ក្នុង​រយៈពេល​៦​ខែ អេស ស៊ី ជី រកប្រាក់​ចំណូល​ពី​ការលក់​បាន​១៧០​លាន​ដុល្លារ​

1476
ចែករម្លែក

​(ភ្នំពេញ)៖ ក្រុមហ៊ុន អេស ស៊ី ជី ដែលជា​ក្រុមហ៊ុន​អន្តរជាតិ​ឈានមុខ​គេ​មួយ​នៅ​តំបន់​អាស៊ាន បាន​បញ្ចេញ​របាយការណ៍​លទ្ធផលប្រតិបត្តិការ​បូកសរុប សម្រាប់​ឆមាស​ទី​១ នៃ​ឆ្នាំ​២០១៧ ដោយ​ក្នុងនោះ នៅ​ប្រទេស​កម្ពុជា ក្រុមហ៊ុន​រកប្រាក់​ចំណូល​ពី​ការលក់​បាន ៦៨៥ ពាន់​លាន​រៀល (​ឬ ១៧០ លាន​ដុល្លារ​អាមេរិក​) ដែលជា​ការថយចុះ ២% ធៀប​នឹង​ឆ្នាំមុន ។

​យោងតាម​សេចក្តីប្រកាស​ចុងក្រោយ​នេះ ក្រុមហ៊ុន អេស ស៊ី ជី ដែលមាន​អាជីវកម្ម​ក្នុងប្រទេស​ជាច្រើន​នៅ​តំបន់​អាស៊ាន រកប្រាក់​ចំណេញ​បាន​ប្រហាក់ប្រហែល​នឹង​កាលពី​ឆ្នាំ​២០១៦​ដែរ សម្រាប់​រយៈពេល​ប្រាំ​មួយខែ​ដំបូង​នេះ​។ ក្រុមហ៊ុន​បានបង្ហាញ​ទៀតថា យុទ្ធសាស្ត្រ​វិនិយោគ​ប្រកបដោយ​និរន្តរភាព​នៅ​តំបន់​អាស៊ាន កំពុងមាន​ដំណើរការ​ទៅ​ស្របតាម​ផែនការ​។

​លោក Roongrote Rangsiyopash ប្រធាន និង​អគ្គនាយក​ក្រុមហ៊ុន អេស ស៊ី ជី បាន​មានប្រសាសន៍ថា “​ក្រុមហ៊ុន អេស ស៊ី ជី បន្ត​ពង្រីក​អាជីវកម្ម​នៅក្នុង​តំបន់​អាស៊ាន​។ កាលពីពេល​ថ្មីៗ​នេះ ក្រុមហ៊ុន អេស ស៊ី ជី បានអនុម័ត​គម្រោង​វិនិយោគ​រោងចក្រ​គីមី​ឥន្ធនៈ ដំបូង​គេ​នៅ​វៀតណាម គឺ​ក្រុមហ៊ុន Longsan Petrochemicals Limited (LSP) ដែល​ក្នុងនោះ​ចំណែក​ភាគហ៊ុន​របស់ អេស ស៊ី ជី មាន ៧១% ឬ​ស្មើនឹង​ទឹកប្រាក់ ៥.៤០០ លាន​ដុល្លារ​អាមេរិក ។ ខ្សែសង្វាក់​ផលិតកម្ម​ពី​រោងចក្រ​ថ្មី​នេះ នឹង​ផលិតផល​បាន​នូវ​ហ្វា​យ​ប័​រ​អូ​ឡេ​ហ្វី​ន (Olefin) ចំនួន ១,៦ លាន​តោន​ក្នុង​មួយឆ្នាំ​។ គម្រោង​សាងសង់​នេះ នឹង​ចំណាយពេល​បួន​ឆ្នាំកន្លះ ហើយ​រោងចក្រ​អាច​នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ឆមាស​ទី​១ នៃ​ឆ្នាំ​២០២២”​។​

​លោក​បាន​បន្ថែមទៀតថា “​ក្រុមហ៊ុន អេស ស៊ី ជី ក៏​ទើបនឹង​បាន​បើកសម្ពោធ “​មជ្ឈមណ្ឌល​អភិវឌ្ឍ Open Innovation Center” ដែល​នឹង​ជួយ​បង្កើន​កិច្ចសហការ​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ជាមួយ​ស្ថាប័ន​ស្រាវជ្រាវ និង​សាជីវកម្ម​នៅ​ទូទាំង​ពិភពលោក ។ នេះ​គឺជា​កិច្ចប្រឹងប្រែង​ព្យាយាម​ច្របាច់​បញ្ចូល​គ្នា​នូវ​គំនិត​ច្នៃប្រឌិត​ផ្សេងៗ និង​បង្កើត​ផលិតផល និង​សេវាកម្ម​ប្រកបដោយ​ភាព​ច្នៃប្រឌិត​សម្រាប់​ទីផ្សារ ក៏ដូចជា​ដើម្បី​ពង្រឹងសមត្ថភាព​របស់​យើង​ក្នុងការ​ដោះស្រាយ​តម្រូវការ​របស់​អតិថិជន​បាន​ឆាប់រហ័ស និង​ប្រកបដោយ​ភាពជាក់លាក់​”​។​

​សេចក្តីប្រកាស​នេះ ក៏​បង្ហាញ​ផងដែរ​ថា សម្រាប់​ឆមាស​ទី​១​នេះ នៅក្នុង​តំបន់​អាស៊ាន (​មិន​រាប់បញ្ចូល​ប្រទេស​ថៃ​) ក្រុមហ៊ុន​រកបាន​ចំណូល​ពី​ការលក់​ស្មើនឹង​ទឹកប្រាក់ ៦.០៤៧ ពាន់​លាន​រៀល (​ឬ ១.៤៩៨ លាន​ដុល្លារ​អាមេរិក​) ដែលជា​ការកើនឡើង ៥% ធៀប​នឹង​ឆ្នាំមុន និង​ស្មើនឹង ២៤% នៃ​ប្រាក់ចំណូល​ពី​ការលក់​សរុប​របស់​ក្រុមហ៊ុន អេស ស៊ី ជី ទាំងមូល​។ គិត​ត្រឹម​ថ្ងៃទី​៣០ មិថុនា ឆ្នាំ​២០១៧ ទ្រព្យសកម្ម​សរុប​រប​ស់​ក្រុមហ៊ុន អេស ស៊ី ជី ទាំងមូល គឺមាន​ចំនួន​ទឹកប្រាក់ ៦៦.៥៥១ ពាន់​លាន​រៀល (​ឬ ១៦.២៥៤ លាន​ដុល្លារ​អាមេរិក​)​។

​សម្រាប់​សកម្មភាព​សង្គម​នៅ​កម្ពុជា​វិញ កាលពីពេល​ថ្មីៗ​កន្លងទៅ ក្រោម​កិច្ចសហការ​ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក្រុមហ៊ុន​បានរៀបចំ​ព្រឹត្តិការណ៍​បាល់ទាត់​សប្បុរសធម៌ SCG Muangthong United ASEAN Tour ឆ្នាំ​២០១៧ ដែលជា​ការប្រកួត​លក្ខ​ណៈ​មិត្តភាព​សារជាថ្មី រវាង​ក្រុមបាល់ទាត់ SCG Muangthong United និង K-Cement Cambodia All Stars នៅឯ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ក្នុង​រាជធានី​ភ្នំពេញ ។ ព្រឹត្តិការណ៍​នោះ​មាន​គោលបំណង​លើកស្ទួយ​កីឡាបាល់ទាត់​នៅ​កម្ពុជា និង​អភិវឌ្ឍ​កីឡាករ​បាល់ទាត់​កម្ពុជា​ឲ្យ​ឈានឡើង​មួយកម្រិត​ទៀត ហើយ​មូលនិធិ​ទាំងអស់​ដែល​ប្រមូលបាន​ពី​ការលក់​សំបុត្រ និង​វត្ថុ​អនុស្សាវរីយ៍​ក្នុងអំឡុងពេល​ប្រកួត នឹងត្រូវ​ប្រគល់​ទៅ​ឲ្យ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​៕ដោយ៖មុនីរត្ន

ទីតាំងផ្សាយពាណិជ្ជកម្ម