ចិន​បដិសេធថា​ខ្លួន​មិនបាន​ឃុំខ្លួន​ជនជាតិ​អ៊ុយ​ហ្គួ​រ​មួយ​លាន​នាក់​ទេ​

3160
ចែករម្លែក
  • 9
    Shares

ចិនបាននិយាយថា របាយការណ៍ដែលថាខ្លួនឃុំខ្លួនជនអ៊ុយហ្គួរអ៊ីស្លាមមួយលាននាក់នៅតំបន់ស៊ីនជាំងនោះ”មិនពិតទាំងស្រុង” ដោយពួកមន្រ្តីចិនបាននិយាយថាជនជាតិអ៊ុយហ្គួររីករាយនឹងសិទ្ធិសេរីភាពពេញលេញ តែ”ពួកដែលត្រូវបោកប្រាស់ដោយភាពជ្រុលនិយមសាសនា…គួរត្រូវមានជំនួយដោយការតាំងទីលំនៅថ្មីនិងការអប់រំកែប្រែជាថ្មី”។

ការបដិសេធរបស់ចិននៅឯកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិមួយនៅក្រុងហ្សឺណែវ ជាប្រតិកម្មតបទៅនឹងការព្រួយបារម្ភដែលថា តំបន់ស៊ីនជាំងរបស់ចិននេះ “ផ្តុំដោយជំរំឃុំឃាំងដ៏ធំមួយ”។

តំបន់ស៊ីនជាំងនេះជួបអំពើហិង្សាផ្ទៃក្នុង អស់ពេលយូរឆ្នាំមកហើយក្រោយមានការបង្រ្កាប។ចិនបន្ទោសពួកសកម្មប្រយុទ្ធនិងពួកផ្តាច់ខ្លួនអ៊ីស្លាមថាជាអ្នកបង្កឡើងបញ្ហា។

ចិនបានបញ្ជូនគណៈប្រតិភូមួយទៅកាន់កិច្ចប្រជុំរយៈពេល២ថ្ងៃរបស់គណៈកម្មាធិការអង្គការសហប្រជាជាតិស្តីពីការកំចាត់ចោលការរើសអើងជាតិសាសន៍។

កាលពីថ្ងៃសុក្រ សមាជិកម្នាក់របស់គណៈកម្មាធិការនេះលោកស្រី ហ្គេ ម៉ាក់ដូហ្កាល់បាននិយាយថាលោកស្រីមានការព្រួយបារម្ភដោយទទួលបានព័ត៌មានថារដ្ឋាភិបាលក្រុងប៉េកាំងបាន”ប្រែក្លាយតំបន់ស្វយ័តអ៊ុយហ្គួរទៅជាអ្វីមួយដែលផ្តុំដោយជំរំឃុំឃាំងដ៏ធំមួយ”។

ការជាឆ្លើយតប ហ៊ូ លៀនហឺ នាយករងនៃនាយកដ្ឋានការងាររណសិរ្សនៃគណៈកម្មាធិការមជ្ឈិមបក្សចិន បាននិយាយថា”ពលរដ្ឋស៊ីនជាំង រួមទាំងជនជាតិអ៊ុយហ្គួររីករាយនឹងសិទ្ធិនិងសេរីភាពស្មើគ្នា។ការលើកឡើងថាជនអ៊ុយហ្គួរមួយលាននាក់ត្រូវបានចាប់ឃុំខ្លួនជាការមិនពិតទាំងស្រុង”។

ក្នុងពេលជាមួយគ្នា​កាសែតភាសាអង់គ្លេសGlobal Times របស់រដ្ឋចិន បានការពារវិធានការសន្តិសុខតឹងរឹងនៅក្នុងតំបន់នេះ ដោយកាសែតនិយាយថាគឺដើម្បីការពារកុំអោយប្រែក្លាយទៅជា”ស៊ីរីនៅចិន” ឬ “លីប៊ីនៅចិន”។

អ៊ុយហ្គួរ គឺក្រុមជនជាតិភាគតិចអ៊ីស្លាមនៅខេត្តស៊ីនជាំងរបស់ចិន។ពួកគេផ្សំបាន៤៥ភាគរយនៃប្រជាពលរដ្ឋនៅតំបន់នោះ។វាត្រូវបានប្រកាសជាតំបន់ស្វយ័តក្នុងប្រទេសចិនដូចទីបេតិ៍ដែរ៕ដោយ៖វាសនា

ចិនបដិសេធថាមិនមានជំរំឃុំឃាំងដ៏ធំនៅស៊ីនជាំងដូចរបាយការណ៍ខ្លះនោះទេ

ទីតាំងផ្សាយពាណិជ្ជកម្ម