ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ឆា​នែ​ល​ញូ​វ​អេ​ស៊ា​) ៖ អាជ្ញាធរ​ចិន​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ ទី​២១ ខែ​វិច្ឆិកា​នេះ​ថា អាជ្ញាធរ​មី​យ៉ាន់​ម៉ា​បានប្រគល់​ជនសង្ស័យ​ឆបោក​តាម​ទូរគមនាគមន៍​(​អន​ឡាញ​)​ចំនួន ៣១.០០០ នាក់​ឱ្យទៅ​ចិន ចាប់តាំងពី​មន្ត្រី​អនុវត្ត​ច្បាប់​មក​ពី​ប្រទេស​ទាំង​ពីរ​បាន​បើក​ការបង្ក្រាប​លើ​ការ​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​កាលពី​ខែ​កញ្ញា​។​

​ក្រសួង​សន្តិសុខ​សាធារណៈ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ជនសង្ស័យ​រួមមាន “​អ្នក​ហិរញ្ញវត្ថុ​” និង​មេខ្លោង​ក្រុម​ឧក្រិដ្ឋជន​ចំនួន ៦៣ នាក់ ដែល​បាន​បោកប្រាស់​ពលរដ្ឋ​ចិន​នូវ​ទឹកប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។​

​ក្រសួង​បាន​និយាយថា “​ការបង្ក្រាប​បាន​ទទួល​លទ្ធផល​ជោគជ័យ​ដ៏​សំខាន់​។​”

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ចិន​បាន​រាយការណ៍​ថា មនុស្ស​ជាង ១០០.០០០ នាក់​បាន​ចូលរួម​ក្នុងការ​ឆបោក​តាម​ទូរគមនាគមន៍​ជា​រៀង​រាល់ថ្ងៃ​នៅ​ក្នុង​មជ្ឈមណ្ឌល​ឆបោក​យ៉ាងហោចណាស់ ១.០០០ កន្លែង​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​ភាគ​និរតី​ប្រទេស​ចិន​។​

​ប៉ូលិស​ចិន​បានចាប់ផ្តើម​បង្ក្រាប​ការ​ឆបោក​កាលពី​ខែ​កញ្ញា ហើយ​ខែ​នេះ ប៉ូលិស​បាន​ចាប់ផ្តើម​នូវ​អ្វី​ដែល​ពួកគេ​និយាយថា​ជា “​ការវាយប្រហារ​យ៉ាងរ​ហ័ស​” ទៅលើ​ក្រុម​ឧក្រិដ្ឋជន​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​។​

​ប៉ូលិស​ចិន​បាន​និយាយថា មេខ្លោង​ម្នាក់​របស់​ក្រុម​ឧក្រិដ្ឋជន​នៅ​មី​យ៉ាន់​ម៉ា​បាន​ធ្វើ​អត្តឃាត​កាលពី​សប្តាហ៍​មុន ខណៈ​កំពុង​រត់​គេច​ពី​អាជ្ញាធរ​មី​យ៉ាន់​ម៉ា​។ ក្រោយមក​សមាជិក​បីនាក់​នៃ​ក្រុម​របស់​ខ្លួន​ត្រូវបាន​បញ្ជូន​ទៅ​ប៉ូលិស​ចិន​។​

​ដោយហេតុ​ថា​ការ​ឆបោក​តាម​ទូរគមនាគមន៍​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​ផ្តោត​មុខសញ្ញា​លើ​ពលរដ្ឋ​ចិន​កាន់តែ​ខ្លាំង​ឡើង ជំនួយការ​រដ្ឋមន្ត្រី​ការបរទេស​លោក ណុង រ៉ុង (Nong Rong) បាន​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​មី​យ៉ាន់​ម៉ា​ក្នុង​ខែ​នេះ ដោយ​និយាយថា ចិន​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ធ្វើការ​ជាមួយ​មី​យ៉ាន់​ម៉ា​លើ​ការដោះស្រាយ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​រួមទាំង​ល្បែងស៊ីសង​តាម​អ៊ីនធឺណិត​ផងដែរ​។​

​លោក​ណុង​ក៏បាន​និយាយ​ផងដែរ​ថា ចិន​គាំទ្រ​មី​យ៉ាន់​ម៉ា​ក្នុង​ការរក្សា​ស្ថិរភាព​នៅតាម​ព្រំដែន​រួម​របស់​ពួកគេ ខណៈ​របប​យោធា​មី​យ៉ាន់​ម៉ា​កំពុង​ប្រយុទ្ធ​ជាមួយ​ក្រុម​បះបោរ​នៅក្នុង​តំបន់​នេះ​។​

​យោធា​ដែល​កំពុងកាន់​អំណាចរ​បស់​មី​យ៉ាន់​ម៉ា​កំពុង​ប្រឈម​មុខ​នឹង​ការវាយប្រហារ​ជាច្រើន​សមរភូមិ​នៅក្នុង​តំបន់​ព្រំដែន​របស់​ខ្លួន ខណៈ​សម្ពន្ធភាព​ក្រុម​បះបោរ​ជនជាតិ​ភាគ​តិច​មួយ រួម​ជាមួយនឹង​ក្រុម​អ្នកតស៊ូ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នានា​កំពុង​ប្រឆាំងនឹង​ការគ្រប់គ្រង​របស់រប​ប​យោធា​។​

​ចិន​បាន​អំពាវនាវ​ឱ្យ​មាន​សន្តិភាព​។​

​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា “​ចិន​បាន​និង​កំពុង​ដើរតួនាទី​ស្ថាបនា​តាមរបៀប​របស់ខ្លួន​ដើម្បី​ជំរុញ​កិច្ចចរចា​សន្តិភាព និង​ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ដាក់​ផលប្រយោជន៍​របស់​ប្រជាជន​នៅ​ខាង​មុខ ឱ្យ​មាន​បទ​ឈប់​បាញ់ និង​ការបញ្ចប់​សង្គ្រាម​ឱ្យបាន​ឆាប់​តាម​ដែល​អាច​ធ្វើទៅបាន​”៕

​ប៉ូលីស​ចិន​បន្ត​ជួយ​អាជ្ញាធរ​មី​យ៉ាន់​ម៉ា​ក្នុង​ការបង្ក្រាប​ការ​ឆបោក​និង​ជំរិត​តាម​តាម​ទូរគមនាគមន៍​