ដោយៈ វ៉ៃកូ / ស្វាយរៀង: លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងជាប្រធាន គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ​ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែវិច្ឆិកា និងលើកទិស ដៅការងារខែធ្នូ ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តស្វាយរៀង​ ស្ថិតនៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត។

មានប្រសាសន៍បេីកកិច្ចប្រជុំ នាឱកាសនោះ លោកអភិបាលខេត្ត បានថ្លែងអំណរគុណនិង កោតសរសើរ ចំពោះលោក លោកស្រី ជាថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ក្នុងខេត្តស្វាយរៀងទាំងអស់ ដែលបានសហការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការរក្សាការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈក្នុងខេត្ត ជាពិសេស ក្នុងឱកាសប្រារព្ធពិធីប្រណាំងទូក កាលពីថ្ងៃទី ១៨-១៩ ខែវិច្ឆិកា​ ឆ្នាំ២០២៣ នេះ​ បានល្អប្រសើរ  ព្រមទាំងបានចូលរួមសកម្មភាពនានា ជាមួយរដ្ឋបាលខេត្ត ទាំងការងារ សង្គម និងការងារមនុស្សធម៌ ការឧបត្ថម្ភគាំទ្រជួយ ដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះ ពាល់ ដោយកត្តាផ្សេងៗជាដេីម។

លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធ នូវចំណុចសំខាន់ៗមួយចំនួន ដូចជា ១.ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ​នៅក្នុងខេត្ត ឲ្យបានល្អប្រសើរ ជូនប្រជូនប្រជាពលរដ្ឋ ។ ២.មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរក្រុង ស្រុក ត្រូវសហការតាមដាន និងគាំទ្រដល់ការប្រមូលផលស្រូវ រដូវវស្សារបស់ប្រជាពលរដ្ឋ ព្រមទាំងការពិនិត្យ តាមដាន ជំរុញ និងគាំទ្រដល់ការបង្កបង្កើនផល និងរកទីផ្សារក្នុងការ ប្រមូលទិញស្រូវពីប្រជាកសិករ​ក្នុងនោះត្រូវពិនិត្យតាមដានការដាំដុះឡើងវិញនូវករណី ស្រូវប្រជាពលរដ្ឋរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង​ រួមទាំងកា​រផ្តល់នូវគ្រាប់ពូជផងដែរ។
៣.មន្ទីរ-អង្គភាព កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរក្រុង-ស្រុក ត្រូវសហការ ពង្រឹងការគ្រប់គ្រង និងការប្រមូលពន្ធដារ ពន្ធគយ និងពន្ធផ្សេងៗ ឲ្យបានត្រឹមត្រូវ និងគ្រប់តាមផែនការ ជាពិសេសចូលរួមផ្សព្វផ្សាយ និងជំរុញប្រជាពលរដ្ឋ ឲ្យអញ្ជើញទៅ បង់ពន្ធលើមធ្យោបាយធ្វើដំណើរ និងបង់ពន្ធអចលនទ្រព្យ ឲ្យបានទាន់ពេលកំណត់ ។
៤-​មន្ទីរការងារ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តតាមដាន និងអនុវត្តវិធានការច្បាប់​លេីជន ទាំងឡាយណា ដែលឆបោកលុយពីកម្មកររោងចក្រ​ ក្នុងលេសអោយចូលបម្រេីការងារ នៅតាមរោងចក្រណាមួយ។ ៥-ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ការបង្ការ ទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន មានប្រសិទ្ធភាព ៕ V / N