កំណាត់​ផ្លូវ​មាត់ទន្លេ​បាក់​ផ្តាច់​ដោយ​ជំនន់​ទន្លេសាប​នៅ​សង្កាត់​ព្រែក​តាសេក ,​ស្ថាបនា​សម្រេចបាន​ជាង​៧០​ភាគរយ​

731
ចែករម្លែក

 

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ កំណាត់​ផ្លូវ​មួយ​ខ្សែ​ជាប់​ដង​ទន្លេសាប​ដែល​ទទួលរង​ការខូចខាត​ដោយ​ការហូរ​បាក់​ផ្តាច់​ដោយ​ជំនន់​ទន្លេសាប នៅ​ក្រុមទី​២ ភូមិ​ព្រែក​តា​គង់ សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា មកដល់ពេលនេះ​ចាក់​ថ្ម​ធំៗ​ចូល​ទឹក​និង​ការស្ថាបនា​សម្រេចបាន​ប្រមាណ​ជាង​៧០​ភាគរយ​ហើយ​។​
​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា កំណាត់​ផ្លូវ​មួយ​ខ្សែ​ខាងលើនេះ ក្រុមការងារ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាននិងកំពុង​ចាក់​ថ្ម​ដុំ​ធំ និង​ច្រក​បាវ​ខ្សាច់ បំពេញ​ច្រាំង​ទន្លេសាប​ដែល​បាក់​នេះ​សម្រេច​ល​ទ្ឋ​ផល​បានជា ៧០​ភាគរយ ហើយ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​អាចធ្វើ​ដំណើរ​បានជា​បណ្តោះ​អាសន្ន ព្រោះ​ប្រជាពលរដ្ឋនៅក្នុង​តំបន់​នេះ ប្រាស្រ័យ​តែ​ផ្លូវ​មួយ​នេះ​ទេ​។

គួរ​រំលឹក​ផងដែរ​ថា​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​៤​សីហា​កន្លងទៅ​ថ្មីៗ​នេះ គឺ​ខណៈដែល​លោក​ដឹកនាំ​អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ ចុះទៅ​ពិនិត្យមើល​ស្ថានភាព​ជាក់ស្តែង នៃ​ការបាក់​ច្រាំងទន្លេ​នេះ លោក​បាន​បញ្ជា​ជាបន្ទាន់​ឱ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ធ្វើការ​ស្ថាបនា​ឡើងវិញ នៅ​កំណាត់​ផ្លូវ​មួយ​ខ្សែ ដែល​ទទួលរង​ការខូចខាត​នេះ​ភ្លាមៗ​តែម្តង​។​
​ក្នុងឱកាស​ចុះ​ត្រួត ត្រួតពិនិត្យ​នោះ​លោក ឃួ​ង ស្រេង បាន​លើកឡើងថា​៖ ការស្ថាបនា​ផ្លូវ​ច្រាំងទន្លេ​ដែល​បាក់​នេះ ធ្វើ​ឡើងជា​បណ្តោះអាសន្ន សំខាន់​ទប់​កុំឱ្យ​បាក់​បន្ត និង​មួយវិញទៀត​គឺ​អាចឱ្យ​ប្រជាពលរដ្ឋ​អាចធ្វើ​ដំណើរ​បានជា​បណ្តោះ​អាសន្ន ព្រោះ​ប្រជាពលរដ្ឋនៅក្នុង​តំបន់​នេះ ប្រាស្រ័យ​តែ​ផ្លូវ​មួយ​នេះ​ទេ​។ លោក​អភិបាល​បន្តទៀតថា​៖ នៅ​រដូវ​ទឹក​ស្រក​ខាងមុខនេះ លោក​នឹង​ឱ្យ​មន្ត្រី​ជំនាញ ចុះមក​សិក្សា​បច្ចេកទេស​ឱ្យបាន​ហ្មត់ចត់ ហើយ​រដ្ឋបាល​រាជធានី​នឹង​អាច​បុក​ស៊ីវ​ផាយ ដើម្បី​ធ្វើឱ្យ​ផ្លូវ​នេះ​រឹងមាំ​ជាប់លាប់​តែម្តង​៕