ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ រដ្ឋបាលខេត្តបន្ទាយមានជ័យ សហការជាមួយរដ្ឋ បាលស្រុក បានរៀបចំបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សាខេត្ត បន្ទាយមានជ័យ អាណត្តិទី៣ ឆ្នាំ២០២៣ នៅស្រុកមង្គលបូរី ក្រោមអធិបតីភាព លោក ប្លែក វារី ប្រធានក្រុមប្រឹក្សាខេត្ត លោក លី សុវណ្ណារឹទ្ធិ អភិបាលស្តីទី ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងមេបញ្ជាការ មេបញ្ជាការង គ្រប់កងឯកភាព មន្ទីរ អង្គភាព តំណាងពលរដ្ឋពាក់ព័ន្ធជិត ៦០០ នាក់ នាថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅបរិវេណផ្សារបូរីជ័យ II ហៅផ្សារចំការតាដោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ។

ចំណុចដែលត្រូវលើកឡើង នៅក្នុងអង្គវេទិកាផ្សព្វផ្សាយ ពិគ្រោះយោបល់របស់ ក្រុមប្រឹក្សាខេត្តនេះ មាន ៧៩ ចំណុច រួមមាន ការអនុវត្តគោលនយោបាយភូមិ ឃុំមាន សុវត្ថិភាព, ការងារអភិវឌ្ឍន៍មូលដ្ឋាន ដោយផ្តោតទៅលើ ទី១-ការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម បញ្ហានិងសំណូមពរ ទី២-ការងារអភិវឌ្ឍន៍មូលដ្ឋាន មាន ៥២ បញ្ហាសំណូមពរ និងទី៣-ការងារផ្សេងៗ ២៧ បញ្ហានិងសំណូមពរ ។

លោក ប្លែក វារី បា​នមានប្រសាសន៍ថា អង្គវេទិកាផ្សព្វផ្សាយ ពិគ្រោះយោបល់ នាថ្ងៃនេះ ពិតជាបានបង្ហាញឱ្យឃើញ ពីការប្តេជ្ញាចិត្តចូលរួម សហការយ៉ាងខ្លាំងក្លា នៅក្នុងដំណើរ ការនៃការគាំទ្រ និងជំរុញការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ស្របតាមក្របខណ្ឌយុទ្ធសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ ឱ្យកាន់តែ ទទួលបាន លទ្ធផលជោគជ័យថ្មីៗ ឆ្លើយតបទៅនឹងសេចក្តីត្រូវការពិតប្រាកដ របស់ប្រជា ពលរដ្ឋនៅមូលដ្ឋាន។

លោកបានបន្ដថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សាខេត្ត នឹងផ្ដល់ ឱកាសដល់អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ អាចចូលរួមទទួលព័ត៌មាន អំពីសមិទ្ធ ផល ដែលរដ្ឋបាលខេត្ត សម្រេចបានកន្លងមក និងបញ្ហាប្រឈមនានា និងការផ្តល់មតិ យោបល់ ចំពោះការអភិវឌ្ឍមូលដ្ឋាន បញ្ហាប្រឈម និងទិសដៅអនុវត្ត នាពេលខាងមុខ របស់រដ្ឋបាលខេត្ត ផ្តល់នូវអនុសាសន៍ និងសំណូមពរនានា សម្រាប់ការពិភាក្សា និងតាម រយៈការឆ្លើយតបបាន ទាន់ពេលវេលា ពីស្ថាប័នជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីឈានទៅធ្វើការកែលំអ និងដោះស្រាយ ឱ្យកាន់តែល្អប្រសើរ ស្របទៅនឹងតម្រូវការ ជាអាទិភាព និងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

នាឱកាសនោះ​លោក លី សុវណ្ណារិទ្ធិ អភិបាលស្តីទីខេត្តបន្ទាយមានជ័យ បានទទួលយក សំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងនោះ ធ្វើការដោះ ស្រាយដោយផ្ទាល់ នៅនឹងកន្លែង ជាមួយអង្គភាពពាក់ព័ន្ធ ហើយបញ្ហាដែលនៅសេស សល់ និងត្រូវដាក់បញ្ចូល ទៅក្នុងគម្រោងអភិវឌ្ឍន៍ របស់ខេត្តបន្តទៀត៕ V / N