ឌូ​តឺ​តេ​និយាយថា គាត់​នឹង​ទម្លាក់​គ្រាប់បែក​លើ​សាលារៀន​ណា​ដែល​បង្ហាត់បង្រៀន​ក្មេងៗ​អំពី​វិទ្ធង្សនា​

1762
ចែករម្លែក

​ក្តីបារម្ភ​បាន​កើនឡើង ពេលដែល​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ បង្ហាញថា សង្គ្រាម​លើ​គ្រឿងញៀន​អាច​រីក​រាលដាល​លើ​សាលារៀន​កុលសម្ព័ន្ធ ដែល​លោក​និយាយថា​នឹង​វាយប្រហារ​តាម​អាកាស​លើ​សាលា​ទាំងអស់នោះ បើ​ពួកគេ​បង្ហាត់បង្រៀន​អំពី “​វិទ្ធង្សនា និង លទ្ធិ​កុំម្មុយនីស្ត​”​។​

​បន្ទាប់ពី​ថ្លែង​សុន្ទរកថា​កាលពី​យប់​ថ្ងៃ​ចន្ទ ទី​២៤ កក្កដា លោក​ឌូ​តឺ​តេ​បាន​ប្រាប់​អ្នកកាសែត​ថា “​ខ្ញុំ​នឹង​ទម្លាក់​គ្រាប់បែក​លើ​សាលា​ទាំងអស់នោះ​។ ខ្ញុំ​នឹង​ប្រើ​កងកម្លាំងប្រដាប់អាវុធ ពោលគឺ​កងទ័ពអាកាស​ហ្វីលីពីន​…​ពីព្រោះ​អ្នកឯង​កំពុង​ធ្វើ​ប្រតិ​ប​ត្ត​ការខុសច្បាប់ ហើយ​អ្នកឯង​កំពុង​បង្រៀន​ក្មេងៗ​ឱ្យ​ងើប​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​”​។

​សម្តី​របស់​ប្រមុខរដ្ឋ​រូបនេះ​បាន​ញ៉ាំងឱ្យ​មានការ​ថ្កោលទោស​ពី​ក្រុម​សិទ្ធិមនុស្ស​ដូចជា អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស ដែល​ព្រមាន​ថា លោក​ឌូ​តឺ​តេ​នឹង​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម ប្រសិនបើ​គាត់​ធ្វើតាម​ការ​គំរាម​របស់គាត់​។

​ក្រោយមក លោក​ប្រធានាធិបតី​បានបញ្ជាក់​ឡើងវិញ​ថា លោក​ចង់​មានន័យថា គ្រាន់តែ​បំផ្លាញ​រចនាសម្ព័ន្ធ​រប​ស់​សាលា​ប៉ុណ្ណោះ ខណៈដែល​លោក​និយាយថា ពួកគេ​បង្រៀន​ក្មេង​ឱ្យធ្វើជា​ជន​បះបោរ ប៉ុន្តែ​គាត់​មិន​មានបំណង​ធ្វើបាប​ក្មេងៗ​ទេ​។​

​សម្តី​របស់លោក​ឌូ​តឺ​តេ​ធ្វើឡើង ចំ​ពេលដែល​កំពុងមាន​ជម្លោះ​ហិង្សា​រវាង​ពួក​បះបោរ​ម៉ៅ​និយម​នៅលើ​កោះ​មិន​ដា​ណាវ និង កងកម្លាំង​រដ្ឋាភិបាល ក្នុងនោះ​រួមទាំង​ការ​វាយឆ្មក់​កាលពី​សប្តាហ៍​មុន ដែល​បង្ក​របួស​ដល់​អ​ង្គ​រក្ស​ប្រធានាធិបតី​ចំនួន ៥ នាក់​៕ ដោយ៖ កញ្ញាដាលីស

លោក​រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ