ប្រែសម្រួល : កញ្ញាដាលីស (VnExpress) ៖ កូរ៉េខាងត្បូងធ្វើដំណើរទៅកាន់ប្រទេសចិននៅថ្ងៃអង្គារនេះសម្រាប់ការប្រកួតជម្រុះវើលខាប់២០២៦ ដោយ ហុង មីនស៊ុន បានព្រមានក្រុមរបស់ខ្លួនថា ពួកគេត្រូវតែធ្វើចិត្តឱ្យត្រជាក់នៅចំពោះមុខហ្វូងមនុស្ស ដែលទិញសំបុត្រចូលមើលពេញកីឡដ្ឋាន។
ការប្រកួតនៅទីក្រុងសិនចិនក្បែរព្រំដែនហុងកុង គឺជាការប្រកួតជុំទី ២ ក្នុងដំណាក់កាលទី២នៃវគ្គជម្រុះវើលខាប់ ដែលនឹងរៀបចំនៅអាម៉េរិកខាងជើង។
ក្នុងចំណោមការប្រកួតគួរឱ្យកត់សម្គាល់ផ្សេងទៀត គឺមានដូចជា អូស្ត្រាលីប៉ះប៉ាឡេស្ទីននៅកូវ៉ែត ជប៉ុនធ្វើដំណើរទៅទីក្រុងជេតដាដើម្បីប៉ះស៊ីរី អ៊ីរ៉ង់ប៉ះអ៊ូសបេគីស្ថាន និងឥណ្ឌាធ្វើម្ចាស់ផ្ទះទទួលកាតា។
កូរ៉េខាងត្បូងបានយកឈ្នះលើក្រុមសិង្ហបុរី ៥-០ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីចាប់ផ្តើមយុទ្ធនាការជម្រុះរបស់ពួកគេ ដោយខ្សែប្រយុទ្ធរបស់ Tottenham Hotspur រូបនេះបានស៊ុតបាល់បញ្ចូលទីពីចម្ងាយនៅក្រៅប្រអប់។
កូរ៉េខាងត្បូងកំពុងឈរកំពូលតារាងពូល C រួមជាមួយចិន ដែលឈ្នះនៅទឹកដីថៃ ២-១។
កូរ៉េខាងត្បូងរបស់គ្រូបង្វឹកលោក ជួហ្គិន គ្លីនស្មាន់ (Jurgen Klinsmann) គឺជាក្រុមរំពឹងឈ្នះងាយៗនៅទីក្រុងសិនចិន ប៉ុន្តែស៊ុនបានព្រមានថា “ខ្ញុំគិតថាក្រុមអាស៊ីទាំងអស់នឹងព្យាយាមលេងកាចៗដាក់ពួកយើង ហើយការធ្វើឱ្យពួកយើងខឹងប្រហែលជាផ្នែកមួយនៃយុទ្ធសាស្ត្រលេងរបស់ពួកគេ។”
ទីភ្នាក់ងារសារព័ត៌មានយុនហាប់បានដកស្រងសម្តីស៊ុនថា “យើងត្រូវតែប្រាកដថា យើងមិនចាញ់ល្បិចកលនេះ ហើយប្រកាន់ខ្ជាប់នូវផែនការលេងផ្ទាល់ខ្លួនរបស់យើង។”
កៅអីជាង ៤០.០០០ នៅកីឡដ្ឋាន Shenzhen Universiade Sports Center សម្រាប់ការប្រកួតនេះគឺពេញណែនអស់ទៅហើយ។
ប្រធានាធិបតីស៊ី ជីនពីងមានមហិច្ឆតាធំសម្រាប់កីឡាបាល់ទាត់ចិន រួមទាំងការធ្វើម្ចាស់ផ្ទះនិងសូម្បីការឈ្នះវើលខាប់នៅថ្ងៃណាមួយ ប៉ុន្តែពួកគេបានជាប់វើលខាប់តែម្តងគត់កាលពីឆ្នាំ ២០០២៕
ស៊ុនប្រាប់មិត្តរួមក្រុមឱ្យលេងចិត្តត្រជាក់ៗ ព្រោះក្រុមអាស៊ីទាំងអស់នឹងប្រឹងលេងកាចៗដាក់ពួកគេ