ព្យុះ​ថ្មី​មួយទៀត ឈ្មោះ បេ​ប៉ី​ន​កា នឹង​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​តំបន់​ទន្លេមេគង្គ ចាប់ពី​ថ្ងៃទី​១៧-១៨ ខែសីហា​

1437
ចែករម្លែក

ដោយ​: ប​.​ខុន​, ម៉េង​ឆៃ​/​ភ្នំពេញៈ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាស​ពី​ព្យុះ​ថ្មី​មួយទៀត គឺ​ព្យុះ​ទី​១៦ មាន​ឈ្មោះថា បេ​ប៉ី​ន​កា ( BEBINCA ) ដែល​នឹង​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន នៅ​តំបន់​ទន្លេមេគង្គ នៅ​ថ្ងៃទី​១៧ និង​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៨​។​

​សេចក្តីជូនដំណឹង​រប​ស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បង្ហាញថា នៅ​ព្រឹក​ថ្ងៃទី​១៣ ខែសីហា វិ​សម្ពាធ ដែល​កំពុងស្ថិត​នៅក្បែរ​តំបន់ឆ្នេរ​ភាគខាងត្បូង​ប្រទេស​ចិន បាន​វិ​វត្ត​ខ្លួន ទៅជា​ព្យុះ​ទី​១៦ ឈ្មោះ​បេ​ប៉ី​ន​កា​(BEBINCA)​។​យោងតាម​ការ​ព្យាករ​ព្យុះ​នេះ​នឹងធ្វើ​ដំណើរ​មកដល់​ភាគ​ខាងជើង​ប្រទេស​វៀតណាម​នៅ​ថ្ងៃទី​១៨​ខែសីហា​ឆ្នាំ​២០១៨​។​បន្ទាប់ពី​ព្យុះ​នេះ​អស់​ឥទ្ធិពល​នឹងមាន​ប្រព័ន្ធ​សម្ពាធ​ទាប​មួយ កើតឡើង ហើយ​អូស​កាត់​ពីលើ​អាង​ទន្លេមេគង្គ ក្នុងប្រទេស​ថៃ និង​ប្រទេស​ឡាវ​។​

​សេចក្តីជូនដំណឹង​រប​ស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចុះ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៨ បង្ហាញថា យោង តាម​ការ​ព្យាករ​លក្ខណៈ​បែបនេះ​នឹងធ្វើ​ឲ្យ​អាកាសធាតុ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ស្ថានភាព ដូចខាង ក្រោម​៖

១-​តំបន់​មាត់សមុទ្រ ពិសេស​ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ នឹងមាន​ភ្លៀង​បន្ត​ធ្លាក់​ច្រើន​។ លើ​ផ្ទៃសមុទ្រ មាន​ភ្លៀង និង​ខ្យល់​បក់បោក​ខ្លាំង និង​មាន​រលក​ខ្ពស់ៗ​។ ២-​តំបន់​ខ្ពង់រាប​ភាគ​ឦសាន អាច​នឹងមាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ ទៅ​ច្រើន​។ ៣-​បណ្តា​រាជធានី​-​ខេត្ត ដទៃទៀត អាច​នឹងមាន​ភ្លៀង​ធ្លាក់​ពី​តិច ទៅ​បង្គួរ​។ ៤-​តំបន់​អាង​ទន្លេមេគង្គ នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន ចាប់ពី​ថ្ងៃទី​១៧-១៨ ខែសីហា និង​ជាពិសេស​បន្ទាប់ពី​ព្យុះ​អស់​ឥទ្ធិពល​។​

​ក្រសួង​ធនធានទឹក បានប្រកាស​អំពាវនាវ​ដល់​សាធារណជន ពិសេស​បងប្អូន​ប្រជា​នេសាទ និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ​ទាំងអស់​បង្កើន​ការយកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់​ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជាយថាហេតុ​។​

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ក៏បាន​ប្រកាសថា​បាននិងកំពុង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​បាតុភូត​ធម្មជាតិ​នេះ ហើយនឹង​ជម្រាបជូន​ព័ត៌មាន​ជា​បន្តបន្ទាប់​ទៀត ក្នុងករណី​ចាំបាច់​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម