គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ ហើយ​បន្តដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​

1183
ចែករម្លែក

(​ភ្នំពេញ​)៖​គណៈប្រតិភូ​ជាន់ខ្ពស់ រដ្ឋសភា​កម្ពុជា បានបញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​នា​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៧​នេះ និង​បាន​បន្តដំណើរ​ទស្សនកិច្ច​ផ្លូវការ​និង​មិត្តភាព​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​រយៈពេល​៣​ថ្ងៃ​បន្តទៀត​។​

​សូម​រម្លឹកថា គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​កម្ពុជា បាន​ផ្តើម​ទស្សនកិច្ច​ផ្លូវការ និង​មិត្តភាព​នៅ​ប្រទេស​ឡាវ ពីថ្ងៃ​ទី​២១​មិថុនា​មក​។ នៅក្នុង​ដំណើរ ទស្សនកិច្ច​នេះ គណៈប្រតិភូ​បាន​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​ប្រធានរដ្ឋសភា​ឡាវ​និង​ចូលជួប​សវនាការ​សម្តែង​ការគួរសម​ជាមួយ​ប្រធាន​រដ្ឋ និង នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ឡាវ ហើយ​បាន​ឆ្លៀតពេល​វេលា​ជួប​សំណេះសំណាល​ស្វែងយល់​សុខទុក្ខ​របស់​និស្សិត​កម្ពុជា​ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ឡាវ​ផងដែរ​។​

​ដោយឡែក​ចំពោះ​ដំណើរ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​វៀតណាម​ដែល​ផ្តើម​ចាប់ពី​ថ្ងៃទី​២៣​ដល់​ថ្ងៃទី​២៦​មិថុនា​នេះ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​កម្ពុជា ដឹកនាំ​ដោយ សម្តេច​ពញា​ចក្រី ហេង សំរិន នឹង​ជួបពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ​ប្រធានរដ្ឋសភា​វៀតណាម​ជួប​សម្តែង​ការគួរសម​ជាមួយ​ថ្នាក់ដឹកនាំ ស្ថាប័ន​កំពូលៗ​នៃ​ប្រទេស​វៀតណាម​ជាច្រើន​ទៀត​។​

​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​នេះ គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​កម្ពុជា​នឹងចូលរួម​កម្មវិធី​ខួប​ទី​៥០​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​វៀតណាម និង​កម្ពុជា ហើយក៏​នឹងចូលរួម​កម្មវិធី​មហាសន្និបាត​រណសិរ្ស​មាតុភូមិ​៣​ប្រទេស វៀតណាម ឡាវ កម្ពុជា ផងដែរ​៕

​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ ហើយ​បន្ត ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​

ទីតាំងផ្សាយពាណិជ្ជកម្ម