រដ្ឋមន្ត្រី​បរិស្ថាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទៅកម្សាន្តតំបន់​ធម្មជាតិ​ដើម្បី​ការពារ​ព្រៃ​

1666
ចែករម្លែក
លោកសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាននិងក្រុមការងារទៅពិនិត្យនិងទស្សនាតំបន់ធម្មជាតិកម្ពុជាកាលពីពេលថ្មីៗនេះ(រូបបរិស្ថាន)

​លោក សាយ សំ​អាល់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ធ្វើដំណើរ​កំសាន្ត​ទៅកាន់​តំបន់ធម្មជាតិនានា​នៅក្នុង​ប្រទេស​កម្ពុជា​ដើម្បីបានឃើញសម្រស់ព្រៃឈើ​កម្ពុជា​ដោយផ្ទាល់​។ការអំពាវនាវ​នេះបន្ទាប់ពីលោករដ្ឋមន្រ្តីវ័យក្មេងរូបនេះបានចំណាយ​ពេលជាច្រើនថ្ងៃ​ជាមួយមន្រ្តីក្រុមការងារធ្វើដំណើរ​ទៅកាន់តំបន់ធម្មជាតិនានានៅភាគខាងជើងនិងពាយ័ព្យនៃប្រទេសកាលពីចុងនិងក្នុងសប្តាហ៍នេះ។

​លោក​រដ្ឋមន្ត្រីនិយាយថា ដើម្បី​ការពារ​ព្រៃ​ឱ្យនៅ​គង់វង្ស​នោះ ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​ដែល​បច្ចុប្បន្ន​សុទ្ធសឹងតែ​ជា​អ្នកស្វែងរក​ដំណើរ​កំសាន្ត​ចុង​សប្តាហ៍​គួរតែ​ធ្វើដំណើរ​ទៅកាន់​តំបន់​អភិរក្ស សហគមន៍​ព្រៃឈើ ឬ​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​នៅក្នុង​ប្រទេស​ដែលជា​តំបន់​សក្តានុពល​។​លោក​​​បន្ត​ដោយបង្ហាញហេតុផលថា “​នៅពេល​ដែលមាន​ភ្ញៀវ​ទេសចរ​ទៅកាន់​តំបន់​អភិរក្ស ឬ​សហគមន៍ព្រៃឈើ នោះ​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​នឹង​ទទួលបាន​ចំណូល​ពី​ភ្ញៀវ​ទេសចរ​ដោយ​គាត់​បាន​ក្លាយជា​អ្នក​នាំ​ផ្លូវ អ្នកផ្គត់ផ្គង់​ម្ហូបអាហារ​បាយទឹក និង​អាហារ​ផ្សេងៗ​ជូន​ដល់​ភ្ញៀវ​ទេសចរ​។ ពលរដ្ឋ​សហគមន៍​នឹង​លែង​កាប់​ព្រៃ ហើយ​បែរមក​ថែរក្សា​ព្រៃឈើ​ជំនួស​វិញ​ព្រោះ​ក្រៅពី​ទទួលបាន​ចំណូល​ពី​ភ្ញៀវ​ទេសចរ។​ពលរដ្ឋ​ក្នុង​សហគមន៍​ផ្ទាល់នៅតែ​អា​ចរក​ផល្លានុផល​ព្រៃឈើ​បន្ថែមទៀត​ដើម្បី​បង្កើន​ប្រាក់ចំណូល​ក្នុង​គ្រួសារ​”​។​

​លោកបន្ថែមថា​ “​នេះ​គឺជា​ការ​ប្រែក្លាយ​ជីវភាព​របស់​ប្រជាពលរដ្ឋ​នៅ​សហគមន៍​យ៉ាងពិត​ប្រាកដ និង​ជាការថែរក្សា​បាន​នូវ​ធនធានធម្មជាតិ​ដែល​ស្របទៅតាម​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​រដ្ឋាភិបាល​”​។​

​សូមបញ្ជាក់ថា កម្ពុ​ជាមាន​ផ្ទៃ​ព្រៃ​ការពារ​ប្រមាណ​៧​លាន ៥​សែន​ហិកតា​ដែលមាន​សហគមន៍​ព្រៃឈើ​ចំនួន​១៥០​សហគមន៍ និង​តំបន់​អភិរក្ស​ធម្មជាតិ​ចំនួន​៤៦​កន្លែង​ដែល​កំពុង​រងចាំ​ទទួលភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​។ តំបន់​ធម្មជាតិ​ទាំងនោះ​ដូច​ជាតិ តំបន់​ទេសចរណ៍ធម្មជាតិ​ជី​ផាត់ គីរីរម្យ ចំបក់ តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ត្បែង និង តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ជាដើម​៕​ដោយៈបញ្ញាសាស្រ្ត

ទីតាំងផ្សាយពាណិជ្ជកម្ម