ដោយៈដេប៉ូ/ភ្នំពេញ៖លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការនិងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការតំណាងលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា ទីផ្សារការងារនាពេលអនាគត នឹងអាចធ្វើឱ្យគម្លាតបន្ថែមទៀត។ ដូច្នេះត្រូវតែរួមគ្នាចាត់វិធានការដើម្បីធានាថា បរិយាបន្នការងារសម្រាប់ជនមានពិការភាពគឺជាកិច្ចការសំខាន់។

រដ្ឋលេខាធិការ ឯម ច័ន្ទមករា៖ ត្រូវតែរួមគ្នាចាត់វិធានការដើម្បីធានាថា បរិយាបន្នការងារសម្រាប់ជនមានពិការភាពគឺជាកិច្ចការសំខាន់(រូបថត EAC)

ថ្លែងក្នុងពិធីអបអរសាទរបញ្ចប់គម្រោងដោយជោគជ័យស្ដីពី “ដំណើរឆ្ពោះទៅរកបរិយាបន្នការងារសម្រាប់ជនមានពិការភាព” នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ លោក ឯម ច័ន្ទមករា បញ្ជាក់ថា ទិន្នន័យការងាររបស់ជនមានពិការភាព គឺមានការពិបាកស្វែង​រក ប៉ុន្តែតាមការប៉ាន់ស្មាន គឺអត្រាទីផ្សារការងាររបស់ជនមានពិការភាពគឺទាបជាងជនមិនពិការភាព។

តំណាងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារូបនេះ បានរំលេចថា នៅកម្ពុជា រាជរដ្ឋាភិបាលតែងបានយកចិត្តទុក​ដាក់អំពីការផ្តល់អាទិភាពសម្រាប់ជនមានពិការភាពឱ្យចូលបម្រើការងារនៅតាមក្រសួង ស្ថាប័ន និងមានស្ថាប័នឯកជនជាច្រើន​បាន​និង​កំពុងកើនឡើងនៃការទទួលស្គាល់អំពីពិការភាព ជាប្រភពនៃភាពចម្រុះ ទេពកោសល្យ និងការបង្កើតថ្មី។លោកបន្តថា​សម្រាប់ជន​មាន​ពិការភាព ការងារសមរម្យមានន័យថា ពួកគេអាចត្រូវបានផ្តល់សិទ្ធិ​អំណាចឱ្យដឹកនាំជីវិតប្រកបដោយឯករាជ្យ និងបានរួមចំណែក​ដល់សុខុមាលភាពនៃគ្រួសារ សហគមន៍ និងសង្គមទាំងមូល ដើម្បីរួមគ្នាកសាងសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្នបន្ថែមទៀត។

លោករដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា នៅពេលអនាគតខាងមុន ប្រធានបទការងារសម្រាប់ជនមានពិការភាព​នៅតែជានូវបញ្ហា​ប្រឈម​សម្រាប់សង្គមទូទៅនៃពិភពការងារ ខណៈបញ្ហាប្រឈមទាំងនេះចាំបាច់ត្រូវរួមគ្នាដោះស្រាយមុនពេលកើតឡើង ដើម្បីធានាថា “មិនត្រូវ​ទុកឱ្យនរណាម្នាក់នៅឯកការ” ជាពិសេសអ្នកដែលងាយរងគ្រោះបំផុត រួមទាំងជនមានពិការភាពផងដែរ។

តំណាងលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឯម ច័ន្ទមករា សង្កត់ធ្ងន់ថា៖ «ការធានា​បាននូវអនាគតរួមនៃការងារ គឺជាផ្នែកមួយនៃរបៀបវារៈឆ្នាំ២០២៣ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លើសពីនេះ មាត្រា២៧ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិជនមានពិការភាព បានទទួលស្គាល់សិទ្ធិជនមានពិការភាពក្នុងការធ្វើការងារដោយឈរលើ មូលដ្ឋានស្មើភាពជាមួយអ្នកដទៃ»។

គួរជម្រាបថា ជនមានពិការភាព ត្រូវបានគេចាត់ទុកថា ជាក្រុមមួយក្នុងចំណោមក្រុមដែលទទួលបានការយកចិត្តទុកដាក់​ជាក់លាក់​នៅក្នុងរបៀបវារៈឆ្នាំ២០៣០ ហើយគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDGs) បានកំណត់យ៉ាងច្បាស់អំពី​ផលប្រយោជន៍​របស់ជនមានពិការភាព រួមទាំងក្នុងបរិបទនៃការងារសមរម្យ និងកំណើនសេដ្ឋកិច្ច៕សរន