ទូត​ឥណ្ឌូណេស៊ី កោតសរសើរ ពី​ការបោះឆ្នោត​នៅ​កម្ពុជា ,​ពិតជា​មាន សន្តិសុខ និង​សុវត្ថិ​ភាពល្អ​

1006
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ លោក​ឯកអគ្គរដ្ឋទូត​សារ​ធារ​ណ​រដ្ឋ​ឥណ្ឌូណេស៊ី ប្រចាំ​កម្ពុជា បាន​វាយតម្លៃ និង​ថ្លែង​ការកោតសរសើរ ចំពោះ​ការរៀបចំ​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​កម្ពុជា បានបង្ហាញ​ឲ្យ​ឃើញ​ពី​សកម្មភាព នៃ​ការរៀបចំ​ប្រព្រឹត្តិ​ទៅ​ប្រកបដោយ សន្តិសុខ សុវត្ថិភាព​យ៉ាង​ល្អ ជូន​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​។​
​លោក ស៊ូ​ឌី​ម៉ាន់ ហា​សេន ឯកអគ្គរដ្ឋទូត​សារ​ធារ​ណ​រដ្ឋ ឥណ្ឌូណេស៊ី បានការ​លើកឡើង​យ៉ាង​ដូច្នេះ នៅក្នុង​ឱកាស អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ជាមួយ លោក ឃួ​ង ស្រេង អភិបាល​រា​ធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី ១៣ ខែសីហា ឆ្នាំ​២០១៨ នៅ​សាលា​រាជធានី​ភ្នំពេញ​។​
​ក្នុងឱកាស​នោះដែរ លោក ស៊ូ​ឌី​ម៉ាន់ ហា​សេន បានបញ្ជាក់ អំពី​ស្ថានភាព​ប្រព្រឹត្តទៅ នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​កម្ពុជា បាន​ប្រព្រឹត្ត​ទៅដោយ​រលូន ត្រឹមត្រូវ សេរី និង​យុត្តិធម៌ ជូន​ដល់​ប្រជាពលរដ្ឋ ស្រប​ពេលដែល លោក​បានមក​បំពេញបេសកកម្ម​ការទូត​នៅក្នុង​ប្រទេស​កម្ពុជា មុនពេល ក្នុងពេល និង​ក្រោយពេល​បោះឆ្នោត​។​លោក​ឯកអគ្គរដ្ឋទូត នូវបាន​បញ្ជាក់ទៀតថា ឥណ្ឌូណេស៊ី​នឹង​បន្ត​ធ្វើអោយ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ ការទូត ជាពិសេស​បន្ត​ជម្រុញ ឱ្យមាន​ការ​មក​បណ្តាក់​ទុនវិនិយោគ និង​ធ្វើ​ទេសចរណ៍​ឱ្យ​កាន់តែច្រើន​ថែមទៀត រវាង ប្រទេស​ទាំងពីរ​កម្ពុជា​-​ឥណ្ឌូណេស៊ី​។​
​ជាការ​ឆ្លើយតប​ក្នុងឱកាស​នោះ​លោក ឃួ​ង ស្រេង បាន​ជម្រាបជូន​ពី​ការរីកចម្រើន របស់​រាជធានី​ភ្នំពេញ ជាមួយនិង​ការកើនឡើង នៃ​កំណើនសេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស តាមរយៈ​ការ​មក​បណ្តាក់​ទុនវិនិយោគ និង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ ក្រៅពីនេះ ក៏មាន​កំណើនប្រជាជន មក​រស់នៅក្នុង​រាជធានី​ភ្នំពេញ ក៏មាន​ការកើនឡើង ដែល​មកដល់ពេលនេះ មាន​ប្រមាណ​ជិត​៣​លាន​នាក់ កំពុង​រស់នៅ​។ ទាក់ទង​និង​ការរីកចម្រើន​នេះដែរ លោក អភិបាល ក៏បាន​លើកឡើង​ពី​បញ្ហា​ប្រឈម​មួយចំនួន ដែល​បាននិងកំពុង​ជួបប្រទះ ដូចជា បញ្ហា​ចរាចរណ៍ បញ្ហា​សំរាម និង​បញ្ហា​បរិស្ថាន ដែល​ទាមទារ​ឲ្យ មានការ​ដោះស្រាយ​។​
​ជាពិសេស​ទៀត​នោះ​លោក ឃួ​ង ស្រេង បានលើកឡើង​ពី​ភាពជោគជ័យ ក្នុងការ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ កន្លងទៅនេះ ដោយ​មិនបាន​បង្ក​ភាពភ័យខ្លាច ដល់​ប្រជាពលរដ្ឋ ចំពោះ​ការរស់នៅ ក៏ដូចជា​ការប្រកប​អាជីវកម្ម​ផ្សេងៗ ខុសពី​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ឆ្នាំ​២០១៣ ដែល​ទាំងនេះ គឺ​បានកើត​ចេញពី​ការខិតខំ​ប្រឹងប្រែង របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន សម្តេច អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន ជា​នាយ​រដ្ឋមន្ត្រី បាន​ខិតខំ ដើម្បី​បំរើប្រជាជន និង​ប្រទេសជាតិ ។​
​គួរ​បញ្ជាក់ថា នៅ​ថ្ងៃទី​១៧ ដល់​ថ្ងៃ​២០ ខែកញ្ញា ឆ្នាំ​២០១៨ ខាងមុខនេះ ឥណ្ឌូណេស៊ី និង កម្ពុជា នឹង​សហការគ្នា​រៀបចំ ពិព័រណ៍​ពាណិជ្ជកម្ម ទេសចរណ៍ នៅ​មជ្ឈមណ្ឌល់​ពិព័រណ៍ និង​សន្និបាទ​កោះ​ពេជ្រ​ដោយមាន​ជាង​១០០​ក្រុមហ៊ុន មក​ធ្វើការ​ដាក់តាំង​បង្ហាញ​នូវ​ផលិតផល​របស់ខ្លួន​៕

ទីតាំងផ្សាយពាណិជ្ជកម្ម