ដោយៈ សុផល / ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូនលោក បួកែវ ភុំវង្សសាយ (Buakeo PHUMVONGSAY) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ ប្រចំានៅកម្ពុជា ចូលជួបសម្តែងការ គួរសម នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។

នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី និង លោក បួកែវ ភុំវង្សសាយ បានលើកឡើងពី ចំណងមិត្តភាព ជាប្រពៃណី និងជាបងប្អូននៃប្រទេសទំាងពីរ ដែលមានតំាងពីយូរលង់ មកហើយ។ ទំនាក់ទំនងដ៏ល្អ ដែលបានប្រែក្លាយជាដៃគូយុទ្ធសាស្រ្ត កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង បានបម្រើដល់ផលប្រយោជន៍ប្រទេស និងប្រជាជន ទំាងសងខាង។ ដូច្នេះនៅក្នុងជំនាន់ថ្មីនេះ ថ្នាក់ដឹកនាំ និងពលរដ្ឋទំាងសងខាង បានបន្ត រួមគ្នាថែរក្សានូវវប្បធម៌ ទំនាក់ទំនងដ៏ល្អនេះ ឱ្យស្ថិតស្ថេរជានិច្ច​និរន្តរ៍តទៅ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី មានក្តីសោមនស្សរីករាយ និងសូមស្វាគមន៍យ៉ាងកក់ ក្តៅ ចំពោះលោក បួកែវ ភុំវង្សសាយ និងសហការី មកកាន់វិមានរដ្ឋសភា។ សម្តេចបាន ថ្លែងអំណរគុណ និងកោតសរសើរ ដល់លោកឯកអគ្គរដ្ឋទូត ដែលបានខិតខំប្រឹងប្រែង យ៉ាងសកម្ម និងយកអស់កម្លាំងកាយចិត្តក្នុងការបន្តពង្រឹង និង​ពង្រីកទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាព ជាប្រពៃណី រវាងប្រទេសទាំងពីរ ដែលមានជាយូរមកហើយ ឱ្យកាន់តែរឹងមាំ និងស្អិតរមួតថែមទៀត។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា នៅក្នុងកាលៈទេសៈដែលពិភពលោក ទើបងើប ចេញពីវិបត្តិកូវីដ១៩ និងការប្រឈមបញ្ហាស្មុគស្មាញសង្រ្គាម ការប្រទាញប្រទង់​ភូមិសាស្រ្តនយោបាយ ការរឹតចំណងមិត្តភាព ពង្រឹងសាមគ្គីភាព រវាងប្រទេសជិតខាង ជាកត្តាសំខាន់បំផុត។ កម្ពុជា-ឡាវ ជាមិត្តនិងបងប្អូននឹងគ្នា នៅគ្រប់កាលៈទេសៈ ទំាងពេលក្រលំបាក និងនៅក្នុងពេលត្រូវកសាង និងអភិវឌ្ឍប្រទេសដូចគ្នា។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា ឈរលើស្មារតីនៃចំណងមិត្តភាព ជាអមតៈហើយនេះ នៅដើមរដ្ឋសភានីតិកាលទី៧នេះ សម្តេច​បានសម្រេចចិត្ត​ធ្វើ​ទស្សនកិច្ច​ក្រៅប្រទេសដំបូងគេ ទៅកាន់ប្រទេសជាមិត្តភូមិផងរបងជាប់គ្នា មានឡាវ និងប្រទេសវៀតណាម ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរបទពិសោធន៍ រៀនសូត្រពីគ្នាទៅវិញទៅមក ជាពិសេសការពង្រឹងចំណងមិត្តភាព ប្រជាជននិងប្រជាជន ដើម្បីផលប្រយោជន៍ ប្រទេសទំាងសងខាង។

សម្តេចរដ្ឋសភាធិបតី បានសម្តែងក្តីរីករាយ ដោយឃើញកិច្ចសហប្រតិបត្តិការប្រទេសទំាង ពីរទំាងស្ថាប័នរដ្ឋសភា និងរដ្ឋាភិបាល បាននាំមកនូវផលប្រយោជន៍ ជូនប្រជា​ពលរដ្ឋ ជាច្រើន។ ទំហំពាណិជ្ជកម្មប្រទេសទំាងពីរ បានកើនដល់ ២១០ លានដុល្លារ ក្នុងឆ្នាំ ២០២២ ហើយក្រោមចំណងមិត្តភាព ភាពជាដៃគូយុទ្ធសាស្រ្ត យូរអង្វែង និងគ្រប់ជ្រុង ជ្រោយ ដែលមានគោលនយោបាយច្បាស់លាស់ ត្រូវអនុវត្តទៀតនោះ នឹងនាំមកនូវ សមិទ្ធផលថ្មីៗ ជាច្រើនទៀត នាពេលខាងមុខ ស្របពេលដែលបច្ចុប្បន្ននេះ ក្រុមហ៊ុន របស់កម្ពុជា ចំនួន៣៥ កំពុងវិនិយោគ នៅប្រទេសឡាវ។

លោក បួកែវ ភុំវង្សសាយ បានសម្តែងការអបអរសាទរ ចំពោះរដ្ឋសភា និងរាជរដ្ឋាភិបាល អាណត្តិថ្មី ដែលកើតចេញពីការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ កាលពីខែកក្កដា ​កន្លងមក។ ​លោកមានសង្ឃឹមថា នៅក្នុងអាណត្តិថ្មីនេះ ចំណងមិត្តភាព និងកិច្ចសហ ប្រតិបត្តិការ ប្រទេសទំាងពីរ ទំាងខាងរដ្ឋសភា និងរាជរដ្ឋាភិបាល ក៏ដូចជាទំនាក់ទំនង​ប្រជាជននិងប្រជាជន កាន់តែរឹងមាំ និងស្អិតរមួតថែមទៀត។

ជាមួយគ្នានេះ លោកបានអបសារទរ ចំពោះការដាក់ចេញ នូវយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលមានឆន្ទៈមុះមុតនិងស្វាហាប់ក្នុងការនាំកម្ពុជាប្រែក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ ក្នុងបេសកកម្មការទូត នៅកម្ពុជា លោកនឹងខិតខំធ្វើជាស្ពាន​ក្នុងការលើកកម្ពស់ទំនាក់ទំនង ជាប្រពៃណីបងប្អូននេះ ឱ្យទទួលបានជោគជ័យ ថែមទៀត។

លោកឯកអគ្គរដ្ឋទូត ក្នុងនាមរដ្ឋ បក្ស និងប្រជាជនឡាវ បានត្រៀមជាស្រេចការស្វាគមន៍​ដំណើរទស្សនកិច្ចរបស់ សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា និងគណៈប្រតិភូ ដែលនឹងបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំកំពូល CLV លើកដំបូង នៅប្រទេសឡាវ នាដើមខែធ្នូ ខាងមុខនេះ។

លោក បួកែវ ភុំវង្សសាយ បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សម្តេចប្រធាន រដ្ឋសភា ទៅកាន់ប្រទេសឡាវ នាពេលនេះ មានសារៈសំខាន់ណាស់​នៅក្នុងការពូនជ្រំ​ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ នៅគ្រប់កម្រិត គ្រប់ស្ថាប័ន ប្រទេសទំាងពីរ ឱ្យកាន់តែរឹងមាំថែមទៀត៕ V / N