ដោយៈ វ៉ៃកូ / ស្វាយរៀងៈ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាង លោក ប៉េង ពោធិ៍សា អភិបាលខេត្ត និងលោក សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ បានអញ្ជេីញជាអធិបតីក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីការអនុវត្តនិតិវិធីចុះបញ្ជីដីធ្លីមាន លក្ខណៈជាប្រព័ន្ធ ក្នុងខេត្តស្វាយរៀង។

ព្រមទាំងមានការអញ្ជេីញចូលរួមពីលោក សួន សុផា អគ្គនាយ នៃអគ្គនាយដ្ឋានសុរិយោដី និងភូមិសាស្រ្ត និងប្រតិភូក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកប្រធានមន្ទីរ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោកប្រធានភូមិបាលក្រុង-ស្រុក ទាំង៨ លោក លោកស្រីពាក់ព័ន្ធជាច្រេីនរូបទៀត។

លោកអភិបាលរងខេត្ត បានមានប្រសាសន៍ថា អនុវត្តតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដឹកនាំ ដោយសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មានបេសកម្មចំបងចំនួន ២គឺ៖ ១. ថែរក្សា និងបំប៉នសុខសន្តិភាព ដែលសម្រេចបាន មកដោយលំបាក មិនអាចកាត់ថ្លៃបាន និងបន្តពូនជ្រុំ ដំណើរការកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជាមូលដ្ឋាន។ ២.កសាងនិងពង្រឹងមូលដ្ឋានគ្រឹះ សំរាប់ជម្រុញសន្ទុះ នៃការអភិវឌ្ឍប្រទេសជាតិ ដោយឆ្លងកាត់ការប្រែក្លាយខ្លួន ជាប្រទេសមានចំណូលមធ្យម កំរិកខ្ពស់នៅឆ្នាំ២០៣០។

លោកបានបន្តថា ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋនៅខេត្ត ស្វាយរៀង ជាបញ្ហាអត្ថិភាពសំខាន់ ដែលតម្រូវអោយមន្ទីររៀបចំដែនដី ខិតខំពន្លឿនការ ចុះបញ្ជីក្បាលដី ជូនប្រជាពលរដ្ឋ រួមទាំងក្បាលដីរដ្ឋទាំងអស់ អោយរួចរាល់ ១០០% ក្នុងរយៈពេល ២ឆ្នាំខាងមុខ ដែលធានាបាននូវសុវត្ថិភាពដីធ្លី ជូនប្រជាពលរដ្ឋ និងកាត់បន្ថយវិវាទដីធ្លី មកនៅត្រឹមកំរិតអប្បរមា និងជម្រុញការផ្តល់សេវាផ្សេងៗពាក់ព័ន្ធ និងវិស័យដីធ្លី អោយបានលឿន និងឆាប់រហ័ស។

លោកបានបន្ថែមថា ក្នុងនាមលោកអភិបាលខេត្ត លោកសូមផ្តាំផ្ញើសិក្ខាកាមទាំងអស់ មានមន្រ្តីក្របខ័ណ្ឌ មន្រ្តីកិច្ចសន្យា និងមន្រ្តីស្ម័គ្រចិត្ត ដែលមានវត្តមាននៅទីនេះ ត្រូវយកចិត្តទុកដាក់ អនុវត្តនីតិវិធីចុះប ញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងអនុវត្តដូចជា ១.យកចិត្តទុកដាក់តាមដាន រាល់ការណែនាំរបស់គ្រូឧទ្ទេស ដើម្បីយកចំណេះជំនាញទៅ អនុវត្តអោយមានប្រសិទ្ធភាព។ ២.ក្រុមការងារចុះបញ្ជីទាំងអស់ ក្រោយទទួលបាន ការបណ្តុះបណ្តាល ត្រូវខិតខំពង្រឹងពន្លឿនការចុះបញ្ជីដី ជូនប្រជាពលរដ្ឋ អោយបាន លឿន រហ័ស និងទាន់ចិត្ត។ ៣.មន្ទីររៀបចំដែនដី ការិយាល័យភូមិបាល ក្រុង/ស្រុក   អាជ្ញាធរដែនដី ឃុំ ស្រុក ត្រូវផ្សព្វផ្សាយការងារ យុទ្ធនាការចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋ អោយបានទូលំទូលាយ ដើម្បីអោយពួកគាតយល់ដឹង អំពីសារៈសំខាន់ នៃការចុះបញ្ជីដីធ្លី៕ V / N