តា​លី​បង់​ធ្វើដំណើរ​ពី​អា​ហ្វ​ហ្គា​នី​ស្ថាន​ទៅអ៊ុយ​បេ​គី​ស្ថាន​ដើម្បី​ជួបពិភាក្សា​

846
ចែករម្លែក

​មន្ត្រី​អ៊ុយ​បេ​គីស្ថាន​និង​តា​លី​បង់​បាន​និយាយ​កាលពី​ថ្ងៃ​សៅ​រិ៍​ទី​១១​សីហា​ថា ក្នុង​ដំណើរ​ការទូត​ដ៏​កម្រ​និង​សញ្ញា​ច្បាស់​បំផុត​អំពី​វត្តមាន​នយោបាយ​របស់​ក្រុម​បះបោរ​​តា​លី​បង់​នៅក្នុង​តំបន់ ប្រធានការិយាល័យ​នយោបាយ​នៃ​ក្រុម​សកម្មប្រយុទ្ធ​នេះ​លោក​សឺ ម៉ូ​ហា​ម៉ា​ត អាប​បាស ស្តា​នី​ក​ហ្សា​យ បានតំណាងអោយ​ពួក​បះបោរ​នៅក្នុង​កិច្ច​​ពិភាក្សា​៤​ថ្ងៃ​ដែល​បានបញ្ចប់​កាលពី​ថ្ងៃ​សុក្រ​ទី​១០​សីហា​ ដែល​រួមមាន​កិច្ចប្រជុំ​ជាមួយ​​មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស​អ៊ុយ​បេ​គី​ស្ថាន ។​

​ជំនួប​នេះ​កើតឡើង​បន្ទាប់ពី​មាន​សំណើមួយ​ដោយ​ប្រធានាធិបតី អ៊ុយ​បេ​គី​ស្ថាន​កាលពី​ខែមីនា​ដើម្បី​សម្របសម្រួល​អោយមាន​សន្តិភាព​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

​អ្នកនាំពាក្យ​ក្រុម​តា​លី​បង់ បាន​និយាយថា​ការពិភាក្សា​ផ្តោតលើ​បញ្ហា​គ្រប់យ៉ាង​ចាប់ពី​ការដក​ទាហាន​អន្តរជាតិ​ដល់​កិច្ចព្រមព្រៀង​សន្តិភាព​ដើម្បី​គំរោង​អភិវឌ្ឍន៍​ដែលផ្តល់​ហិរញ្ញវត្ថុ​ដោយ​អ៊ុយ​បេ​គី​ស្ថាន ​រួមមាន​ផ្លូវដែក​និង​អគ្គិសនី​។​ពួក​មន្ត្រី​អ៊ុយ​បេ​គី​ស្ថាន​បាន​ពិភាក្សា​អំពី​ការព្រួយបារម្ភ​អំពី​សន្តិសុខ​ជុំវិញ​ការអភិវឌ្ឍន៍​គំរោង​នេះ​។​

​សេចក្តីថ្លែងការណ៍​រប​ស់​ក្រសួងការបរទេស​អ៊ុយ​បេ​គី​ស្ថាន​បានប្រកាសថា​” តា​លី​បង់​បាន​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​ជាមួយ​មន្ត្រី​អ៊ុយ​បេ​គី​ស្ថាន​អំពី​ការដក​ទាហាន​បរទេស​និង​​ការផ្សះផ្សារ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​។​ភាគី​ទាំង​ពីរបាន​ផ្លាស់់ប្តូរ​ទស្សនៈ​គ្នា​អំពី​ដំណើរការ​សន្តិភាព​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​”​។​

​ជំនួប​នេះ​កើតឡើង​ក្នុងពេល​ដ៏​សំខាន់​ខណៈដែល​ក្រុម​តា​លី​បង់​បាន​បង្កើន​សម្ពាធ​លើ​កងកម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដោយ​ធ្វើការ​វាយប្រហារ​ផ្តាច់ផ្តិល​ជីវិត​គ្មាន​​ស្រាកស្រាន្ត​ហើយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ក៏បាន​ធ្វើ​កិច្ចពិភាក្សា​ជំហាន​ដំបូង​ជាមួយ​ក្រុម​បះបោរ​នេះ​ក្នុងការ​ប៉ុនប៉ង​មួយ​ដើម្បី​បញ្ចប់​សង្គ្រាម​នៅ​អា​ហ្វ​​ហ្គា​នី​ស្ថាន​។​

​ក្រុម​តា​លី​បង់​បាន​បង្កើន​ការចាប់អារម្មណ៍​ចាប់ពី​រុស្ស៊ី ព្រមទាំង​អ៊ុយ​បេ​គី​ស្ថាន ដែល​យល់ឃើញថា​ក្រុម​បះបោរ​នេះ​ជា​កំពែង​មួយ​ប្រឆាំង​ទល់នឹង​ការរីក​រាលដាល​នៃ​​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅក្នុង​អា​ហ្វ​ហ្គា​នី​ស្ថាន​។​អាមេរិក​ថែមទាំង​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​ថា បានផ្តល់​អាវុធ​ដល់​ពួក​តា​លី​បង់ទៀតផង​។​

​នៅ​មិនទាន់មាន​ប្រតិកម្ម​យ៉ាង​ណា​ពី​រដ្ឋាភិបាល​ក្រុង​កា​ប៊ុល​នៅឡើយ​ទេ តែ​ទាំង​តា​លី​បង់​និង​អ៊ុយ​បេ​គី​ស្ថាន​មិនបាន​និយាយ​ដល់​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​ទេ​។​

​សំរាប់​អ៊ុយ​បេ​គី​ស្ថាន ក្រុម​រដ្ឋ​អ៊ីស្លាម​ជា​កង្វល់​មួយ ខណៈ​យុទ្ធជន​ក្រុម​នេះ​រាប់រយ​នាក់​គឺជា​អតីត​សមាជិក​ចលនា​រ៉ាឌីកាល់​អ៊ុយ​បេ​គី​ស្ថាន​Islamic Movement of Uzbekistan ជា​ក្រុម​ភេរវកម្ម​មួយ ដែល​គេ​គិតថា​ជា​ប្រភព​នៃ​ការវាយប្រហារ​ដ៏​រន្ធត់​ខ្លះ​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​៕​ដោយ​៖​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម