ពលរដ្ឋ​ថា ភូមិ​ដើម​ស្លែង ខណ្ឌ​ច្បារអំពៅ ជា​ប្លុក​គ្រឿងញៀន សំណូមពរ​អាជ្ញាធរ​ប​ង្ក្រា​ប​ឱ្យអស់​

1154
ចែករម្លែក

​ដោយ​: ឆាយា​នាថ / ភ្នំពេញ​: នគរបាល​ខណ្ឌ​ច្បារអំពៅ ទើប​បង្ក្រាប​បទល្មើស​គ្រឿងញៀន​មួយ​ករណី​។ ចន្លោះ​ពេលនេះ​ប្រជាពលរដ្ឋ ប្រាប់ថា ភូមិ​ដើម​ស្លែង សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ ជា​ប្លុក​គ្រឿងញៀន ដែល​កំពុង​បំផ្លាញ​យុវជន​ជា​ទំពាំង​ស្នង​ឫស្សី ពង្វក់ស្មារតី​លែង​គិតពី​ការសិក្សា​រៀនសូត្រ ការរកស៊ី ហើយ​បាននិងកំពុង​កកើត​ប​ទ​ល្មើស​ព្រហ្មទណ្ឌ​។

​ប្រជាពលរដ្ឋ សំណូមពរ​ឱ្យ​អាជ្ញាធរ​មេត្តា​បង្ក្រាប​ឱ្យអស់ ឱ្យមាន​ប្រសិទ្ធភាព ដើម្បី​ក្តី​សុខសាន្ត​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។

​គួរ​បញ្ជាក់ថា ជនសង្ស័យ​ម្នាក់ ទើប​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ច្បារអំពៅ​២ បង្ក្រាប​ជាក់ស្តែង ខណៈដែល​ល្បាត​ក្នុងភូមិ​សាស្ត្រ ឃើញ​មានការ​សង្ស័យ​ក៏​ត្រួតពិនិត្យ​រកឃើញ​ថ្នាំញៀន​ចំនួន​២៤​កញ្ចប់ ជាប់​នឹង​ខ្លួន​។

​ការបង្ក្រាប​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៨៖៣០​នាទី ថ្ងៃទី​១២ ខែសីហា នៅ​ចំណុច​មុខផ្ទះ​គ្មាន​លេខ ភូមិ​ដើម​ស្លែង សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ​។

​ជនសង្ស័យ​ឈ្មោះ ថា សាន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ដើម​ស្លែង សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ​។

​ក្នុងនោះ សមត្ថកិច្ច​ដកហូត​បា​ន ថ្នាំញៀន​ចំនួន​២៤​កញ្ចប់ ក្នុងនោះ​មាន​កញ្ចប់​ធំ​ល្មម​ចំនួន​១២​កញ្ចប់ និង​តូច​ចំនួន​១២​កញ្ចប់ សរុប​មាន​ទម្ងន់​៤៧,១៣​ក្រាម​។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី​លើ​ជនសង្ស័យ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម