយ​ណាស់ និង​ថែមទាំង​សើច​ស្រស់​ថែមទៀត ខណៈ​កំពុង​ត្រូវ​ស្វា​ក្របួច​ជាប់​នៅ​នឹង​ដី​ទៅហើយនោះ​។

​ប៉ុន្តែ​ស្នាម​ជាំ​នៅលើ​ផ្ទៃមុខ​របស់​ក្មេង​បាន​បង្ហាញថា ស្វា​នោះ​មិន​ស្លូត​ដាក់​ក្មេង​នោះទេ មុនពេល​មនុស្ស​ចាប់ផ្តើម​ទាញ​កាមេរ៉ា​ថត​។​

​ម្តាយ​ក្មេង​បាន​ឈោង​ដៃ​ទាញ​កូន​របស់គាត់ តែ​ស្វា​នោះបាន​វាយ​គាត់ និង​ថែមទាំង​ខាំ​ជាយសំពត់​របស់គាត់​ទៀត​។

​ក្រោយមក បុរស​ម្នាក់​បាន​កញ្ឆក់​យក​ក្មេង​ពី​ដៃស្វា​បានសម្រេច ខណៈ​ស្វា​កំពុង​ត្រូវបាន​បញ្ឆោត​ឡើង​វិលមុខ ហើយក៏​បាន​នាំ​ក្មេង​ទៅ​កន្លែង​សុវត្ថិភាព​។​

​គេ​មិន​ច្បាស់​ទេ​ថា​តើ​ស្វា​នោះ​ត្រូវបាន​ប្រជាជន​ចាប់​ប្រគល់ឱ្យ​មន្ត្រី​ព្រៃឈើ​ឬ​យ៉ាងណា​នោះ​៕ ដោយ៖ កញ្ញាដាលីស

ស្វា​កំពុង​ចាប់​ក្មេង​ធ្វើ​ចំណាប់ខ្មាំង

ទីតាំងផ្សាយពាណិជ្ជកម្ម