បើក​ម៉ូតូ​ដួល​ដោយ​ខ្លួនឯង​បណ្តាល​ឱ្យស្លាប់​នៅនឹងកន្លែង​

1096
ចែករម្លែក

ដោយ​: បូកគោ / កែប​: បុរស​ម្នាក់​បាន​ស្លាប់​នៅនឹងកន្លែង បន្ទាប់ពី​ជួប​គ្រោះថ្នាក់​បើក​ម៉ូតូ​ដួល​ដោយ​ខ្លួនឯង កាលពី​អធ្រាត្រ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៨​។ ហេតុការណ៍​នេះ បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣​អា ត្រង់ចំណុច​មុខ​សាលា​ក្រុងកែប ក្នុង​ទឹកដី​ភូមិ​កំពង់ត្រឡាច សង្កាត់​ព្រៃធំ ក្រុងកែប​។​

​តាម​ការ​ប្រាប់​ឱ្យដឹងពី​មន្ត្រីនគរបាល​មូលដ្ឋាន​ថា ជនរងគ្រោះ​ក្នុង​ហេតុការណ៍​នេះ​ឈ្មោះ ញឹ​ប អឺ​ង អាយុ ៣០​ឆ្នាំ មុខរបរ​ជា​នេសាទ មាន​ទីលំនៅ​ភូមិ​អំពេ​ង ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។ ប្រភព​ដដែល​បាន​រៀបរាប់ថា នា​វេលា​ទៀបភ្លឺ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៨ មានការ​ភ្ញាក់ផ្អើល​មួយ​បានកើត​ឡើង បន្ទាប់ពី​អ្នកដំណើរ​ប្រទះឃើញ​សព​បុរស​ម្នាក់ ស្ថិតនៅ​ក្បែរ​ម៉ូតូ​ត្រង់ចំណុច​មុខ​សាលា​ក្រុងកែប លើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣​អា​។ ទទួលបាន​ព័ត៌មាន​ភ្លាមៗ សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ដើម្បី​ស្រាវជ្រាវ​ពី​ករណី​មនុស្ស​ស្លាប់​នេះ​។

​ក្រោយពី​ធ្វើ​កោសល​វិច័យ​ដោយ​ពិនិត្យ​គ្រប់​ស្លាកស្នាម​នា​ចំណុច និង​ក្បែរ​កន្លែងកើតហេតុ​រួចរាល់ សមត្ថកិច្ច​សន្និដ្ឋានថា បុរសរងគ្រោះ​បាន​ជិះ​ម៉ូតូ​ដួល​ដោយ​ខ្លួនឯង ហើយ​ករណីនេះ អាច​កើតឡើង​ចន្លោះ​ម៉ោង​១១​ទៅ​ម៉ោង​១២​កណ្តាលអធ្រាត្រ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៨ ខណៈដែល​នៅលើ​ដងផ្លូវ​មិនមាន​អ្នកណា​ធ្វើដំណើរ​នោះ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម