អនាគត​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន លោក អ៊ី​ម​រ៉ា​ន់ ខាន់ ស្បថ​ធ្វើជា​សមាជិកសភា បន្ទាប់ពី​ទទួល​ការអបអរ​តាម​ទូរស័ព្ទ​ពី​ស្តេច​អា​រ៉ា​ប៊ី​សា​អូឌីត​

829
ចែករម្លែក

​អតីត​កំពូល​កីឡាករ​គ្រី​ឃី​ត​ប្រែ​មកជា​អ្នកនយោបាយ​លោក​អ៊ី​ម​រ៉ា​ន់ ខាន់​បាន​ស្បថ​ធ្វើជា​អ្នកនយោបាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៣​សីហា បន្ទាប់ពី​គណបក្ស​របស់លោក​បាន​ឈ្នះ​ការបោះឆ្នោត​ទូទៅ​នៅ​ប៉ា​គី​ស្ថាន​កាលពី​ខែ​មុន​។​

​លោក​ខាន់​បាន​ស្បថ​ធ្វើជា​សមាជិកសភា​ជាមួយ​អ្នកនយោបាយ​ដទៃទៀត​កាលពី​ថ្ងៃ​ចន្ទ​នៅក្នុង​ពិធី​ខ្លី​មួយ​នៅក្នុង​រដ្ឋសភា​។​

​ហើយ​លោក​ខាន់ ដែល​បានទទួល​ការអបអរសាទរ​តាម​ទូរស័ព្ទ​ពី​ព្រះមហាក្សត្រ​អា​រ៉ា​ប៊ី​សា​អូឌីត សាល់​ម៉ាន់ បន្ទាប់ពី​ទទួលបាន​ជោគជ័យ​នៅក្នុង​ការបោះឆ្នោត នឹង​ស្បថ​ចូលកាន់​តំណែង​នាយករដ្ឋមន្ត្រី​នៅក្នុង​ពិធី​មួយ​នៅ​ថ្ងៃ​សៅរ៍ ទី​១៨ សីហា​។​

​ពិធី​សច្ចាប្រណិធាន​កាលពី​ថ្ងៃ​ចន្ទ​គឺជា​លើកទីមួយ​ហើយ​ដែល​សភា​ជាប់ឆ្នោត​ថ្មី​របស់​ប៉ា​គី​ស្ថាន​បាន​កោះប្រជុំ​ចាប់តាំងពី​ការបោះឆ្នោត​។​

​រដ្ឋសភា​នឹង​ជ្រើសរើស​ប្រធាន​និង​អនុប្រធាន​របស់ខ្លួន​នៅ​ថ្ងៃ​ពុធ​ទី​១៥​សីហា និង បោះឆ្នោត​គាំទ្រ​បេក្ខជន​នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃ​ព្រហស្បតិ៍​។​

​គណបក្ស​ថា​រីក​អេ​អ៊ី​ន​សា​ហ្វ​របស់លោក​ខាន់​បានឈ្នះ ១១៥ អាសនៈ​នៅក្នុង​ការបោះឆ្នោត​ថ្ងៃទី ២៥ ខែកក្កដា ដែល​តម្រូវឱ្យ​បង្កើត​រដ្ឋាភិបាលចម្រុះ​។​

​នៅ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ការបោះឆ្នោត អ្នកនាំពាក្យ​គណបក្ស​លោក ហ្វា​វ៉ាដ ចូ​ដ​រី បាន​និយាយថា អ្នកនយោបាយ​ជាច្រើន​បាន​ចូលរួម​នៅក្នុង​ថ្នាក់ដឹកនាំ​របស់​គណបក្ស ហើយ​ឥឡូវនេះ​គណបក្ស​នេះ​ទទួលបាន​ការគាំទ្រ​ពី​សមាជិកសភា​ចំនួន ១៨០ នាក់​បន្ទាប់ពី​អ្នកនយោបាយ​ស្រី​ជាច្រើនរូប បក្ស​តូចៗ និង បក្ស​ឯករាជ្យ​មួយចំនួន​បាន​ចូលរួម​ជាមួយ​លោក​ខាន់​។​

​លោក​ខាន់​ត្រូវការ​សំឡេងឆ្នោត ១៧២ ប៉ុណ្ណោះ​ដើម្បី​ក្លាយជា​នាយករដ្ឋមន្ត្រី​។​

​លោក​ខាន់​បានធ្វើ​យុទ្ធនាការ​ផ្អែកលើ​ការសន្យា​បង្កើត “​ប៉ា​គី​ស្ថាន​ថ្មី​” ដោយ​នាំមក​នូវ​យុត្តិធម៌​សម្រាប់​មនុស្ស​គ្រប់រូប ជាមួយ​ការសន្យា​លុបបំបាត់​អំពើពុករលួយ​និង​ជួយ​អ្នកក្រីក្រ​៕ ដោយ៖ កញ្ញាដាលីស

លោក​ខាន់​ត្រូវការ​សំឡេងឆ្នោត ១៧២ ប៉ុណ្ណោះ​ដើម្បី​ក្លាយជា​នាយករដ្ឋមន្ត្រី

ទីតាំងផ្សាយពាណិជ្ជកម្ម