សាខា​កាំកុងត្រូល​ចុះ​ពិនិត្យមើល​ម្ហូបអាហារ​នៅ​ផ្សារ​ដើម​ក្រឡាញ់​

993
ចែករម្លែក

​ដោយៈ​គូលែន​/​សៀមរាបៈ​កាលពី​ថ្ងៃទី​១០​ខែសីហា​ឆ្នាំ​២០១៨​សាខា​កាំកុងត្រូល​ខេត្តសៀមរាប​ក្រោម​កិច្ចសហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត អាជ្ញាធរ​ដែនដី និង​គណៈ​គ្រប់គ្រង​ផ្សារ​ដើម​ក្រឡាញ់ បាន​ចុះ​ពិនិត្យមើល​ម្ហូបអាហារ​នៅ​ផ្សារ​ដើម​ក្រឡាញ់ ស្ថិតក្នុង​សង្កាត់​គោកចក ក្រុង​សៀមរាប​។

ដើម្បី​ស្វែងរក​នូវ​សារធាតុ​បូរ៉ា​ក់​និង​សារ​ធាតុគីមី​ទាំងឡាយ​ដែល​គេ​បានដាក់​សម្រាប់​ការពារ​ទៅលើ​ម្ហូបអាហារ​ផ្សេងៗ​ក្នុង​គោល​រក្សាទុក​ឲ្យ​បានយូរ​និង​មាន​ពណ៌​ស្រស់ៗ​ឆើតៗ​ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សុខភាព​។​
​លោក​ព្រៅ​ខេ​ម​រិ​ទ្ធ​ប្រធាន​សាខា​កាំកុងត្រូល​សៀមរាប​បានឱ្យដឹង​ក្នុងឱកាស​ចុះ​ពិនិត្យមើល​ម្ហូបអាហារ​នៅ​ផ្សារ​ដើម​ក្រឡាញ់ នោះ គឺ​រក​ពុំ​ឃើញ​មាន​សារធាតុ​គីមី​ហាមឃាត់​ឡើយ ។​

​លោក​បាន​បន្តថា​ការដែល​លោក​បាន​អះអាង​បែបនេះ​គឺ​មន្ត្រី​ជំនាញ​របស់​យើង​បានធ្វើការ​ត្រួតពិនិត្យ និង​ធ្វើ Tested ទៅលើ​ទំនិញ និង​ម្ហូបអាហារ ដូចជា​៖ សាច់ក្រក , ប្រហុក , សណ្តែកបណ្តុះ , ត្រី​ហើម , សរសៃ​គុយទាវ​តូច , គុយទាវ​កាត់ , លត​ស្វិត , បាញ់ហយ និង ពិនិត្យមើល​កាលបរិច្ឆេទ​ផុតកំណត់ ខូចគុណភាព​នៃ​ការប្រើប្រាស់​ចំពោះ​គ្រឿង​បរិភោគ ឧបភោគ​ជាដើម ដែលជា​លទ្ធផល​គឺ​ពុំមាន​បញ្ហា​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ ។​

លោក ព្រៅ ខេ​ម​រិ​ទ្ធ បាន​បញ្ជាក់ថា ប៉ុន្តែ​ក្នុងឱកាស​នៃ​ការត្រួតពិនិត្យ​នោះ យើង​មានការ​សង្ស័យ​លើ​គុយទាវ​កាត់​នោះ ថា​អាច​នឹង​បានដាក់​នូវ​សារធាតុ​បូរ៉ា​ក់ ព្រោះ​វា​ស្វិត​ហើយ​ទន់​ស្រស់​ល្អ និង​មាន​ពណ៌​ផ្សេង ដូច្នេះ​មន្ត្រី​ជំនាញ​បាន​ចុះទៅ​ដល់ទី​តាំង​សិប្បកម្ម​ធ្វើ​គុយទាវ​មួយកន្លែង ស្ថិតនៅ​ខាងលិច​ឆៀង​ខាងត្បូង​ផ្សារ​ដើម​ក្រឡាញ់ ក៏បាន​ពិនិត្យមើល​និង​ធ្វើ Tested សាជាថ្មី​ម្តងទៀត ឃើញថា​ពុំមាន​បញ្ហា​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ដែរ ។​

លោក​បាន​បន្ថែមទៀតថា ទោះជា​យ៉ាងនេះ​ក្ដី មន្ត្រី​ជំនាញ​បានធ្វើ​ការណែនាំ​ដល់​ម្ចាស់​អាជីវកម្ម និង​អាជីវករ​ទាំងអស់ សូមកុំ​ប្រើប្រាស់​នូវ​សារ​ធាតុគីមី​ឲ្យ​សោះ ពីព្រោះ​វា​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព និង​ផលប្រយោជន៍​របស់ខ្លួន​យើង ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ​ផងដែរ ៕S/

សាខា​កាំកុងត្រូល​ចុះ​ពិនិត្យមើល​ម្ហូបអាហារ​នៅ​ផ្សារ​ដើម​ក្រឡាញ់​


ទីតាំងផ្សាយពាណិជ្ជកម្ម