អ៊ិន សុ​ភិន បញ្ជាក់​រឿង​ជំពាក់​លុយ ណាក់ ស្រី​ណា​

1938
ចែករម្លែក

​ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​: ចាងហ្វាង​ផលិតកម្ម មហាហង្ស ប្រាប់ថា​ខ្លួន​មិនមែន​គ្មាន​មូលហេតុ​រហូត​មិន​បើក​លុយ​ឲ្យ​តារា​សម្តែង​នោះទេ ព្រោះ​មាន​មូលហេតុ​ច្បាស់លាស់ ដែល​តម្រូវ​ឲ្យ ខាង​ផលិតកម្ម​មាន​ភាពយឺត​យ៉ាវ​ក្នុងការ​បើកប្រាក់​។

​លោក អ៊ិន សុ​ភិន បាន​ប្រាប់​បែបនេះ ខណៈដែល តារា​សម្តែង កញ្ញា ណាក់ ស្រី​ណា បាន​បង្ហោះ​សារ​តាម​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​កថា “​ផលិតកម្ម​មហាហង្ស បាន​ជំពាក់​ថ្លៃ​សម្ដែង​របស់​នាង​រហូត​ដល់​ចំនួន​២​ពាន់​ដុល្លារ ដោយ​ជំពាក់​ប្រមាណ​ជាមួយ​ឆ្នាំ​មកហើយ ពោលគឺ​តាំងពី​ភាពយន្ត​ដែល​នាង​សម្ដែង​អោយ​ត្រូវ​បានបញ្ចប់​”​។

​លោក អ៊ិន សុ​ភិន ម្ចាស់​ផលិតកម្ម​មហាហង្ស បាន​អះអាងថា ហេតុផល​ដែល​តារា​សម្ដែង​កញ្ញា ណាក់ ស្រី​ណា មិន​ទទួលបាន​តម្លៃ​ថត​នៅសល់​ចំនួន​២​ពាន់​ដុល្លារ ក្រោយពេល​ថត​ចប់ មិនមែនជា​កំហុស​របស់​ផលិតកម្ម​របស់លោក​នោះទេ ប៉ុន្តែ​គឺ​កំហុស​របស់​អតិថិជន​របស់លោក ដែលជា​អ្នក​ស្នើអោយ​លោក​ផលិត​រឿង​«​មរតក​ចុក​ឈាម​» ហើយ​តម្រូវអោយ​លោក​ជ្រើស​យក​នាង​អោយធ្វើជា​តួឯក​ប៉ុណ្ណោះ​។ លោក​ថ្លែង​បញ្ជាក់ថា ក្នុងពេល​កុងត្រា​តម្រូវអោយ​លោក​ផលិត​រឿង​«​មរតក​ចុក​ឈាម​» អតិថិជន​របស់លោក​បានកំណត់​អោយ​លោក​ត្រូវតែ​យក តារា​សម្ដែង ណាក់ ស្រី​ណា អោយ​សម្ដែង​ធ្វើជា​តួឯក ហើយ​បណ្ដាលមកពី​ភាពយន្ត​នោះ​ក្រោយពេល​ផលិត​ចប់ អតិថិជន​របស់លោក​មិនបាន​ប្រគល់​លុយ​អោយ​លោក​តាម​ការកំណត់ ទើប​លោក​ត្រូវតែ​បង្កក​តម្លៃ​នៅសល់​របស់​នាង​ដូចគ្នា​។

​លោក​និយាយថា​«​ខ្ញុំ​មិន​អត់​២​ពាន់​អោយ​គាត់​(​ណាក់ ស្រី​ណា​)​ទេ ប៉ុន្តែ​អោយ​ខ្ញុំ​អោយ​យ៉ាង​មិច បើ​អ្នក​ដែល​តម្រូវអោយ​ខ្ញុំ​យក​គាត់​សម្ដែង មិនទាន់មាន​លុយ​អោយ​ខ្ញុំ​គ្រប់​ផង​ហ្នឹង ចឹ​ង​ខ្ញុំ​មាន​លុយ​ណា​បើក​អោយ​គាត់​!»​។ លោក​ថា ភាពយន្ត​រឿង​«​មរតក​ចុក​ឈាម​»​ត្រូវ​កំណត់​ដាក់​បញ្ចាំង​នៅលើ​ទូរទស្សន៍​មួយ​តាំងពី​ប៉ុន្មាន​ខែ​មុន​ម្ល៉េះ ប៉ុន្តែ​ដោយសារតែ​អ្នកទិញ​អត់​មាន​លុយ​អោយ​លោក តាម​ការកំណត់ ទើប​មានការ​ពន្យារពេល​ដាក់​ផ្សាយ​មកទល់ពេលនេះ​។

​លោ​កថា​មិន​ខឹង​ចំពោះ​ការទម្លាយ​របស់​តារា​សម្ដែង ណាក់ ស្រី​ណា នោះទេ ដោយ​លោក​យល់ថា អ្វីដែល​នាង​បាន​ប្រតិកម្ម​គឺជា​សារ​លាតត្រដាង​អោយ​អតិថិជន​ដែល​ជួល​អោយ​លោក​ផលិត​រឿង​អោយ ដឹង​ពី​ផលវិបាក​របស់លោក នឹង​រួសរាន់​ប្រគល់​ថវិកា​អោយ​លោក​តាម​អ្វីដែល​បាន​កុងត្រា​នោះ​ផង​។ លោក​បង្ហើប​ថា អ្នកទិញ​ភាពយន្ត​មួយ​នេះ​របស់លោក នៅ​ខ្វះ​ប្រមាណ​ជិត ២​ម៉ឺន​ដុល្លារ​ទៀត ទើប​មាន​សិទ្ធិ​បញ្ចាំង​រឿង​ទើប​លោក​ត្រូវតែ​បង្កក​ថវិកា​កញ្ញា ណាក់ ស្រី​ណា ដែលជា​តារា​ជម្រើស​ដោយ​អតិ​ជន​នោះ ជាការ​ត្រលប់​វិញ​។​

​កញ្ញា ណាក់ ស្រី​ណា បាន​អះអាងថា នេះ​ជា​មេរៀន​ទី​១​ក្នុង​ជីវិត​ជា​អ្នក​សម្ដែង​របស់​នាង ហើយ​នាង​បញ្ជាក់ថា នេះ​គឺជា បំបាក់ទឹកចិត្ត​ចំពោះ​អ្នក​សិល្បករ​មួយ​ដ៏​ធំ ដោយ​នាង​បញ្ជាក់ថា ការព្រមព្រៀង គឺ​ថត​ចប់​ប្រគល់​លុយ​អស់ ដោយ​មិនមែន​មួយឆ្នាំ​មកហើយ​នៅតែ​ស្ងាត់ ហើយ​មិន​អើពើ​ក្នុងការ​ដោះស្រាយ​នោះទេ​។ យ៉ាងណាមិញ នាង​ហាក់​រក្សា​ភាពស្ងាត់ស្ងៀម ក្រោយ​ការ​បង្ហោះ​របស់ខ្លួន​ក្លាយជា​រឿង​រសើប​ក្ដៅៗ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម