មន្ត្រី​និង​អ្នកស្រាវជ្រាវ​ជជែក​ពី​គម្រោង​អភិវឌ្ឍន៍​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​

1015
ចែករម្លែក

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ឲ្យដឹងថា នៅ​ការិយាល័យ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា មាន​ជំនួប​មួយ​រវាង​លោក មូល សា​រិទ្ធី អគ្គលេខាធិការ និង​ជា​តំណាង​លោក សុខ ពុ​ទ្ធី​វុ​ធ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ជាមួយ លោក យ៉ុង ម៉ា​ឡា​(Ung Malar )​មកពី​ស្ថាប័ន​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​(SBK)​ជួបពិភាក្សា​ស្តីពី​គម្រោង​អភិវឌ្ឍន៍​វិស័យ​ស្រូវ​អង្ករ​(Rice Sector Development Program) ក្រោម​ប្រភព​ទុន​ពី​ធនាគារ​អភិវឌ្ឍន៍អាស៊ី​(ADB)​។​ជំនួប​នេះ​បាន​កើតឡើង​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​។​

លោក មូល សា​រិទ្ធី អគ្គលេខាធិការ និង​ជា​តំណាង​លោក សុខ ពុ​ទ្ធី​វុ​ធ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក យ៉ុង ម៉ា​ឡា​(Ung Malar )​មកពី​ស្ថាប័ន​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​(SBK)​ជួបពិភាក្សា​ស្តីពី​គម្រោង​អភិវឌ្ឍន៍​វិស័យ​ស្រូវ​អង្ករ​(​រូបថត​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​)

​ ​ប្រភព​ដដែល​បន្តថា​តាមរយៈ​ការបង្ហាញ​របស់លោក Ung Malar កន្លងមក​គម្រោង​នេះ​បាន​សិក្សា​នៅលើ​ខេត្ត​ចំនួន​បី​រួមមាន​ខេត្តព្រៃវែង ខេត្តកំពង់ធំ និង​ខេត្តបាត់ដំបង ហើយ​ផ្តោតលើ​ភូមិ​ចំនួន​៩០ (​ក្នុង​មួយ​ខេត្ត​៣០​ភូមិ​) និង​មាន​ប្រព័ន្ធ​ស្រោចស្រប​ដែល​អាច​គ្របដណ្តប់​លើ​ផ្ទៃដី​បាន​រហូតដល់​១០.៣០០​ហិកតា​ដោយបាន​សហការ​ជាមួយ​ក្រសួង​មួយចំនួន ដើម្បី​អនុវត្ត​គម្រោង​ជួយ​ដល់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា ដូចជា ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ រៀបចំ​ធ្វើ​ផែនការ​ក្សេ​ត្ត​បរិស្ថាន ដើម្បី​កំណត់​តើ​តំបន់​ណា​ត្រូវ​ជាមួយ​ដំណាំ​ប្រភេទ​អ្វី ជា​ដើម​។​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ រៀបចំ​ធ្វើ​ផែនការអភិវឌ្ឍន​ឃុំ ដើម្បី​កំណត់ថា​តំបន់​ណា​ទុក​ធ្វើ​កសិកម្ម តំបន់​ណា​សម្រាប់​លំនៅឋាន ជាដើម​។ ពិសេស​គម្រោង​នេះ ខាង​ADB គ្រោង​នឹង​ផ្តល់​កម្ចី​រហូត​ដល់​​ជាង​បីលាន​ដុល្លា​ទៅកាន់​រោង​ម៉ាស៊ីន​និ​មួយៗ ក្នុងចំណោម​រោង​ម៉ាស៊ីន​ទាំង​១០ ដែល​គាត់​បាន​សិក្សា​កន្លងមក​។​
​ប្រភព​ដដែល​បន្ថែម​ឲ្យ​ដឹងថា​គោលបំណង​នៃ​ជំនួប​នេះ គឺ​ដើម្បី​ទទួលបាន​ព័ត៌មាន​អំពី​បច្ចុប្បន្នភាព​របស់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​។​ក្នុងឱកាស​នោ លោក មូល សា​រិទ្ធី ក៏បាន​ជម្រាបជូន​អំពី​ការរីកចម្រើន​នៃ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា និង​ការងារ​មួយចំនួនទៀត​ដែល​ទាមទា​ឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​បន្ត​ចូលរួម​ឱ្យ​កាន់តែច្រើន​។ ពិសេស​ការ​ជួយ​​ពិនិត្យ​លទ្ធភាព​ក្នុងការ​ផ្តល់​កម្ចី​ដែលមាន​អត្រា​ការប្រាក់​ទាប​ដល់​រោង​ម៉ាស៊ីន និង​ដល់​សហគមន៍​កសិកម្ម ព្រោះ​កន្លងមក​ខាង​សហគមន៍​កសិកម្ម​នៅមាន​ការខ្វះខាត​ដើមទុន​ច្រើន ពិសេស​ដើមទុន​សម្រាប់​ការចាប់​ផ្តើម​ធ្វើ​ទំនើបកម្ម​កសិកម្ម​បាន​ដោយ​ខ្លួនឯង​។​

​ជា​លទ្ធផល​នៃ​ជំនួប​គឺ​ភាគី​ទាំងពីរ​ចែក​រំ​លែង​នូវ​បទពិសោធន៍ ក៏ដូចជា ព័ត៌មាន​ក្នុង​ការជួយ​ដល់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា និង​បន្ត​សហការគ្នា​ឱ្យ​កាន់តែ​ជិតស្និទ្ធ ដើម្បី​លើកស្ទួយ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា ក៏ដូចជា​សមាជិក​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​៕សរន

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ